កីឡាជាតិ
ស៊ីហ្គេម៖ កម្ពុជាបានមេដាយប្រាក់មួយ និងសំរិទ្ធមួយទៀតលើវិញ្ញាសាសីឈិនឡុង វាជាមិនមែនជាការងាយស្រួលទេសម្រាប់ក្រុមកីឡាករកម្ពុជាក្នុងការដណ្តើមជ័យជម្នះ ខណៈពួកគេត្រូវប្រជែងពិន្ទុជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសា Chinlone Men’s Non-Repetition នៅព្រឹកថ្ងៃសោរ៍ ទី៧ ខែធ្នូ នេះ។
ជាលទ្ធផល កម្ពុជា បានទទួលមេដាយប្រាក់ ខណៈក្រុមកីឡាករមីយ៉ាន់ម៉ាដែលជាម្ចាស់ផ្ទះ និងជាគ្រូនៃកីឡាប្រភេទនេះ ធ្វើបានយ៉ាងល្អ ដើម្បីទទួលបានពិន្ទុនាំមុខក្រុមកម្ពុជាទាំងបីសិតក្នុងលទ្ធផល ១២២-៩១, ១១៩-១០០ និង ១១៨-១០០ (ពិន្ទុសរុប ៣៥៩-២៩១)។
សម្រាប់វិញ្ញាសានេះ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានមេដាយមាស កម្ពុជាបានមេដាយប្រាក់ ខណៈមេដាយសំរិទ្ធ បានទៅលើក្រុមម៉ាឡេស៊ី និងក្រុមសឹង្ហបុរី។
ដោយឡែកផ្នែកនារី លើវិញ្ញាសាដដែល Chinlone Women's Non-Repetition ក្រុមកីឡាការិនីកម្ពុជា ទទួលបានមេដាយសំរិទ្ធស្ទួន ជាមួយក្រុមម៉ាឡេស៊ី ខណៈម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានមេដាយមាស និងឡាវ បានមេដាយប្រាក់។ គិតមកដល់ថ្ងៃសៅរ៍ ទី៧ ខែធ្នូ នេះ កម្ពុជា ទទួលបានមេដាយប្រាក់២ និងសំរិទ្ធ២ លើវិញ្ញាសាសីឈិនឡុង ខណៈថៃកំពុងនាំមុខគេលើតារាងមេដាយរួម៕
© រក្សាសិទ្ធិដោយ thmeythmey.com