ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនត្រូវប្រហែសឡើយ! បេះដូងដំណើរការមិនប្រក្រតី អាចបង្កបញ្ហាទាំងនេះចំពោះសុខភាព
20, Oct 2023 , 10:59 pm        
រូបភាព
បេះដូង គឺជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយដែលដើរតួនាទីចាំបាច់ផ្គត់ផ្គង់សារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកាន់គ្រប់កោសិកា រួមទាំងសរីរាង្គផ្សេងទៀតតាមរយៈការច្របាច់ឈាមពេញរាងកាយ។ នេះហើយជាមូលហេតុចម្បងបំផុតមួយដែលមានបញ្ហាជាច្រើនអាចនឹងកើតឡើងនៅពេលបេះដូងដំណើរការមិនប្រក្រតី។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលកើតឡើងចំពោះរាងកាយនៅពេលបេះដូងដំណើរការខុសធម្មតា ៖

 
១. បេះដូងលោតញាប់ ឬញ័រទ្រូង
ចង្វាក់បេះដូងលោតញាប់ ឬយឺតជាងធម្មតាជាបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពបេះដូង។ ក្រៅពីជំងឺបេះដូងហើយនោះ ចង្វាក់បេះដូងលោតខុសប្រក្រតីក៏អាចបណ្ដាលមកពីបញ្ហាថប់បារម្ភ ភាពស្ត្រេសពេក និងជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ។
 
២. ឈឺទ្រូង
វេជ្ជបណ្ឌិតភាគច្រើនហៅអាការៈនេះថាជាជំងឺ angina ប៉ុន្តែបុគ្គលធម្មតាហៅវាថាការឈឺទ្រូង។ ទោះបីជាមានកត្តាច្រើនណាស់បង្កអាការៈនេះឱ្យលេចឡើង ប៉ុន្តែការចុកទ្រូងជាញឹកញយពាក់ព័ន្ធនឹងបេះដូង។ ការចុងទ្រូងជាធម្មតាកើតឡើងនៅពេលសាច់ដុំបេះដូងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ខណៈដែលសសៃឈាមអាកទែត្រូវស្ទះ។
 
៣. ការឈឺចាប់រាលដាលទៅដៃ
ក្រៅពីឈឺទ្រូង ការឈឺចាប់រាលទៅដៃក៏ជាអាការៈមួយនៃបញ្ហាបេះដូងផងដែរ។បុរសភាគច្រើនជួបប្រទះនូវអាការៈឈឺចាប់នៅដៃខាងឆ្វេងរបស់ពួកគេ ខណៈដែលស្ត្រីឈឺចាប់ដូចគ្នានៅដៃម្ខាង ឬទាំងសងខាង។ ស្ត្រីមួយចំនួនបាននិយាយផងដែរថាពួកគេឈឺខុសប្រក្រតីនៅត្រង់កែងដៃនៅមុនពេលគាំងបេះដូង។ បញ្ហានេះកើតឡើងដោយសារការឈឺចាប់ពីបេះដូងធ្វើដំណើរទៅកាន់ខួរឆ្អឹងខ្នងកន្លែងដែលសសៃប្រសាទនៃរាងកាយត្រូវបានផ្សារភ្ជាប់គ្នា ហើយខួរក្បាលយល់ច្រឡំ និងគិតថាដៃរបស់អ្នកឈឺចាប់។
 
៤. ភាពខ្លីនៃដង្ហើម
នៅមុនពេលបេះដូងច្របាច់ឈាមពេញក្នុងរាងកាយ ប៉ុន្តែទីតាំងបញ្ជូនអុកស៊ីតសែនដំបូងគេ គឺសួត។ ដំណើរការមុខងារបេះដូងមិនប្រក្រតីបង្កបញ្ហាដល់ការបញ្ជូនឈាមទៅសួតដែលនាំឱ្យមានភាពខ្លីនៃដង្ហើម។
 
៥. ឆាប់អស់កម្លាំង
អ្នកដែលមានបញ្ហាបេះដូងច្រើនតែឆាប់ហត់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទោះបីជាធ្វើសកម្មភាពស្រាលៗ ឬធម្មតាដូចជាដើរ និងឡើងជណ្ដើរក៏ហត់អស់កម្លាំងខ្លាំងដែរ។ នេះក៏ព្រោះតែបេះដូងខ្សោយសមត្ថភាពផ្គត់ផ្គង់អុកស៊ីសែនចាំបាច់ដល់កោសិកា ជាលិកា និងសរីរាង្គផ្សេងៗទៀតបានត្រឹមត្រូវ
 
៦. ហើមជើង កជើង និងប្រអប់ជើង
នៅពេលបេះដូងរបស់អ្នកលោតមិនបានល្អ ឬត្រឹមត្រូវ នោះសារធាតុរាវពីក្នុងសសៃឈាមនឹងហៀរចូលទៅជុំវិzញជាលិកា ហើយជើង និងប្រអប់ជើងរបស់អ្នក គឺជាកន្លែងដែលងាយនឹងរងគ្រោះបំផុត។ បញ្ហានេះត្រូវបានគេហៅថា ជំងឺហើមផ្នែកខាងចុង (peripheral edema) ហើយមនុស្សដែលកើតជំងឺហើមនេះ គឺមិនមានជំងឺបេះដូងឡើយ។ ប៉ុន្តែទោះជាយ៉ាងណា វានៅតែជារោគសញ្ញាទូទៅបំផុតមួយក្នុងចំណោមអ្នកជំងឺបេះដូងជាច្រើន ហើយអ្នកគួរយកចិត្តទុកដាក់ឲ្យបានមែនទែន។
 
៧. វិលមុខ
មានកត្តាច្រើនណាស់ដែលបណ្ដាលឱ្យកើតមានបញ្ហាវិលមុខ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាវិលមុខក៏អាចកើតឡើងដោយសារបេះដូងដំណើរការមិនប្រក្រតីផងដែរ។ នោះក៏ព្រោះតែកង្វះអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ខួរក្បាល។
 
៨. បាត់បង់ចំណង់អាហារ និងមានអារម្មណ៍ចង្អោរចង់ក្អួត
អ្នកជំងឺភាគច្រើនដែលរងគ្រោះដោយសារជំងឺបេះដូង គឺតែងទទួលរងនូវបញ្ហាបាត់បង់ចំណង់អាហារ និងចង្អោរចង់ក្អួត ទោះបីជាពួកគេទើបតែទទួលទានបានប៉ុន្មានម៉ាត់ក៏ដោយ។ មូលហេតុនៃបញ្ហានេះ គឺដោយសារសារធាតុរាវត្រូវបានបង្កើតឡើងនៅជុំវិញថ្លើមនិងពោះវៀនដែលរំខានដល់ការរំលាយអាហារបានត្រឹមត្រូវ។ រោគសញ្ញាទាំងនេះជាធម្មតាមានអមមកជាមួយនឹង ការឈឺចាប់ក្នុងពោះ ហើយប្រសិនបើអ្នកជួបប្រទះនូវអាការៈទាំងនេះរួមគ្នា អ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។
 
៩. កម្រិតនៃការថប់បារម្ភកើនឡើងខ្លាំងខុសប្រក្រតី
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកដែលជួបប្រទះនូវបញ្ហាថប់បារម្ភខ្លាំងនៅក្នុងវ័យក្មេង គឺងាយនឹងកើតជំងឺបេះដូង។ ឥទ្ធិពលមួយចំនួននៃការថប់បារម្ភទៅលើស្ថានភាពបេះដូងរួមមាន ជំងឺ tachycardia (ចង្វាក់បេះដូងលោតលឿន) សម្ពាធឈាមឡើងខ្ពស់ និងអត្រាចង្វាក់បេះដូងថយចុះ។
 
១០. បាត់បង់ស្មារតី ឬសន្លប់
មានអារម្មណ៍ធីងធោងស្រាលខ្លួន ហើយសន្លប់បាត់ស្មារតី គឺកើតមានជាទួទៅក្នុងចំណោមអ្នកជំងឺបេះដូង។ នៅពេលបេះដូងដំណើរការមិនប្រក្រតីនោះក៏ព្រោះតែលំហូរឈាមត្រូវបានរារាំងពីសសៃឈាមដែលស្ទះ ឬរួមតូច។ ប្រសិនបើអ្នកធ្លាប់ជួបប្រទះនូវបញ្ហាដកដង្ហើមបានខ្លី ហើយសន្លប់ក្នុងរយៈពេលខ្លីមួយនោះ អ្នកត្រូវប្រញាប់ទំនាក់ទំនងទៅកាន់គ្រូពេទ្យភា្លម។
 
សម្គាល់ ៖ រោគសញ្ញា ឬអាការៈនៃបញ្ហាបេះដូងដំណើរការមិនប្រក្រតីមានច្រើនណាស់! ដូច្នេះប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាផ្សេងៗដូចបានរៀបរាប់ខាងលើ ចូរកុំធ្វេសប្រហែសមិនអើពើឱ្យសោះ។ ដើម្បីជាប្រសើរ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com