កីឡាអន្តរជាតិ
អន្តរជាតិ
Real, PSG និង Inter សុទ្ធតែចង់បាន Lingard ក្រោយធ្វើព្យុះភ្លៀងនៅ West Ham
13, Apr 2021 , 4:28 pm        
រូបភាព
ទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលរបស់ Jesse Lingard ចាប់តាំងពីផ្លាស់ចេញពី Manchester United ទៅ West Ham United បានធ្វើឱ្យក្រុមធំៗនៅអឺរ៉ុបចាប់អារម្មណ៍។ Real Madrid, Paris Saint-Germain និង Inter Milan សុទ្ធតែត្រូវបានរាយការណ៍ថា ចង់បានខ្សែបម្រើអង់គ្លេសរូបនេះទៅរួមក្រុម។


Man Utd បានអនុញ្ញាតឱ្យ Lingard ទៅ West Ham ខ្ចីជើងនៅរដូវកាលនេះកាលពីខែមករា។ Lingard ធ្វើព្យុះភ្លៀងកាន់តែខ្លាំងឡើង តាមរយៈការស៊ុតបញ្ចូលទី៨គ្រាប់ ក្នុងការប្រកួត៩លើក ដើម្បីជួយក្រុមរហស្សនាមញញួរឈានចូលក្នុងតំបន់ Top 4 នៃក្របខណ្ឌ Premier League គិតត្រឹមសប្តាហ៍ទី៣១ និងត្រូវបានកោះហៅឱ្យចូលជម្រើសជាតិអង់គ្លេសវិញទៀតផង។
 
ស្របពេលខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះ ត្រូវផុតកិច្ចសន្យាជាមួយបិសាចក្រហមនៅចុងឆ្នាំ២០២២ West Ham មានបំណងចង់ទិញផ្តាច់យករូបគេតែម្តង។ យ៉ាងណាក៏ដោយ Man Utd ហាក់ដូចជាចង់យក Lingard ត្រឡប់ទៅ Old Trafford វិញក្រោយលក្ខខណ្ឌខ្ចីជើងបញ្ចប់។
 
កាសែត ESPN បានអះអាងថា Lingard មិនទាន់សម្រេចចិត្តទាក់ទងនឹងអនាគតរបស់ខ្លួននៅឡើយទេ ប៉ុន្តែរូបគេបានបង្ហាញបំណងចង់លេងឱ្យក្រុមដែលបានកៅអីនៅ Champions League រដូវកាលក្រោយ។
 
មិនតែប៉ុណ្ណោះ ក្លិបយក្សនៅអឺរ៉ុបដូចជា Real Madrid, Paris Saint-Germain និង Inter Milan សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ចង់បាន Lingard ទៅរួមក្រុមផងដែរ នៅពេលទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។
 
បើទោះមានការចាប់អារម្មណ៍ច្រើនពីក្លិបធំៗ ប៉ុន្តែ West Ham នៅតែមានភាគរយច្រើនជាងគេ ក្នុងការទទួលបាន Lingard ប្រសិបបើក្រុមដែលមានលោក David Moyes ជាអ្នកចាត់ការទូទៅទទួលបានកៅអីក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយនោះ៕
 

Tag:
 Jesse Lingard
© រក្សាសិទ្ធិដោយ thmeythmey.com