COVID-19
ជាតិ
សុខភាព
ក្រចេះប្រកាសករណីកូវីដ-១៩ ដំបូងបំផុតដោយអ្នកជំងឺជាកម្មការិនី ពីរោងចក្រឌីនហាន លោក វ៉ា ថន អភិបាលខេត្តក្រចេះ។ រូបថត រដ្ឋបាលខេត្ត
× ជំងឺកូវីដ-១៩(COVID-19) ដែលផ្ទុះចេញពីព្រឹត្តិការណ៍សហគម២០កុម្ភៈ បានឆ្លងរាលដាលខេត្តក្រចេះ ដោយកើតលើស្ត្រីវ័យ២៩ឆ្នាំម្នាក់។ នារសៀលថ្ងៃទី១២មេសានេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រកាសរកឃើញ ករណីដំបូងនៃជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ ដែលជាកម្មកររោងចក្រ ឌីន ហាន់ នៅរាជភ្នំពេញ។ បើតាមសេចក្តីជូនដំណឹងរបស់លោក វ៉ា ថន ស្រ្តីដែលឆ្លងកូវីដ-១៩នេះ មានអាសយដ្ឋានភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
លោក វ៉ា ថន បានរៀបរាប់ថា ស្ត្រីជាកម្មកររោងចក្រ ឌីន ហាន់ រូបនេះ បានចាកចេញពីភ្នំពេញ ទៅដល់ស្រុកកំណើត កាលពីថ្ងៃទី៣មេសា ឆ្នាំ២០២១ ដោយមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់មកក៏បញ្ជូននៅមន្ទីរពេទ្យបង្អែកស្នួល ក្រោយទទួលបានដំណឹងថា រោងចក្រ ឌីន ហាន មានករណីផ្ទុះជំងឺកូវីដ-១៩។
រហូតដល់ថ្ងៃទី៩មេសា ស្រ្តីជាកម្មកររោងចក្រ ឌីន ហាន់ រូបនេះ ក៏មានអាការៈ ក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយមន្ត្រីរបស់ក្រសួងសុខាភិបាល បានយកសំណាកទៅធ្វើតេស្ត ដោយលទ្ធបង្ហាញថា មានវិជ្ជមានមេរោគកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល។
លោក អភិបាលក្រចេះ បានអំពាវនាវដល់ពលរដ្ឋទាំងឡាយដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ សូមទៅជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងធ្វើតេស្តរកកូវីដ-១៩។
នេះជាករណីកូវីដ-១៩លើកដំបូងបំផុតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលកន្លងមក រតនគិរីធ្លាប់ប្រកាសពីករណីដំបូងរបស់ខ្លួន ប៉ុន្តែក្រោយមក អាជ្ញាធរខេត្តបានបញ្ជាក់ពីលទ្ធផលអវិជ្ជមានវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋពីខេត្តក្រចេះ ក៏ធ្លាប់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ផងដែរ ប៉ុន្តែនៅក្នុងមូលដ្ឋានខេត្តផ្សេង។
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់។
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ នៅកម្ពុជា បន្ទាប់ក្រចេះ ប្រកាសករណីវិជ្ជមានដំបូង បច្ចុប្បន្ននៅសល់តែខេត្ត៣ទៀតប៉ុណ្ណោះដែលគ្មានករណីកូវីដ-១៩ ដែលសុទ្ធតែជាខេត្តនៅភូមិភាគឦសាន រួមមាន រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង៕
© រក្សាសិទ្ធិដោយ thmeythmey.com