កីឡាជាតិ
ស៊ីហ្គេម៖ U-23 កម្ពុជា ប៉ះជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅល្ងាចនេះ លោក Lee Tae Hoon ធ្វើការណែនាំកីឡាកររបស់ខ្លួន។ រូបថត NagaWorld/កឹម សុវណ្ណា
× ក្រុមកីឡាករកម្ពុជា ពេលធ្វើការហ្វឹកហាត់កាលពីព្រឹកមិញ។ រូបថត NagaWorld/កឹម សុវណ្ណា
× ប្រិយមិត្តអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់ អាចទុករឿងមន្ទិលសង្ស័យណាមួយដោយឡែក ហើយនាំគ្នាមកលើកទឹកចិត្ត ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជា ដែលត្រូវប្រកួតបើកឆាកពូល B ជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកីឡដ្ឋាន Youth Training Center (YTC Stadium) ក្នុងទីក្រុងយ៉ាំងហ្គោន នាវេលាម៉ោង៧:១៥នាទី ល្ងាចថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៣ នេះ។
U-23 កម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon បានបាត់បង់សមាជិកសំខាន់ចំនួន៤នាក់ គឺខ្សែប្រយុទ្ធ កែវ សុខងន ខ្សែបម្រើ ទុំ សារ៉ាយ ខ្សែការពារ សុក រិទ្ធី និងខ្សែការពារ សាយ ពិសិដ្ឋ រួមទាំងលោក ឆាំង ពិសិដ្ឋ ដែលជាអ្នកចាត់ការទូទៅដោយមិនដឹងមូលហេតុ។
ជុំវិញបញ្ហានេះ គេហទំព័រថ្មីៗ បានទាក់ទងទៅលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមទូរស័ព្ទ ដើម្បីសុំការបកស្រាយ ប៉ុន្តែលោកបានរុញភារៈទៅឲ្យអគ្គលេខាធិការរបស់ខ្លួន ដោយលោកអះអាងថា កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។ ដោយឡែក លោក គល់ សុផាណា អគ្គលេខាធិការ FFC បានលើកឡើងថា៖ «យើងត្រូវរង់ចាំការដោះស្រាយពីថ្នាក់ដឹកនាំសិន ដូច្នេះខ្ញុំមិនទាន់ហ៊ានផ្តល់ព័ត៌មានអ្វីដែលមិនច្បាស់ការណ៍នោះឡើយ ព្រោះដើម្បីកុំឲ្យកីឡាករខូចអារម្មណ៍។ ខ្ញុំនឹងបញ្ជាក់ប្រាប់ ប្រសិនបើមានព័ត៌មានលំអិតណាមួយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក មាស ចាន់ណា លោក អៀង សាក់នីដា ដែលជាគ្រូជំនួយ រួមទាំងកីឡាករមួយចំនួន តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនសុទ្ធតែបានបង្ហាញនូវការតាំងចិត្តដើម្បីដណ្តើមយកជ័យជម្នះនៅក្នុងយុទ្ធនាការនេះ។
កាលពីថ្ងៃទី៥ ខែកញ្ញា លោក មាស ចាន់ណា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ថ្ងៃនេះ កីឡាករទាំងអស់មានការផ្តោតអារម្មណ៍យ៉ាងផ្ចិតផ្ចង់ក្នុងការហ្វឹកហាត់ ដូច្នេះមន្ត្រី និងក្រុមគ្រូបង្វឹកមានក្តីសប្បាយរីករាយណាស់។ សូមរក្សាការធ្វើបែបនេះជារៀងរហូត កីឡាករទាំងអស់គ្នា!»។
មីយ៉ាន់ម៉ាគឺជាម្ចាស់ជើងឯក៥ជំនាន់សម្រាប់ព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ខណៈកម្ពុជាដែលបានខកខានចូលរួមជាច្រើនលើកដោយសារសង្គ្រាមស៊ីវិល មិនមានប្រវត្តិទទួលបានជ័យលាភីឡើយ។ ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាចំនួនបួនលើក។
កាលពីឆ្នាំ១៩៩៧ ដែលមិនទាន់មានការកំណត់កម្រិតអាយុ កម្ពុជាបានទទួលជ័យ ៣-១ លើមីយ៉ាន់ម៉ា។ ចាប់តាំងពីឆ្នាំ២០០១ មក ព្រឹត្តិការណ៍កីឡាបាល់ទាត់ស៊ីហ្គេម បានកំណត់អាយុ U-23 ហើយមីយ៉ាន់ម៉ា និងកម្ពុជា បានជួបគ្នាចំនួនបីលើកទៀតនៅក្នុងពូល ដោយស្មើ 0-0 ក្នុងឆ្នាំ២០០១ ហើយពីរលើកចុងក្រោយ គឺក្នុងឆ្នាំ២០០៣ និង២០០៧ មីយ៉ាន់ម៉ា បានទទួលជ័យជម្នះ ៦-០ និង៦-២ ។
នៅមុនជំនួបរវាងកម្ពុជា និងម្ចាស់ផ្ទះ ក្រុមថៃ ត្រូវប៉ះជាមួយទីម័រខាងកើត។ អ្នកគាំទ្រម្នាក់ឈ្មោះ ឈិន វិមល បានសរសេរនៅលើទំព័រហ្វេសប៊ុក Khmer Sport Fans ថា៖ «ស៊ូស៊ូ....អាក្រក់ល្អអូននៅតែជាសង្សារបង»។ ចុះអ្នកគាំទ្រផ្សេងទៀត? © រក្សាសិទ្ធិដោយ thmeythmey.com