ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! យល់ដឹងពីអត្ថប្រយោនជ៍នៃ “របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាប”
07, Apr 2021 , 6:59 am        
រូបភាព
មិនត្រឹមតែជួយឱ្យស្រកទម្ងន់បានយ៉ាងប្រសើរប៉ុណ្ណោះទេ របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបក៏អាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ផ្សេងទៀតចំពោះសុខភាពផងដែរ។ របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបអាចផ្ដល់ផលល្អអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាប ៖

 
១​. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
 
ពិតណាស់ការកាត់បន្ថយការទទួលទានអាហារសម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ បរិមាណនៃកាបូអ៊ីដ្រាតច្រើនពេកធ្វើឱ្យកោសិកាធន់នឹងអាំងស៊ុយលីនបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន ឬជ្រើសរើសរបបអាហារដែលមានផ្ទុកកាបូអ៊ីដ្រាតទាប។
 
២. ជួយកម្ចាត់ខ្លាញ់ក្បាលពោះ
 
មូលហេតុចម្បងបំផុតមួយទៀតដែលអ្នកគួរមានរបបអាហារដែលមានផ្ទុកកាបូអ៊ីដ្រាតទាបនោះ គឺវាជួយកម្ចាត់ខ្លាញ់ក្បាលពោះ។ គួរបញ្ជាក់ផងដែរថា ខ្លាញ់ច្រើនពេកនៅផ្នែកកណ្ដាលនៃរាងកាយដូចជាក្បាលពោះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗគួរឱ្យបារម្ភ។ បន្ថែមពោះនេះវាក៏អាចបង្កការរលាកក្នុងរាងកាយនិងសូម្បីតែភាពធន់នឹងអាំងស៊ុយលីនដែលទប់ស្កាត់រារាំងដល់ដំណើរការនៃការដុតរំលាយអាហារ។ យូរទៅបញ្ហានេះជះឥទ្ធិពលលើសុខភាពបេះដូង ព្រមទាំងសរីរាង្គផ្សេងទៀតក្នុងរាងកាយ។
 
៣. វាជួយឱ្យឆ្អែតបានយូរ
 
ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកចេះតែឃ្លានរហូត ឬឆាប់ឃ្លានវិញនៅពេលទទួលទានរបបអាហារធម្មតា? មូលហេតុចម្បងមួយនៃបញ្ហានេះ គឺការឡើងចុះឥតឈប់នៃកម្រិតជាតិស្ករក្នុងឈាមដោយសារការជ្រើសរើសទទួលទានអាហារមិនបានត្រឹមត្រូវ។ ប៉ុន្តែនៅពេលទទួលទានរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបវិញ គឺអ្នកប្រាកដជាមានអារម្មណ៍ឆ្អែតបានយូរដោយសារឥទ្ធិពលនៃជាតិខ្លាញ់ល្អក្នុងអាហារ។
 
៤. វាជួយពន្លឿនការស្រកទម្ងន់
 
អ្នកដែលទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបងាយនឹងស្រកទម្ងន់ឆាប់រហ័សគួរឱ្យកត់សម្គាល់។ របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបអាចជួយឱ្យដំណើរការនៃការដុតបំផ្លាញកាឡូរីកាន់តែលឿនជាងមុន។
 
៥. វាជួយកាត់បន្ថយការរលាកក្នុងរាងកាយ
 
របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយបានផងដែរ។ ការរលាកជាកត្តាចម្បងមួយផ្សារភ្ជាប់នឹងបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម, ជំងឺរលាកសន្លាក់, ជំងឺហឺត និងសូម្បីដំបៅក្រពះ។
 
៦. វាជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ
 
របបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អដែលជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងបានយ៉ាងប្រសើរ។
 
៧. វាជួយបញ្ចុះជាតិខ្លាញ់ទ្រីគ្លីសេរីដ
 
តើអ្នកធ្លាប់ដឹងទេថាកាបូអ៊ីដ្រាតក៏ជាមូលេគុលស្ករដែរ? នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបដើម្បីអាចបន្ថយកម្រិតនៃជាតិខ្លាញ់ទ្រីគ្លីសេរីដ។
 
៨. វាជួយគ្រប់គ្រងសម្ពាធឈាម
 
សម្ពាធឈាមឡើងខ្ពស់ជាកត្តាចម្បងនៃជំងឺគួរឱ្យព្រួយបារម្ភជាច្រើនរួមបញ្ចូលទាំងជំងឺបេះដូង ដាច់សសៃឈាមខួរក្បាល និងខ្សោយតម្រងនោម។ ទោះជាយ៉ាងណារបបអាហារមានផ្ទុកកាបូអ៊ីដ្រាតទាបអាចជួយបញ្ចុះសម្ពាធឈាមគួរឱ្យកត់សម្គាល់។
 
៩. ជួយគ្រប់គ្រងកម្រិតនៃអាំងស៊ុយលីន
 
ប្រសិនបើអ្នកងាយនឹងឡើងកម្រិតអាំងស៊ុយលីនខ្ពស់ ចូរកាត់បន្ថយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាអ្នកដែលទទួលទានអាហារមានជាតិកាបូអ៊ីដ្រាតទាបអាចជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនគួរឱ្យកត់សម្គាល់ដោយកោសិកាប្រតិកម្មតបកាន់តែប្រសើរទៅនឹងអាំងស៊ុយលីន។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com