COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី១៨១នាក់ ជាសះស្បើយ៤០នាក់
13, Apr 2021 , 9:40 am        
រូបភាព
ក្រុម​គ្រូពេទ្យយកវត្ថុសំណាកអ្នកនៅផ្សារចាស់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
ក្រុម​គ្រូពេទ្យយកវត្ថុសំណាកអ្នកនៅផ្សារចាស់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
មនុស្ស១៨១នាក់ទៀតនៅកម្ពុជា មានវិជ្ជមានកូវីដ-១៩ ខណៈ៤០នាក់បន្ថែម បានជាសះស្បើយវិញ។ នេះ​បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃអង្គារ ទី១៣ ខែមេសា។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង១៨១នាក់នោះ នៅរាជធានីភ្នំពេញ មានច្រើនជាងគេ គឺ១៤០នាក់។



ក្នុងចំណោមករណីថ្មីទាំង១៨១ មាន១៧៨ករណីជាករណីសហគមន៍ ២ជាករណីនាំចូល និង១ករណីជាពលករដែលទើបមកពីថៃ។

ករណីនាំចូល គឺកុមារីអាយុ៩​ឆ្នាំ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក និងមកដល់កម្ពុជានៅថ្ងៃទី៣០​ ខែមីនា និង​បុរសជនជាតិខ្មែរអាយុ​៣៣​ឆ្នាំ ដែលធ្វើដំណើរមកពីឥណ្ឌា ហើយមកដល់កម្ពុជានៅ​ថ្ងៃទី៣០ ខែមីនា។ រីឯពលករពីថៃ គឺស្ត្រីវ័យ​៥០​ឆ្នាំ នៅឃុំទូកមាស ខេត្ត ដែលមកដល់កម្ពុជានៅថ្ងៃទី១១ ខែមេសា។

ក្នុង​ករណីសហគមន៍២០កុម្ភៈ ដែលមាន​១៧៨ករណី ភ្នំពេញមាន​រហូតដល់ទៅ១៤០នាក់ ដោយមានខ្មែរ១៣៩នាក់ និង​បារាំង១នាក់។ ស្វាយរៀងមាន១៤នាក់ (ខ្មែរ១៣នាក់ ឥណ្ឌូណេស៊ី១នាក់), ព្រះសីហនុមាន​៨នាក់ (ខ្មែរ៧នាក់ វៀតណាម១នាក់), ព្រៃវែង៦នាក់ (ខ្មែរទាំង៦នាក់), កណ្តាលមាន៣នាក់ (ខ្មែរទាំង៣នាក់), សៀមរាបមាន​៤នាក់ (ខ្មែរទាំង​៤នាក់), តាកែវមាន១នាក់ ហើយព្រះវិហារ និងក្រចេះ មាន១នាក់ដែលជាករណីសហគមន៍ដំបូងបំផុតនៅ​ក្នុងខេត្តទាំង២នាក់។

អ្នកសះស្បើយមាន​៤០នាក់ ក្នុងនោះ​២នាក់នៅកណ្តាល ២នាក់នៅសៀមរាប និង​៣៦នាក់នៅភ្នំពេញ។

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ សរុប២៤០៦នាក់ កំពុងសម្រាកព្យាបាល ខណៈ២២៥២នាក់ បានជាសះស្បើយវិញ និង៣៣នាក់ បានបាត់បង់ជីវិត។

ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និង​ព្រះវិហារ​៕






Tag:
 COVID-19
  ករណីឆ្លងថ្មី
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com