អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា សំុទោសជនជាតិអូស្រ្តាលីពីរនាក់ ក្រោយចាប់ខ្លួនច្រឡំ
09, Apr 2021 , 3:53 pm        
រូបភាព
លោកស្រី Christa Avery អ្នកផ្តល់យោបល់លើធុរកិច្ចនៅមីយ៉ាន់ម៉ា (ខាងស្តាំ) និងស្វាមី លោកMatthew O
លោកស្រី Christa Avery អ្នកផ្តល់យោបល់លើធុរកិច្ចនៅមីយ៉ាន់ម៉ា (ខាងស្តាំ) និងស្វាមី លោកMatthew O'Kane។ រូបភាព៖ ABC
របបសឹកមីយ៉ាន់ម៉ា បានដោះលែងជនជាតិអូស្រ្តាលីចំនួនពីរនាក់ នៅចុងសប្តាហ៍មុន បន្ទាប់ពីត្រូវឃុំនៅក្នុងផ្ទះនៅមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនថ្ងៃ។ របបសឹកក៏បានសុំទោសចំពោះការចាប់ខ្លួនដោយច្រឡំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ABC នៅថ្ងៃទី៩ ខែមេសា។

 
ជនជាតិអូស្រ្តាលី ចំនួនពីររូប ដែលត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដាក់ឃុំនៅក្នុងផ្ទះបន្ទាប់ពីរដ្ឋប្រហារយោធាបានប៉ុន្មានថ្ងៃ ត្រូវបានដោះលែងហើយនៅសប្តាហ៍មុន។ អ្នកទាំងពីររូបនេះ គឺជាលោកស្រី Christa Avery អ្នកផ្តល់យោបល់លើធុរកិច្ចនៅមីយ៉ាន់ម៉ា និងស្វាមី លោក Matthew O'Kane។ លោកស្រី Christa Avery គឺមានសញ្ជាតិពីរ កាណាដា និងអូស្រ្តាលី។ ពេលនេះ ស្វាមី និងភរិយាមួយគូនេះ បានទៅដល់កាណាដាដោយសុវត្ថិភាពហើយ។
 
«យើងត្រូវបានដោះលែងជាមួយនឹងពាក្យសុំទោសដោយការយល់ច្រឡំ»។ លោកស្រី Avery និងលោក O'Kane បានអះអាងបែបនេះតាមប្រព័ន្ធសារអេឡិចត្រូនិច ដោយបន្ថែមថា ក្នុងអំឡុងពេលឃុំខ្លួន គ្មានការចោទប្រកាន់ណាមួយមកលើលោកស្រី និងស្វាមីឡើយ ហើយជំនួញអ្នកទាំងពីរនៅមីយ៉ាន់ម៉ា ក៏មិនប៉ះពាល់អ្វីដែរ។ អ្នកទាំងពីរ ក៏បានអរគុណទៅដល់ ក្រុមគ្រួសារ និងមិត្តភក្តិ ដែលបានបារម្ភផងដែរ។ 
 
ទោះថាលោកស្រី Avery និងស្វាមី ត្រូវបានដោះលែងមែន ប៉ុន្តែលោកស្រី អះអាង ការលំបាករបស់លោកស្រី មិនអាចធៀបជាមួយប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែរងគ្រោះ ដោយសារការការគ្រប់គ្រងរបស់ក្រុមយោធាឡើយ។ 
 
មកទល់ពេលនេះ ជនជានអូស្រ្តាលីមួយរូបទៀតឈ្មោះ Sean Turnell ដែលជាសេដ្ឋវិទូ និងជាទីប្រឹក្សាសម្រាប់លោកស្រីអ៊ុងសាន ស៊ូជី មិនទាន់ត្រូវបានដោះលែងឡើយ ទោះកន្លងមក រដ្ឋាភិបាលអូស្រា្តលី បានអំពាវនាវឱ្យដោះលែងក៏ដោយ។ 
 
បើតាមសេចក្តីថ្លែងការណ៍មួយ លោកស្រី Avery បានអំពាវនាវឱ្យមេដឹកនាំយោធា ដោះលែងលោក Sean ។ ទោះក្រុមយោធា មិនអាចដោះលែងលោក Sean មែន យ៉ាងហោចណាស់ ត្រូវប្តូរសេដ្ឋវិទូរូបនោះ មកឃុំនៅក្នុងផ្ទះ ដើម្បីសុខមាលភាពផ្លូវចិត្ត និងរាងកាយ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអូស្រ្តាលី ABC។  
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រុមបាតុករច្រើនជាង ៥៨០នាក់ បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចជាមួយក្រុមប៉ូលិសមីយ៉ាន់ម៉ា ខណៈមនុស្សច្រើនពាន់នាក់ ត្រូវបានចាប់ឃុំខ្លួន ក្នុងនោះរួមមានអ្នកសារព័ត៌មាន អ្នកនយោបាយ និងក្រុមបាតុករជាដើម៕ 
 

Tag:
 មីយ៉ាន់ម៉ា
 អូស្រ្តាលី
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com