អន្តរជាតិ
ឥណ្ឌា អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការកូវីដ-១៩ Sputnik V របស់រុស្ស៊ី
13, Apr 2021 , 8:29 pm        
រូបភាព
ក្រសួងសុខាភិបាលឥណ្ឌា ប្រកាសនៅថ្ងៃទី១៣ ខែមេសា ថា ឥណ្ឌាសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រុស្ស៊ីឈ្មោះ Sputnik V ។ ការអនុញ្ញាតនេះធ្វើឡើងស្របពេលករណីឆ្លងក្នុងស្រុកកើនឡើងឥតឈប់ឈររហូតទីក្រុងមួយចំនួនត្រូវសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន និងបង្កើនគ្រែតាមមន្ទីរពេទ្យនានា។

 
Sputnik V ជាវ៉ាក់សាំងទីបីដែលទទួលការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅឥណ្ឌាបន្ទាប់ពីវ៉ាក់សាំងរបស់ AstraZeneca និង Covaxin ដែលអភិវឌ្ឍក្នុងដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៣ ខែមេសា ក្រសួងសុខាភិបាកឥណ្ឌាបញ្ជាក់ថា ខ្លួនទទួលយកអនុសាសន៍របស់ក្រុមអ្នកជំនាញក្នុងការប្រើប្រាស់វ៉ាក់សាំង Sputnik V ក្នុងលក្ខខណ្ឌបន្ទាន់។
 
លោក G.V. Prasad នាយកក្រុមហ៊ុន Dr Reddy's Laboratories អះអាងថា ក្រុមហ៊ុនរបស់លោករីករាយជាខ្លាំងដែលទទួលបានការអនុញ្ញាតបន្ទាន់នេះ។ លោកចាត់ទុកវ៉ាក់សាំង ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ 
 
វ៉ាក់សាំង Sputnik V មានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) នៅពីក្រោយ។ RDIF បានចុះកិច្ចព្រមព្រៀងជាមួយរោងចក្រឥណ្ឌាដើម្បីផលិតវ៉ាក់សាំងនេះ៨៥២លានដូសរួចស្រេចទៅហើយ មុនការអនុញ្ញាតនេះទៅទៀត។ នាយក RDIF លោក Kirill Dmitriev និយាយថា ការទទួលបានការអនុញ្ញាតនេះ ជាការបោះជំហានដ៏សំខាន់ បន្ទាប់ពីកិច្ចសហប្រតិបត្តិការលើការសាកល្បងវ៉ាក់សាំងនេះនៅឥណ្ឌា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
 
បច្ចុប្បន្ន ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនប្រមាណ១,៣ពាន់លាននាក់មួយនេះ កំពុងប្រឈមុខរលកឆ្លងដ៏ខ្លាំង ជាមួយករណីឆ្លងប្រចាំថ្ងៃមិនតិចជាង១៦ម៉ឺននាក់ឡើយ។ សម្រាប់ថ្ងៃទី១២ ខែមេសា ឥណ្ឌាកត់ត្រាករណីវិជ្ជមានច្រើនជាង១៦១,០០០នាក់នៅទូទាំងប្រទេស។ ទីក្រុងមុមបៃក្នុងរដ្ឋ Maharashtra ជាចំណុចកណ្ដាលនៃរលកឆ្លងលើកនេះ។ អាជ្ញាធរទីក្រុងនឹងសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្នចំនួនបីដែលមាន៦ពាន់គ្រែទុកព្យាបាលអ្នកជំងឺ។
 
 អ្នកជំនាញសា្វគមន៍ការអនុញ្ញាតឱ្យប្រើប្រាស់ Sputnik V ប៉ុន្តែវាទំនងមិនអាចជួយសម្រាលស្ថានភាពបច្ចុប្បន្នឡើយ ព្រោះផលិតកម្មមិនទាន់ចាប់ផ្ដើមផង។ លោក Dmitriev ប្រាប់ទូរទស្សន៍ឥណ្ឌា NHDTV ថា ដូសដំបូងរបស់ Sputnik V នឹងចេញជារូបរាងនៅចុងខែមេសា ឬខែឧសភា ហើយផលិតកម្មនឹងត្រូវបង្កើននៅខែមិថុនា។
 
ឥណ្ឌាចាប់ផ្ដើមកម្មវិធីវ៉ាក់សាំងរបស់ខ្លួននៅពាក់កណ្ដាលខែមករា ជាមួយគោលដៅចាក់ឱ្យប្រជាជន៣០០លាននាក់នៅត្រឹមខែកក្កដា។ មកទល់ពេលនេះ វ៉ាក់សាំងប្រមាណ១០៨លានដូសហើយ ត្រូវបានផ្ដល់ឱ្យប្រជាជន។ ដើម្បីបំពេញតម្រូវការក្នុងស្រុក ឥណ្ឌាក៏ផ្អាកនាំចេញវ៉ាក់សាំងកូវីដ-១៩ មួយរយៈផងដែរ ដែលធ្វើឱ្យប៉ះពាល់ការចែកចាយវ៉ាក់សាំងរបស់យន្តការ COVAX យ៉ាងខ្លាំង៕
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com