COVID-19
ជាតិ
វ៉ាក់សាំង​ចិន ៧០​ម៉ឺន​ដូ​ស​ទៀត បាន​មកដល់​កម្ពុជា​ហើយ
31, Mar 2021 , 11:19 pm        
រូបភាព
វ៉ាក់សាំងស៊ីណូហ្វាម ៧០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើររបស់កងទ័ពជើងអាកាសចិន នាយប់ថ្ងៃទី ៣១ ខែមីនា ២០២១
វ៉ាក់សាំងស៊ីណូហ្វាម ៧០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើររបស់កងទ័ពជើងអាកាសចិន នាយប់ថ្ងៃទី ៣១ ខែមីនា ២០២១
ភ្នំពេញ​៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ៧០​ម៉ឺន​ដូ​ស ដែលជា​ជំនួយ​របស់​ប្រទេស​ចិន បាន​មកដល់​កម្ពុជា​ហើយ នា​យប់​ថ្ងៃទី ៣១ ខែមីនា​នេះ​។ វ៉ាក់សាំង​នេះ បាន​ដឹក​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងហោះហើរ​របស់​កងទ័ព​ជើង​អាកាស​ចិន​។


 
​ពិធី​ទទួល​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​របស់ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជាមួយ លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​។​
​ក្នុងចំណោម​វ៉ាក់សាំង ៧០​ម៉ឺន​ដូ​ស​មកដល់​នេះ ៤០​ម៉ឺន​ដូ​ស ជា​វ៉ាក់សាំង​ដែល​ចិន​សន្យា​ឱ្យ​លើកទីមួយ រីឯ ៣០​ម៉ឺន​ដូ​ស​ទៀត ជា​ជំនួយ​លើក​ទី​ពីរ​។  សរុប​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែល​ចិន​ឱ្យ​កម្ពុ​ជាមាន​ចំនួន ១​លាន ៣​សែន​ដូ​ស​។ 
 
​ចំពោះ​វ៉ាក់សាំង របស់​ក្រុមហ៊ុន Sinopharm នេះ នឹង​ប្រគល់ជូន​ក្រសួងការពារជាតិ ដើម្បី​ដាក់ចូល​ក្នុង​ឃ្លាំង នឹង​បន្ត​ចាក់​ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​។ 
 
​កន្លងមក កម្ពុជា​បានទទួល​វ៉ាក់សាំង ជាង​២​លាន​ដូ​ស ដោយ​ក្នុងនោះ មាន​វ៉ាក់សាំង​Sinopharm ចំនួន​៦០​ម៉ឺន​ដូ​ស ជា​ជំនួយ​ជំហាន​ទីមួយ​របស់​រដ្ឋា​ភិ​បាល​ចិន , វ៉ាក់សាំង COVISHIELD  ជាង​៣២​ម៉ឺន​ដូ​ស ដែល​កម្ពុជា​បាន​តាមរយៈ​យន្តការ COVAX និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Sinovac ប្រមាណ​១,៥​លាន​ដូ​ស ។ វ៉ាក់សាំង Sinovac ១,៥​លាន​ដូ​ស​នេះ គឺ​ចិន​លក់​ឱ្យ​កម្ពុជា ក្នុងតម្លៃ​១៥​លាន​ដុល្លារ ។​បានន័យថា ១​ដូ​ស តម្លៃ​១០​ដុល្លារ​។  
 
​គិត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា កម្ពុ​ជាមាន​ពលរដ្ឋ​ជាង ៤០​ម៉ឺន​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន ១៤​ម៉ឺន​នាក់ ជា​កង​កម្លាំងយោធា និង ២៦,២​ម៉ឺន​នាក់ ជា​ក្រុម​ពលរដ្ឋ​អទិភាព​៕  

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com