អន្តរជាតិ
ពលរដ្ឋមីយ៉ាន់ម៉ា ធ្វើយុទ្ធនាការប្រមូលថវិកាដើម្បីជួយក្រុមប្រឆាំងរបបយោធា
06, Apr 2021 , 7:29 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ប្រជាជនមីយ៉ាន់ម៉ា ដែលនិយមប្រើប្រាស់បណ្តាញសង្គមដូចជា Facebook ជាដើម នាំគ្នាធ្វើយុទ្ធនាការតាមអនឡាញដើម្បីប្រមូលលុយជួយគាំទ្រក្រុមប្រឆាំងរបបយោធាកំពុងដឹកនាំប្រទេស។។ ភាគច្រើនជាយុវជន ពួកគេ ចាប់ផ្តើមប្រមូលសម្ភាររបស់ខ្លួនដាក់លក់តាមអនឡាញ ដើម្បីប្រមូលថវិកាសម្រាប់ក្រុមអ្នកតវ៉ារដ្ឋាភិបាលយោធា និងគណៈកម្មាធិការតំណាងសភាសហភាព (CRPH)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៦ ខែមេសា។

 
បាតុកម្មនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយនៅក្នុងប្រទេស ទោះក្រុមប៉ូលិស បានប្រើហិង្សាយ៉ាងខ្លាំង ដើម្បីបង្រ្កាបក្រុមបាតុករក៏ដោយ។ ក្រុមបាតុករ បានប្រើប្រាស់វិធីសាស្រ្តផ្សេងទៀត ដើម្បីទាមទារឱ្យក្រុមយោធាបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ និងដោះលែងអ្នកជាប់ឃុំ។ នៅថ្ងៃទី៥ ខែមេសា កន្លងទៅ ក្រុមបាតុករ បានជួបជុំ និងទះដៃយ៉ាងស្រុះគ្នា ដើម្បីបង្ហាញពីភាពមិនពេញចិត្តលើរបបសឹក និងជាសញ្ញាគាំទ្រក្រុមយោធាជនជាតិភាគតិចផងដែរ។ 
 
ទន្ទឹមនេះ ដើម្បីគាំទ្រក្រុមបាតុករ និងក្រុមប្រឆាំងផ្សេងទៀត អ្នកលេង Facebook នៅមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រមូលសម្ភារមួយចំនួនសម្រាប់លក់ដើម្បីប្រមូលថវិកា។ រាល់ថវិកាដែលបានមកពីការលក់សម្ភារទាំងនោះ នឹងត្រូវបរិច្ចាគទៅមូលនិធិរបស់គណៈកម្មាធិការតំណាងសភាសហភាព ដែលជាក្រុមសមាជិកសភាបានជាប់ឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ 
 
មិត្តភក្តិបរទេសរបស់ជនជាតិមីយ៉ាន់ម៉ាទាំងនោះ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមបរិច្ឆាគផងដែរ សម្រាប់មូលនិធិមួយនេះ ដែលធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតីនយោបាយ និងតវ៉ាជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ សម្ភារ ដែលដាក់លក់តាមអនឡាញនេះ មានដូចជា សំលៀកបំពាក់ ឧបករណ៍ក្មេងលេង មេរៀនចម្រៀង សម្ភារសម្រាប់ដំណើរផ្សងព្រេង ឌីសចម្រៀង និងសម្ភារផ្សេងៗជាច្រើនទៀត។ 
 
«សម្ភារមួយនេះ មិនថ្លៃឡើយ ប៉ុន្តែវាពិបាកក្នុងការប្រមូលថវិកា»។ យុវជនមីយ៉ាន់ម៉ាម្នាក់ដែលដាក់លក់សម្ភារក្មេងលេង LEGO Marvel Super Heroes បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ប្រសិនបើប្រជាជនបង្ហាញពីបណ្ណបរិច្ចាគទៅមូលនិធិ CRPH រូបលោកនឹងផ្តល់សម្ភារក្មេងលេងនោះឱ្យ។ 
 
ក្រោពីលក់សម្ភារៈ អ្នកលេង Facebook មួយចំនួន ក៏បានដាក់លក់សេវាកម្មផងដែរ។ ជាងកាត់ខោអាវម្នាក់ បានបង្ហោះសារលើ Facebookថា នឹងកាត់សំលៀកបំពាក់បុរាណរបស់មីយ៉ាន់ម៉ា ដោយមិនគិតថ្លៃ ឱ្យអ្នកបរិច្ចាគទឹកប្រាក់ចំនួន ២៥ដុល្លារ ទៅមូលនិធិខាងលើ ឯតន្រ្តីករម្នាក់ សន្យាផ្តល់មេរៀនហ្គីតាមួយជីវិត ចំណែអ្នករៀបចំសេវាកម្សាន្ត សន្យាផ្តល់សេវាកម្មទៅមនុស្ស ៥នាក់។ ប៉ុន្តែអ្នកទាំង៥នេះ ត្រូវរើសចេញពីការចាប់ឆ្នោត។ 
 
កន្លងទៅក្រុមយោធា ធ្លាប់បានព្រមានថា នឹងចាប់ដាក់គុក លើអ្នកគាំទ្រគណៈកម្មាធិការតំណាងសភាសហភាព។ ក្រុមយោធាបានចាត់ទុកគណៈកម្មាធិការមួយនេះ ជាស្ថាប័នខុសច្បាប់ និងជាក្រុមក្បត់ជាតិ។ 
 
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ អ្នកស្លាប់ដោយសារតែការបង្រ្កាបរបស់ប៉ូលិសមីយ៉ាន់ម៉ា បានកើនដល់ជាង៥០០នាក់ហើយ ខណៈអ្នកជាប់ឃុំមានជាច្រើនពាន់នាក់៕ 
 

Tag:
 មីយ៉ាន់ម៉ា
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com