អន្តរជាតិ
អង់គ្លេស បើកអាជីវកម្មមួយចំនួនឡើងវិញ ស្របពេលស្ថានការណ៍កូវីដ-១៩ កាន់តែធូរស្រាល
12, Apr 2021 , 10:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ ឈួ ស៊ាវយីងជាវ 

នៅអង់គ្លេស នៅថ្ងៃទី១២ ខែមេសានេះ អាជីវកម្មមួយចំនួនដូចជាហាងទំនិញ ហាងកាត់សក់ ក្លិបហាត់ប្រាណ និងហាងស្រាសួនច្បារ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ តែត្រូវបន្តវិធានការសុខាភិបាលឱ្យម៉ត់ចត់។ នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន លើកឡើងថា នេះជាដំណាក់កាលសំខាន់ក្នុងការផ្ដល់សិទ្ធិសេរីភាពដល់ប្រជាជនក្រោយពីការរឹតបន្តឹងនាពេលកន្លងមកដោយសារការរីករាលដាលជំងឺកូវីដ-១៩។


អាជីវកម្មរាប់រយរាប់ពាន់នៅអង់គ្លេស ត្រូវបានបិទទ្វារ ចាប់តាំងរដ្ឋាភិបាលប្រកាសបិទប្រទេសជាលើកទី៣កាលពីដើមខែមករាដើម្បីទប់ស្កាត់ចម្លងជំងឺកូវីដ-១៩ ដែលបង្កដោយវីវុរសបំប្លែងថ្មី។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអង់គ្លេស ក៏សម្រុកចាក់វ៉ាក់សាំងឱ្យប្រជាជនដើម្បីដោះស្រាយវិបត្តិនេះផងដែរ។
 
បច្ចុប្បន្ននេះ វ៉ាក់សាំងដូសទីមួយ ត្រូវបានចាក់ឱ្យប្រជាជន៣២,១២លាននាក់ និង៧,៤៧លាននាក់ទៀត ទទួលបានវ៉ាក់សាំងដូសទី២រួចរាល់។ វ៉ាក់សាំងរួមចំណែកយ៉ាងធំក្នុងការជួយឱ្យអង់គ្លេសឆ្លងរលកកូវីដ-១៩ ។ ករណីឆ្លងប្រចាំថ្ងៃ បានធ្លាក់ចុះបន្តបន្ទាប់មកត្រឹមខ្ទង់មួយពាន់នាក់ ខណៈការស្លាប់ក៏ថយចុះច្រើនផងដែរ ធៀបនឹងខែមករាដែលករណីឆ្លងហក់ឡើងខ្លាំង។
 
ជាមួយស្ថានភាពធូរស្រាលនេះ នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុនុ ប្រកាសផែនការបន្ធូរបន្ថយការរឹតត្បិតដែលអនុវត្តកន្លងមក។ ហាងលក់ទំនិញ ហាងកាត់សក់ កន្លែងហាត់ប្រាណ និងភោជនីយដ្ឋានមួយចំនួន ត្រូវបានអនុញ្ញាតឱ្យរកស៊ីឡើងវិញ។ ហាងស្រា និងភោជនីយដ្ឋាន នឹងត្រូវអនុញ្ញាតឱ្យផ្ដល់សេវាកម្មនៅតែទីធ្លាខាងក្រៅប៉ុណ្ណោះ ទោះបីបម្រាមគោចរត្រូវបានឈប់អនុវត្តក្ដី។ សេវាកម្មក្នុងហាង បន្តបិទរហូតដល់ថ្ងៃទី១៧ ខែឧសភា។
 
លោក ចនសុន ជឿថា ការបន្ធូរបន្ថយនេះ នឹងជួយបន្ថយទុក្ខលំបាកមួយភាគធំសម្រាប់ម្ចាស់អាជីវកម្មដែលបានបិទទ្វារអស់ពេលយូរមក និងជាឱកាសសម្រាប់មនុស្សទាំងអស់ត្រលប់ទៅធ្វើអ្វីដែលពួកគេស្រលាញ់ និងបានបាត់បង់ឱកាសក្នុងការធ្វើវាកន្លងមក។ លោកស្នើឱ្យប្រជាជនទាំងអស់បន្តរក្សាការទទួលខុសត្រូវ រក្សាគម្លាត អនុវត្តវិធានការសុខភិបាលឱ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ស្របពេលអង់គ្លេស កំពុងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងយ៉ាងសស្រាក់សស្រាំ។
 
ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសមានចំនួនអ្នកស្លាប់ច្រើនជាងគេរហូតដល់ជាង១២៧០០០នាក់។ អ្នកលក់ដូរហាងទំនិញតូចៗ រងការខាតបង់ប្រមាណ២៧ពាន់លានអឺរូ(៣៧ពាន់លានដុល្លារ)អំឡុងពេលបិទប្រទេស។ ដូចនេះ ការបើកអាជីវកម្មមួយចំនួនឡើងវិញនេះ ទំនងជួយដល់សេដ្ឋកិច្ចបានច្រើនតាមរយៈការចាយវាយច្រើនជាងមុន៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com