បិទរោងចក្រកាត់ដេរ ឌីន ហាន់ នៅខណ្ឌមានជ័យជាបណ្ដោះអាសន្ន ក្រោយកម្មករ១៣នាក់ឆ្លងកូវីដ-១៩
ជាតិ
បិទរោងចក្រកាត់ដេរ ឌីន ហាន់ នៅខណ្ឌមានជ័យជាបណ្ដោះអាសន្ន ក្រោយកម្មករ១៣នាក់ឆ្លងកូវីដ-១៩
07, Apr 2021 , 4:21 pm        
រូបភាព
រូបតំណាង៖ កម្មកររោងចក្រ ជិះរថយន្តឈ្នួលរួមគ្នា ធ្វើដំណើរទៅកាន់ផ្ទះវិញ ក្រោយចប់ម៉ោងការងារ
រូបតំណាង៖ កម្មកររោងចក្រ ជិះរថយន្តឈ្នួលរួមគ្នា ធ្វើដំណើរទៅកាន់ផ្ទះវិញ ក្រោយចប់ម៉ោងការងារ
ភ្នំពេញ៖ អាជ្ញាធរសម្រេចបិទរោងចក្រកាត់ដេរ ឌីន ហាន់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ក្រោយរកឃើញកម្មករ១៣នាក់ ឆ្លងកូវីដ-១៩ កាលពីថ្ងៃទី៦មេសា។


លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរសម្រេចបិទរោងចក្រ ឌីន ហាន់ បណ្ដោះអាសន្ន ដោយសាររកឃើញកម្មករ១៣នាក់ឆ្លងកូវីដ-១៩ ហើយអាចមានអ្នកពាក់ព័ន្ធច្រើន។ ប៉ុន្តែយ៉ាងណាលោក មិនទាន់ច្បាស់នៅឡើយទេថា មានអ្នកពាក់ព័ន្ធប៉ុន្មាននាក់ ខណៈមន្ត្រីជំនាញសុខាភិបាលកំពុងស្រាវជ្រាវ និងតាមដាន។ 
 
«ឥឡូវរោងចក្រនេះ(ឌីន ហាន់) បិទហើយ, យើងឲ្យបិទបណ្ដោះអាសន្ន ដើម្បីឲ្យកម្មករទាំងអស់យកសំណាកទៅពិនិត្យហើយធ្វើចត្តាឡីស័ករៀងខ្លួន។ ក្នុងរោងចក្រនោះ មានកម្មករទាំងអស់ប្រមាណ២៨០២នាក់»។ នេះបើតាមលោក កែវ មុនី ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ មេសា។ 
 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២,៩១៥នាក់ ក្នុងនោះ២,៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១,៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១,០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

Tag:
 កូវីដ-១៩
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com