ពីនេះ ពីនោះ
កូវីដ-១៩ គួរជាពេលវេលាចែកគ្នារស់ មិនមែនដណ្តើមគ្នារស់…!
11, Apr 2021 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ ពិបាករស់ដូចគេដូចឯងដែរ ព្រោះ ចំណូលថយចុះ រីឯបំណុលនៅដដែល។ នរណា នរណាក៏ប្រឈមដូចតែគ្នាដែរ។ ដូច្នេះ សុធីរ និងសំណាង ខ្ជិលរអ៊ូច្រើន។ ផ្ទុយទៅវិញ ក្លើទាំងពីរនាំគ្នានិយាយពីរឿងដែលត្រូវជួយគ្នាក្នុងគ្រាប្រឈម។

 
សំណាង៖ អា សុធីរ! មើលទៅ មនុស្សស្ទើរគ្រប់គ្នាប្រឈមនឹងការខាតបង់ គ្រាន់តែច្រើន និងតិចប៉ុណ្ណោះ។ រីឯអ្នកដែលទទួលបានផលពីគ្រាលំបាកនេះ អាចមានចំនួនតិចទេ មិនថា អ៊ីចឹង? 
សុធីរ៖ ពលរដ្ឋខ្មែរក៏មិនខុសពីពលរដ្ឋដទៃនៅលើពិភពលោកដែរ។ អ្នកមិនប្រឈមនឹងការខាតបង់ គឺមានតិចណាស់។ មិនត្រឹមតែប៉ុណ្ណោះ កូវីដនេះ ធ្វើឲ្យមនុស្សម្នាមួយចំនួនកើតជំងឺស្រ្តេស ឬជំងឺសសៃប្រាសាទទៀតផង។ 
 
សំណាង៖ ហេតុអ្វីបានជាកើតជំងឺខាងលើនេះ អា សុធីរ?  
 
សុធីរ៖ អញមើលតាមព័ត៌មាន ហើយផ្អែកលើអ្នកជំនាញនិយាយ គឺថា ដោយសារតែកូវីដ មនុស្សម្នាស្ថិតនៅឯកា ជំពាក់បំណុល គ្មានការងារធ្វើ។ល។ ទាំងអស់នេះសុទ្ធសឹងជាកក្តារួមផ្សំដែលជំរុញឲ្យបុគ្គលមួយចំនួនកើតជំងឺផ្សេងៗ ដូចជា ជំងឺសសៃប្រាសាទជាដើម។ 
 
សំណាង៖ អ្វីដែលអ្ហែងនិយាយខាងលើមុននេះបន្តិច គឺថា មានបុគ្គលច្រើននាក់ប្រឈមនឹងការខាតបង់លុយកាក់ច្រើនដោយសារតែការរីករាលដាលនៃមេរោគកូវីដហ្នឹង ចុះចំពោះអ្នករកស៊ីមួយថ្ងៃសម្រាប់មួយថ្ងៃយ៉ាងម៉េចទៅវិញ? 
 
សុធីរ៖ អ្នកដែលរកប្រាក់ចំណូលបានមួយថ្ងៃសម្រាប់មួយថ្ងៃ គឺកំពុងប្រឈមនឹងការលំបាកគួរសមហើយ។ ប៉ុន្តែ អ្វីដែលអញឃើញចំណុចល្អរបស់សង្គមយើង គឺថា អ្នកមានចិត្តសប្បុរសធម៌មួយចំនួនប្រកាសជួយអ្នកទន់ខ្សោយតាមហ្វេសប៊ុកតែម្តង។ អ្នកខ្លះទៀត ប្រកាសជួយដោយបញ្ចុះតម្លៃទំនិញរបស់ខ្លួន។ ចលនាជួយគ្នាទៅវិញទៅមក ឬទឹកចិត្តជួយគ្នាក្នុងគ្រាលំបាកនេះ បានកើតមានឡើងកាន់តែច្រើននៅក្នុងមាតុភូមិរបស់យើង។ រីឯ រដ្ឋាភិបាលវិញ ក៏បានប្រកាសជួយអ្នកដែលមានជីវភាពទន់ខ្សោយទៅតាមលក្ខខណ្ឌផ្សេងៗគ្នាដែរ។ 
 
សំណាង៖ អ្នកចិត្តល្អ មានហើយ តែអ្នកចិត្តមិនទាន់ទូលាយក៏មានច្រើនដែរ អា សុធីរ។ 
 
សុធីរ៖ អ្ហែងនិយាយអ៊ីចឹង ចុះអ្ហែងមានបានជួយគេខ្លះឬនៅ? 
 
សំណាង៖ អញបានជួយមនុស្សនៅជុំវិញខ្លួនអញខ្លះហើយ។ អញជួយទៅតាមសមត្ថភាពរបស់អញទេ។ អញជួយម្ហូបអាហារតិចតួចគ្រាន់ជួយសង្រ្គោះក្រពះពួកគេក្នុងគ្រាដ៏ប្រឈមនេះ។ អញមានតិច ចិត្តអញទូលាយតូចធម្មតា។ អ្នកខ្លះវិញ មានច្រើនហើយ តែចិត្តដូចជាមិនសូវទូលាយសោះ។  
 
សុធីរ៖ តាមពិត អ្នកមានធនធាន បានជួយច្រើនហើយ អា សំណាង! ងាកមករឿងអ្ហែងវិញ អ្ហែងធ្វើទាន  ចូរអ្ហែងកុំមើលបំណាំអ្នកដទៃ។ អ្នកដទៃមិនធ្វើ អ្ហែងធ្វើបង្ហាញឲ្យញឹកទៅ អ្នកមិនទាន់ធ្វើទានអាចទន់ចិត្ត ហើយចាប់ផ្តើមធ្វើបុណ្យដាក់ទានដែរ។ ពេលយើងធ្វើ គួរធ្វើចេញពីចិត្ត កុំធ្វើដោយសារបង្ខំចិត្ត។ ការធ្វើបុណ្យដាក់ទានក្នុងកាលៈទេសៈប្រឈមនេះ គឺល្អណាស់។ ជួយគ្នាក្នុងគ្រាក្រ ប្រសើរជាងជួយគ្នាក្នុងគ្រា«មានបាន»។ អំណោយក្នុងពេលប្រឈម មានតម្លៃខ្ពស់ជាងអំណោយក្នុងពេល«មានបាន»។ ក្នុងគ្រានេះ អ្នកធូរធាគួរជួយអ្នកទន់ខ្សោយ រីឯអ្នកទន់ខ្សោយក៏ត្រូវបង្ហាញមនោសញ្ចេតនាអរគុណចំពោះអ្នកជួយដែរ។ នៅក្នុងគ្រានេះ អ្នកលក់ដូរ មិនគួរកេងប្រយោជន៍ដំឡើងថ្លៃទំនិញឡើយ។ សរុបសេចក្តីមកវិញ ពេលកូវីដនេះ គួរក្លាយជាឱកាសនៃការចែកគ្នារស់ ពោល គឺមិនមែនជាពេលវេលាដែលត្រូវដណ្តើមគ្នារស់ឡើយ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com