កូវីដ៖ មិនបានទៅស្រុកទៀតឆ្នាំនេះ ចុះបានផ្ញើលុយជូនម៉ែឪអត់?
ពីនេះ ពីនោះ
កូវីដ៖ មិនបានទៅស្រុកទៀតឆ្នាំនេះ ចុះបានផ្ញើលុយជូនម៉ែឪអត់?
08, Apr 2021 , 2:31 pm        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ ត្រៀមត្រឡប់ធ្វើដំណើរទៅស្រុកកំណើតនៅរដូវចូលឆ្នាំនេះដែរ។ តែក្លើទាំងពីរខកខានដោយសារការហាមឃាត់របស់រដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគកូវីដ-១៩។ បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ក្នុងចន្លោះពីថ្ងៃទី៧ និងទី២០ខែមេសា ពលរដ្ឋមិនអាចធ្វើដំណើរឆ្លងខេត្តបានឡើយលើកលែងតែភ្នំពេញ និងខេត្តកណ្តាល និងលើកលែងតែករណីពិសេសប៉ុណ្ណោះ។ សេចក្តីជូនដំណឹងនេះបានធ្វើឲ្យអ្នកទីក្រុង និងពលេដ្ឋចំណាកស្រុកមួយចំនួនមិនអាចវិលត្រឡប់ទៅស្រុកកំណើតនៅរដូវចូលឆ្នាំខ្មែរ។
នឹកស្រុកកំណើត គឺជាប្រធានបទសំខាន់ក្នុងរយៈពេលចុងក្រោយនេះ។



សំណាង៖ អា សុធីរ! គួរឲ្យអាណិតណាស់ណ៎ា! អញលឺអ្នកខ្លះជជែកគ្នាថា ពួកគេមិនបានទៅស្រុក២ឆ្នាំជាប់គ្នា។ ពួកគេនឹកឪពុកម្តាយ នឹងផ្ទះ នឹកសត្វ នឹកក្រោយផ្ទះ នឹកម្ហូប នឹកអ្នកជិតខាង…។ 
 
សុធីរ៖ អញក៏បានមិនបានទៅដែរ។ ធ្វើម៉េចបើស្ថានភាពវាអ៊ីចឹង។ ឆ្នាំមុន ក៏រដ្ឋាភិបាលចេញសេចក្តីជូនដំណឹងប្រហាក់ប្រហែលគ្នាអ៊ីចឹងដែរដោយហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងខេត្តពេលចូលឆ្នាំខ្មែរឆ្នាំ២០២០។ គោលបំណង គឺដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដហ្នឹងណ៎ា។ 

សំណាង៖ អាណិតអ្នកមិនបានទៅ ហើយក៏អាណិតម៉ែឪដែលទន្ទឹងរង់ចាំកូនចៅអស់រយៈពេលពេញ១ឆ្នាំមកហើយ។ 

សុធីរ៖ អាណិតចេះតែអាណិតហើយ។ តែកូវីដហ្នឹងវាសាហាវណាស់ ហើយគ្មានក្តីមេត្តាទេ។ យើងអាចមិនជួបគ្នា១ឆ្នាំ ២-៣-៤-៥ឆ្នាំបាន កុំឲ្យតែកូវីដវាឆក់យកជីវិតយើង។ ដរាបណា យើងនៅមានជីវិត យើងគង់តែជួបគ្នាតើ!  

សំណាង៖ ឆ្នាំហ្នឹង ញាតិមិត្តបែកគ្នា បងប្អូនបែកគ្នា អ៊ីចឹងចូលឆ្នាំហ្នឹង មានតែជួបគ្នាតាមហ្វេសប៊ុកហើយមើលទៅ។ 

សុធីរ៖ មានតែអ៊ីចឹងហើយ។ ឥឡូវនេះ ទោះមិនអាចជួបទល់មុខគ្នាបាន ក៏គេអាចជួបគ្នាតាមវីដេអូខលបានដែរ។ នៅឆ្ងាយពីគ្នាមែន តែអាចជួបគ្នាតាមអនឡាញពេលណាក៏បានដែរ។ ឃ្លាតកាយមែន តែកុំឲ្យណាយចិត្ត! 

សំណាង៖ និយាយអ៊ីចឹង! អ្ហែង និងអញមិនបានទៅលេងស្រុកទេ តើអ្ហែងមានបានផ្ញើលុយទៅចាស់ៗអត់? 

សុធីរ៖ ឆ្នាំមុន និងឆ្នាំនេះ កូវីដស៊ីប្រាក់ចំណូលអញអស់ច្រើនណាស់។ តែទោះជាយ៉ាងនេះក្តីអញបានផ្ញើលុយឲ្យម៉ែ និងពុកអញរួចហើយ។ ចុះអ្ហែង? 

សំណាង៖ អញផ្ញើមុនអ្ហែងទៅទៀតអ្ហា! ក្រអី ក្រទៅ កុំឲ្យតែក្រចិត្តជាមួយម៉ែឪអ្ហា! ម៉ែឪមានគុណធំធេងណាស់ណ៎ា! 
 

© រក្សាសិទ្ធិដោយ thmeythmey.com