អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋបាលលោក បៃឌិន​ ដកទណ្ឌកម្មដែលដាក់លើរដ្ឋអាជ្ញា ICC ដោយលោក ត្រាំ
03, Apr 2021 , 12:30 pm        
រូបភាព
អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda ។ រូបថត AFP
អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda ។ រូបថត AFP
អាមេរិក នៅថ្ងៃទី២ ខែមេសា សម្រេចដកទណ្ឌកម្មដែលដាក់លើអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ការដកទណ្ឌកម្មនេះ នឹងជួយសម្រួលការខ្វែងគំនិតគ្នាជាមួយសម្ពន្ធមិត្តតំបន់អឺរ៉ុបដែលរិះគន់ចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ លើតុលាការអន្តរជាតិមួយនេះ។



រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មលើលោកស្រី Fatou Bensouda អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ និងមន្ត្រីតុលាការមួយចំនួនទៀត ក្រោយការស៊ើបអង្កេតលើសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន និងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ វិធានការដែលមានការហាមធ្វើដំណើរ និងមិនផ្ដល់ទិដ្ឋាការនេះ ធ្វើឱ្យអាមេរិករងការរិះគន់ខ្លាំង ពិសេសសម្ពន្ធមិត្តតំបន់អឺរ៉ុប។

នៅថ្ងៃទី២ ខែមេសា ប្រធានាធិបតី ចូ បៃឌិន សម្រេចចិត្តលុបចោលទណ្ឌកម្មនេះវិញ បើទោះជាអាមេរិកនៅតែមិនសប្បាយចិត្តនឹងការស៊ើបអង្កេតរបស់ ICC ក្ដី។ លោក បៃឌិន បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ការគំរាម និងទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងតុលាការ បុគ្គលិកតុលាការ និងអ្នកដែលជួយជ្រោមជ្រែង មិនមែនជាយុទ្ធសាស្រ្តត្រឹមត្រូវ ឬមានប្រសិទ្ធភាពឡើយ។

រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន វិញ លើកឡើងថា​ អាមេរិកនៅតែប្រឆាំងចំណាត់ការរបស់តុលាការពាក់ព័ន្ធសំណុំរឿងនៅអាហ្វហ្កានីស្ថាន និងអ៊ីស្រាអែល។ ប៉ុន្តែលោក ប្ល៊ីងខិន អះអាងថា អាមេរិកចង់ដោះស្រាយរឿងនេះតាមការជជែកគ្នា។

«យើងជឿថា​ ក្ដីបារម្ភរបស់យើងទាក់ទងសំណុំរឿងទាំងនេះ អាចត្រូវបានដោះស្រាយបានល្អតាមរយៈការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងដំណើរការរបស់ ICC ជាជាងការដាក់ទណ្ឌកម្ម។» លោក ប្ល៊ីងខិន សង្កត់ធ្ងន់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។

តាមពិតទៅ លោកស្រី Bensouda ត្រូវចប់អាណត្តិនៅខែមិថុនាខាងមុខនេះហើយ។ ដូចនេះការដកទណ្ឌកម្មនេះ ក៏អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញាថ្មី Karim Khan ដែលមានសញ្ជាតិអង់គ្លេស អាចធ្វើការដោយគ្មានក្ដីបារម្ភឡើយ។

បារាំង ដែលរិះគន់វិធានការទណ្ឌកម្មរបស់រដ្ឋបាលោក ត្រាំ នោះ បានសាទរការដកទណ្ឌកម្ម។ រដ្ឋមន្រ្តីការបរទេសបារាំង Jean-Yves Le Drian លើកឡើងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក​ ជាដំណឹងល្អសម្រាប់ការប្រយុទ្ធប្រឆាំងនិទណ្ឌភាព សម្រាប់ពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិដែលឈរលើគោលការណ៍នីតិរដ្ឋ៕


Tag:
 អាមេរិក
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com