ជាតិ
ពិព័រណ៍សារមន្ទីជាតិ១០១ឆ្នាំ៖ កំណើតរោងជាងចម្លងពុម្ពរបស់សារមន្ទីរ
08, Apr 2021 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សារមន្ទីជាតិដែលស្ថិតនៅក្រោមចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតពិព័រណ៍តាមអនឡាញជាលើកទី១របស់ខ្លួននៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ នៅក្នុងអំឡុងពេលពិព័រណ៍នេះ សារមន្ទីជាតិផ្សព្វផ្សាយប្រវត្តិរូបចម្លាក់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនជូនអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ ដោយទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញខាងលើ និងដោយមានគោលបំណងចូលរួមផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) សូមបង្ហាញជូននូវប្រវត្តិរូបចម្លាក់មួយចំនួនដូចតទៅ។ បញ្ជាក់៖ រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិ។

 
រោងជាងបោះឬចម្លងពុម្ព បង្កើតឡើងប្រហាក់ប្រហែលគ្នានឹងការបង្កើតសារមន្ទីរ ហើយវាមានតួនាទីដូច រោងជាងថតរូបដែរ គឺចម្លងនិង ផ្សព្វផ្សាយស្នាដៃសិល្បៈខ្មែរប្រណិតៗទៅឲ្យពិភពលោកបានស្គាល់។ ជាលទ្ធផល នៅពាក់កណ្តាលសតវត្សទី១៩ ស្នាដៃចម្លងរូបពិចិត្រៗចេញ ពីរោងជាងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពី បស្ចិមប្រទេស ជាទីប្រជុំនៃវិចិត្រសាលដែលដាក់តាំងសមុច្ច័យធ្វើអំពីម្នាងសិលា។
 


កិច្ចការរបស់រោងជាងចម្លង គឺមិនខុសពីអ្នកផ្តិតសិលាចារឹកទេ ព្រោះត្រូវចុះទៅចម្លងរូបទាំងនោះដល់ទីតាំងផ្ទាល់។ កិច្ចការចម្លងរូបត្រូវ ប្រើប្រាស់ម្នាងសិលានាំចូលពីបរទេស និងអនុវត្តតាមក្បួនខ្នាតល្អិតល្អន់។ ដើម្បីជៀសវាងការខូចខាតដល់រូបប្រតិមាដើម គេចាក់ពុម្ពចម្លងដើមមួយ (ពុម្ពញី) ទុកប្រើប្រាស់បន្តតាមតម្រូវការនាពេលក្រោយ។ ពេលខ្លះ ក្រុមជាងប្រើប្រាស់កាវទន់ដូចចាហួយ ដើម្បីចម្លងយករូបពីក្បាច់ ក្រឡោតទាប។ ដោយកត្តាកាលវេលា ប្រែប្រួល រូបចម្លងខ្លះបានក្លាយជាគំរូរូបចម្លងតែមួយគត់ដែលនៅសេសសល់ពីរូបដើម។ រូបចម្លងទាំងនោះ មានតម្លៃណាស់សម្រាប់ការប្រមូលទុកជាសមុច្ច័យ ការសិក្សា ការរៀបចំពិព័រណ៍អន្តរជាតិ និងការលក់ដូរនៅក្នុងហាងវត្តអនុស្សាវរីយ៍របស់សារមន្ទីរនានា។
 
បច្ចុប្បន្ន រោងជាងសារមន្ទីរលែងបន្តបោះរូបចម្លងពីម្នាងសិលាទៀតហើយ ប៉ុន្តែក្រុមជាងនៅបន្តប្រើប្រាស់បច្ចេកទេសនេះ ដើម្បីចម្លងរូប ធ្វើពីស៊ីម៉ង់ត៍ដែលមានផ្ទៃនិងពណ៌ស្រដៀងថ្មភក់។ រូបចម្លាំងដែលដាក់តាំងនៅក្នុង សួនច្បារខាងក្រៅសារមន្ទីរ ជាស្នាដៃរបស់ក្រុមជាងសារមន្ទីរ។ ដោយឡែករូបស្ដេចគម្លង់ (ព្រះយម) ចម្លងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ កំពុងតម្កល់នៅចំកណ្តាលទីធ្លាផ្នែកខាងក្នុងសារមន្ទីរ ជារូបដែលពេញនិយម នាសម័យនោះ ព្រោះមានការបោះចម្លងជាច្រើនលើកច្រើនសារ។ រូបនេះ បង្ហាញពីស្នាដៃជំនាញរបស់ក្រុមជាងប្រចាំសារមន្ទីរ៕ 


 

Tag:
 សារមន្ទីជាតិ
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com