COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីនូវែលសេឡង់៖ បើមិនចង់ផ្ទេរតួនាទី មន្ត្រីព្រំដែនត្រូវចាក់វ៉ាក់សាំងកូវីដ-១៩
12, Apr 2021 , 3:29 pm        
រូបភាព
ដោយ: រួបរួម
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ នាថ្ងៃចន្ទនេះ បានតម្រូវឲ្យមន្ត្រីដែលបម្រើការតាមព្រំដែនទាំងអស់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានមុនដំណាច់ខែនេះ បើមិនដូច្នោះទេ ពួកគេប្រឈមផ្ទេរចេញពីតួនាទី។ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយបញ្ជាក់ថា បទបញ្ជានេះ កើតឡើងក្រោយពីមានករណីឆ្លងទី៣ក្នុងចំណោមមន្ត្រីដែលបម្រើការនៅព្រំដែន។

 
នូវែលសេឡង់ គ្មានករណីសហគមន៍អស់រយៈពេលជាង៤០ថ្ងៃជាប់គ្នា ប៉ុន្តែកាលពីសប្តាហ៍មុន សម្រាប់តែមានការប្រកាសករណីវិជ្ជមានថ្មីមួយ ដោយអ្នកជំងឺជាមន្ត្រីព្រំដែន ដែលបានខកខានទៅចាក់វ៉ាក់សាំងរហូតដល់ទៅពីរលើក។ ក្រោយមក មានការឆ្លងពីរករណីទៀត។
 
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន លោកស្រី Ardern បានបញ្ជាក់ថា៖ «នៅចុងខែមេសានេះ អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង នឹងមិនអនុញ្ញាតឲ្យបន្តការងារនៅតំបន់ដែលប្រឈមខ្ពស់នៅឡើយ ហើយនឹងត្រូវផ្លាស់ប្តូរតួនាទីផងដែរ»។
 
នាយករដ្ឋមន្ត្រីនូវែលសេឡង់រូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីព្រំដែនប្រមាណ៨៦ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ 
 
តាមរបាយការណ៍ដែលកត់ត្រាដោយ Worldometers.info គិតត្រឹមរសៀលថ្ងៃចន្ទ ទី១៣ ខែមេសានេះ នូវែលសេឡង់ មានអ្នកឆ្លងកូវីដ-១៩ចំនួន២៥៨៣នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ ២៤៥៧នាក់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com