កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក វ៉ា​ត់ ចំរើន៖ យើង​ទៅ​ដើម្បី​ប្រកួត​មិនមែន​ទៅ​ដើរលេង​នោះឡើយ
06, Dec 2013 , 8:24 pm        
រូបភាព
យុទ្ធនាការ​កីឡា​ស៊ី​ហ្គេម​លើក​ទី២៧នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ការប្រកួត​ជាបណ្តើរៗហើយ ខណៈ​ពិធី​បើកផ្លូវ​ការ​នៃ​ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅ​កីឡដ្ឋាន Wunna Theikdi Stadium ក្រុង​ណៃ​ពី​ដរ ក្រោម​អធិបតីភាព​លោក​ប្រ​ធានា​ធីប​តី​មី​យ៉ាន់​ម៉ា Thein Sein។ 


លោក អ៊ឹង ចំរើន អ្នកយកព័ត៌មាន​គេហទំព័រថ្មីៗ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​នាយ​បេសកកម្ម​នៃ​ប្រតិភូ​កីឡា​របស់​កម្ពុជា ជុំវិញ​ការរៀបចំ​នានា​របស់​ក​ម្ពុ​ជា រួមទាំង​ការបកស្រាយ​ចំពោះ​ការចោទប្រកាន់​នានា​ទៅលើ​ស្ថាប័ន​កីឡា​ជាតិ​ដ៏​កំពូល​មួយ​នេះ។

លោក អ៊ឹង ចំរើន៖ ថ្នាក់ដឹកនាំ​កីឡា​របស់​កម្ពុជា តែងតែបាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ក្នុង​ដណ្តើមយក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​នេះ។ តើ​លោក​អាច​រំលឹក​ឡើងវិញ​បានដែរ​ឬទេ​ថា យើង​សំអាង​លើ​អ្វីខ្លះ?

លោក វ៉ា​ត់ ចំរើន៖ NOCC ក៏ដូចជា​រដ្ឋាភិបាល បានកំណត់​គោលដៅ​ច្បាស់លាស់​ក្នុង​បេសកកម្ម​ដណ្តើមយក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ។ កត្តា​ដែល​យើង​ជឿជាក់ថា កម្ពុជា​អាច​ទទួលបាន​មេដាយ​ច្រើនជាង​មុន ជាពិសេស​មេដាយមាស​ពីរ​ខ្ទង់​នោះ គឺ​ការរៀបចំ​ខ្លួន​របស់​យើង​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ។ យើង​មាន​កម្មវិធី​ហ្វឹកហាត់​ក្នុងប្រទេស​យ៉ាង​ដិតដល់ ហើយ​ប្រភេទ​កីឡា​មួយចំនួន​បាន​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស។ ចំណុច​មួយទៀត​នោះ គឺ​ការលើក​ចិត្ត​ពី​រដ្ឋាភិបាល និង​ដៃគូ​ឧបត្ថម្ភ ដែល​ប្រាក់​លើកទឹកចិត្ត​ដល់​ជ័យលាភី មាន​កើនឡើង​ទ្វេរ។

លោក អ៊ឹង ចំរើន៖ តែងតែមាន​ការលើកឡើង​ថា ថ្នាក់ដឹកនាំ និង​អត្ត​ព​លិ​ក​មួយចំនួន​ចេញទៅ​ប្រកួត​ក្រៅប្រទេស គឺ​គ្រាន់តែ​ដើម្បី​ទៅ​ដើរលេង​ប៉ុណ្ណោះ ពីព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា​កម្រិត​សមត្ថភាព​របស់ខ្លួន​មិនអាច​ប្រៀបធៀប​ជាមួយ​ដៃគូរ​មកពី​ប្រទេស​ផ្សេងទៀត។ តើ​លោក​មានប្រតិកម្ម​បែបណា​ដែរ?

លោក វ៉ា​ត់ ចំរើន៖ ការនិយាយ​បែបនេះ អាច​ត្រូវ បើ​គេ​គិត​ទៅដល់​ការប្រកួត​លើកមុនៗ ប៉ុន្តែ​ចាប់តាំងពី​ព្រឹត្តិការណ៍​ឆ្នាំ២០០៩ នៅ​ប្រទេស​ឡាវ​មក គ្មានទេ​ករណីបែបនេះ។ មេដាយ​ដែល​យើង​ទទួលបាន មានការ​កើន​ឡើងជា​លំដាប់ ដូច្នេះ​យើង​មិនមែន​ទៅ​ដើម្បី​តែ​ដើរលេង ដោយ​ដឹងថា​ខ្លួន​ត្រូវ​ហាលអាវ​នោះទេ។ មានការ​កត់សម្គាល់​ជាច្រើន (feedback) ពី​ប្រទេសផ្សេងៗថា ខ្មែរ​លែង​ជា​ក្រុម​កាដូ​របស់​ពួកគេ​ទៀតហើយ។ សម្រាប់​វិញ្ញាសា​កីឡា​មួយចំនួន ប្រទេស​ខ្លះ​ភ័យ មិន​ចង់​ជួប​ជាមួយ​យើង​ឡើយ ពីព្រោះ​យើង​មានការ​ប្រឈម (Challenge) ខ្ពស់​សម្រាប់​ពួកគេ។

លោក អ៊ឹង ចំរើន៖ លោក​មានការ​បកស្រាយ​យ៉ាងណា​ចំពោះ​ការ​រិៈ​គន់​ទាក់ទង​នឹង​កំអែល​បក្សពួកនិយម​ជុំវិញ​ការបញ្ជូន​កីឡាករ-ការិនី និង​មន្ត្រី​មួយចំនួន?

លោក វ៉ា​ត់ ចំរើន៖ ការចោទប្រកាន់​បែបនេះ គឺ​គេ​មើល​ឃើញតែ​ជ្រុង​ខ្លះ​ប៉ុណ្ណោះ។ ទាក់ទង​នឹង​ការបញ្ជូន​មន្ត្រី យើង​មានតែ៣៧ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​សរុប ខណៈ​ប្រទេស​ជាច្រើន​មាន​ទៅដល់​ជាង៥០ភាគរយ។ ពិតណាស់ មន្ត្រី NOCC មាន​ចំនួន​ច្រើន ប៉ុន្តែ​ពួកគាត់​ជា​អ្នក​ដែល​យល់ដឹង​ស៊ីជម្រៅ​ពី​ការងារ។ ពួកគាត់​ធ្វើការ​ទាក់ទង​យ៉ាង​ជិតដិត​ជាមួយ​មន្ត្រី​ស៊ី​ហ្គេម។ យើង​មាន​មន្ត្រីរដ្ឋបាល​តែ៤នាក់​ប៉ុណ្ណោះ​ដែល​រ៉ាប់រង​ការងារ​សព្វបែបយ៉ាង ខណៈ​ប្រតិភូ​ប្រទេសផ្សេងៗ ចែកគ្នា​ជា​ក្រុម​ដែលមាន​ច្រើន​នាក់ ហើយ​កន្លងមក ខ្ញុំ​សង្កេតឃើញថា ថៃ​បាន​បញ្ជូន​ក្រុម​ចុងភៅ​ទៅទៀត​ផង។ ចំពោះ​បញ្ហា​បក្សពួកនិយម ខ្ញុំ​ទទួលស្គាល់ថា នៅមាន​ខ្លះ​នៅតាម​បណ្តា​សហព័ន្ធ​មួយចំនួន ប៉ុន្តែ​មិនមែនជា​គោលការណ៍ NOCC នោះទេ។ ទោះបីជា​យ៉ាងណាក៏ដោយ ខ្ញុំ​យល់ថា មន្ត្រី ឬ​អត្ត​ព​លិ​ក​មួយចំនួន​ដែលជា​ប់​ទាក់ទិន​នឹង​ខ្សែស្រឡាយ គឺជា​ធនធាន​ដែល​មិនអាច​ចោល​បាន។ យើង​មិនអាច​ប្រើប្រាស់​ធនធាន​ដែលមាន​កម្រិត​ទាប​នោះទេ។ និយាយ​រួម​មន្ត្រី NOCC មាន​ចំនួន​ច្រើន ពីព្រោះ​ការរៀបចំ​ស៊ី​ហ្គេម​គឺ​បុព្វ​សិទ្ធ​របស់​អូឡាំពិក។

លោក អ៊ឹង ចំរើន៖ តើ​នៅពេលនេះ ក្រុម​កម្ពុ​ជាមាន​ស្ថានភាព​បែបណា​ដែរ?

លោក វ៉ាត់ ចំរើន៖ ប្រតិភូ​កីឡា និង​អត្ត​ព​លិ​ក បានធ្វើ​ដំណើរ​ជា​បណ្តើរ​ទៅកាន់​ទីក្រុង​ណៃ​ពី​ដរ​ហើយ ដោយឡែក​ក្រុមកីឡា​បាល់ទាត់​បាន​ទៅ​ទីក្រុង​យាំង​ហ្គោ​ន។ ប្រភេទ​កីឡា​ខ្លះ​បានចាប់ផ្តើម​ប្រកួត និង​ត្រៀម​ប្រកួត។ ប្រតិភូ​ចុងក្រោយ​នឹង​ចេញដំណើរ​ទៅ​ថ្ងៃទី១៣ ខែធ្នូ រីឯ​ខ្ញុំ​នឹង​ចេញទៅ​នៅ​ថ្ងៃទី៨ ខែធ្នូ។ ស្ថានភាព​មិនទាន់មាន​អ្វី​ចោទ​ជា​បញ្ហា​នោះឡើយ ប៉ុន្តែ​អាកាសធាតុ​នៅទីនេះ​ហាក់ដូចជា​ត្រជាក់​ជាង​នៅ​កម្ពុជា។

លោក អ៊ឹង ចំរើន៖ តើ​កីឡា​ប្រភេទ​ណា​ដែល​ត្រូវបាន​ចាត់ទុកជា​អាទិភាព​របស់​កម្ពុជា?

លោក វ៉ាត់ ចំរើន៖ ក្នុងចំណោម​កីឡា​ទាំង២១ប្រភេទ យើង​មាន​ក្តីសង្ឃឹម​ខ្ពស់​លើ កីឡា ប៊ូល-ប៉េតង់ កីឡា​ចំបាប់ កីឡា​វ៉ូ​វី​ណា កីឡា​កា​រ៉ា​តេ-កាំ​ប៉ូ កីឡា​សី​ប៉ាក់​តា​ក្រ-ឈិន​ឡុង កីឡា​ទូក​ប្រពៃណី កីឡា​តេ​ក្វាន់​ដូ កីឡា​ប្រដាល់សកល កីឡា​កាយ​វប្បកម្ម កីឡា វ៉ូ​ស៊ូ និង ហុក​គី​ស្ត្រី៕

     

© រក្សាសិទ្ធិដោយ thmeythmey.com