អន្តរជាតិ
បារាំងថា អឺរ៉ុបនឹងដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ាបន្ថែមទៀត ខណៈរុស្ស៊ីជំទាស់ទណ្ឌកម្ម
07, Apr 2021 , 2:29 pm        
រូបភាព
ប្រមុខការទូតបារាំង Jean-Yves Le Drian ថ្លែងក្នុងសភា។ រូបថត AFP
ប្រមុខការទូតបារាំង Jean-Yves Le Drian ថ្លែងក្នុងសភា។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian នៅថ្ងៃទី៦ ខែមេសា បានអះអាងថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មរួមបន្ថែមទៀតលើក្រុមហ៊ុន ដែលពាក់ព័ន្ធ ឬគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងការបង្រ្កាបបាតុកម្ម។ ប៉ុន្តែរុស្ស៊ីឯណោះ ព្រមានថា ទណ្ឌកម្មលើរបបសឹកនឹងធ្វើឱ្យស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ថែមទៀត និងអាចឈានដល់សង្រ្គាមស៊ីវិល។


ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ បានធ្លាក់មកជាច្រើនពីសហភាពអឺរ៉ុប អាមេរិក អង់គ្លេស និងកាណាដា លើក្រុមយោធា។ ក្រុមយោធាមីយ៉ាន់ម៉ាហាក់ មិនរអានឹងទណ្ឌកម្មទាំងនោះឡើយ ផ្ទុយទៅវិញរដ្ឋាភិបាលយោធា មានតែបង្រ្កាបលើក្រុមបាតុករកាន់តែខ្លាំងឡើង។ មកទល់ពេលនេះមនុស្សយ៉ាងហោចណាស់ ៥៦០នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើនពាន់នាក់ ត្រូវបានចាប់ឃុំខ្លួនដោយបង្ខំ ខណៈមនុស្សមួយចំនួនទៀតបាត់ខ្លួន។ 
 
ដើម្បីដាក់សម្ពាធលើក្រុមយោធាបន្ថែមទៀត សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មរួមមួយលើក្រុមហ៊ុនដែលពាក់ព័ន្ធ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសបារាំង Jean-Yves Le Drian នៅថ្ងៃទី៦ ខែមេសា។
 
«យើងនឹងបន្ថែមទណ្ឌកម្មសេដ្ឋកិច្ច...ប្រឆាំងនឹងក្រុមហ៊ុនសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងក្រុមយោធា»។ ប្រមុខការទូតបារាំងលើកឡើងបែបនេះ នៅក្នុងសភា ដោយបន្ថែមថា ទណ្ឌកម្មរួមនេះ នឹងដាក់ឱ្យបានឆាប់បំផុត។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសបារាំង មិនបានបញ្ជាក់ពីកាលបរិច្ឆេទ ដែលត្រូវដាក់ឱ្យបានច្បាស់លាស់ឡើយ។  
 
ក្នុងថ្ងៃដដែលនេះ រុស្ស៊ី ដែលជាសម្ពន្ធមិត្តស្និទ្ធរបបយោធា បានជំទាស់នឹងទណ្ឌកម្ម ដែលប្រទេសលោកខាងលិច បានដាក់់មកលើមីយ៉ាន់ម៉ា ព្រោះទណ្ឌកម្មទាំងនោះ នឹងធ្វើឱ្យស្ថិរភាពនយោបាយនៅមីយ៉ាន់ម៉ា កាន់តែអាក្រក់ឡើងប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មាន Interfax បានស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថា វិធានការ ដែលឆ្ពោះទៅការគំរាមកំហែង និងសម្ពាធ រួមបញ្ជូលទាំងការប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរមីយ៉ាន់ម៉ា មិនមានភាពល្អឡើយ និងកាន់តែគ្រោះថ្នាក់។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ទណ្ឌកម្មទាំងនោះ នឹងរុញឱ្យមីយ៉ាន់ម៉ា ធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិលតែប៉ុណ្ណោះ។ 
 
គួររំលឹកថា នៅក្នុងទិវាកងទ័ពមីយ៉ាន់ម៉ា នៅក្នុងខែមីនា កន្លងទៅ រុស្ស៊ី គឺជាតែប្រទេសតែមួយគត់ ដែលបញ្ជូនមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិចូលរួម។ វត្តមានមន្ត្រីយោធានេះ ត្រូវបានមើលឃើញថា ជាំស្វែងរកការពង្រឹងទំនាក់ទំនងយោធាជាមួយមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធាមក។ រុស្ស៊ីបានចាត់ទុកមីយ៉ាន់ម៉ា គឺជាដៃគូយុទ្ធសាស្រ្ត និងជាមិត្តនៅក្នុងតំបន់អាស៊ី៕ 
 

Tag:
 បារាំង
  មីយ៉ាន់ម៉ា
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com