ជាតិ
សង្គមជាតិ
កញ្ញា សាន្ត កុសុមៈ តំណាងឱ្យទេពធីតា«មណ្ឌាទេវី» យាងចុះក្នុងពិធីចូលឆ្នាំខ្មែរ
14, Apr 2021 , 7:59 am        
រូបភាព
កញ្ញា សាន្ត កុសុមៈ តំំណាងឱ្យធីតាមណ្ឌាទេវី បុត្រីទី៤របស់កបិលមហាព្រហ្ម។
កញ្ញា សាន្ត កុសុមៈ តំំណាងឱ្យធីតាមណ្ឌាទេវី បុត្រីទី៤របស់កបិលមហាព្រហ្ម។
ភ្នំពេញ៖ កញ្ញា សាន្ត កុសុម្ភៈ ជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម ដែលត្រូវយាងចុះមកកាន់ដំណែងជំនួសឱ្យទេពធីតាឆ្នាំចាស់(ឆ្នាំ២០២០) នៅវេលាម៉ោង៤ទៀបភ្លឺ នាថ្ងៃទី១៤មេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ និងគ.ស ២០២១។

 
កញ្ញា សាន្ត កុសុមៈ ជាម្ចាស់ជ័យលាភីលេខ១ពីកម្មវិធី«ធីតាឯកសង្រ្កាន្ត» ឆ្នាំ២០២១ របស់ក្រុមហ៊ុន FUN Entertainment  ដែលមានការចូលរួមសហការ និងគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  និងក្រសួងព័ត៌មាន ក្នុងការជ្រើសរើសជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី»។ 


 កញ្ញា សាន្ត កុសុមៈ កំពុងហាត់របាំ 

ក្នុងនាមជាកញ្ញាឯកតំណាងឱ្យទេពធីតា«មណ្ឌាទេវី» ដែលយាងចុះមកគ្រប់គ្រងជម្ពូរទ្វីប នាឆ្នាំឆ្លូវនេះ  កញ្ញា សាន្ត កុសុមៈ  រួមទាំងបេក្ខភាព៦នាក់ទៀត ដែលស្ថិតនៅក្នុងនាមជាបុត្រីទាំង៧អង្គរបស់កបិលមហាព្រហ្ម មានភារកិច្ចចូលរួមចំណែក ចែករំលែកនូវសកម្មភាពផ្សេងៗនៅក្នុងសង្គម ដើម្បីបង្ហាញនូវក្តីស្រលាញ់ដ៏បរិសុទ្ធរបស់ទេពធីតាទាំង៧អង្គ ដែលតែងតែចាំជួយស្រោចស្រង់ដល់មនុស្សលោក ដូចជាកិច្ចការសប្បុរធម៌ ជាដើម។ កញ្ញា កុសុមៈ បាននិយាយដូច្នេះ៖«ក្រុមការងាររបស់ខ្ញុំ បានបង្កើតនូវមូលនិធិធីតាឯកសង្រ្កាន្ត ដើម្បីរៃអង្គាសថវិកា សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩នៅកម្ពុជា»។ 
 
នេះជាឆ្នាំទី២ហើយ ចាប់ពីឆ្នាំ២០២០ ដែលកម្ពុជាសម្រេចមិនប្រារព្ធពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩ ។   ប៉ុន្តែប្រជាពលរដ្ឋ គឺ អាចរៀបចំគ្រឿងរណ្តាប់ឬគ្រឿងដង្វាយនានា សម្រាប់ទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួនៗ។ កញ្ញា សាន្ត កុសុមៈ ដែលជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម បានរៀបរាប់ថា៖«ដោយសារខ្ញុំជាអ្នកតំណាងឱ្យទេពធីតា! ខ្ញុំដឹងថាពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកមួយពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ខ្ញុំសូមបួងសួងដល់ទេវតានិងវត្ថុស័ក្កសិទ្ធទាំងអស់ឱ្យជួយថែរក្សាកម្ពុជា ជាពិសេសប្រជាជនយើង គឺសូមឱ្យពួកគាត់មានតែសេចក្តីសុខ ចៀសឆ្ងាយពីគ្រោះទុក និងជំងឺទាំងឡាយ»។
 

សូមជម្រាបថា កញ្ញា សាន្ត កុសុមៈ គឺជាតារាសម្តែងតួឯកនៅក្នុងរឿង «នគរមាស» ដែលចាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍CTN។ កញ្ញា ទទួលបានមក្កុដពីកម្មវិធី«ធីតាឯកសង្រ្កាន្ត»ប្រចាំឆ្នាំ២០២១ ត្រូវបានក្លាយជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី» បុត្រីទី៤របស់កបិលមហាព្រហ្ម យាងចុះនៅវេលា៤តៀមភ្លឺ នាថ្ងៃទី១៤មេសា នៃពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ដោយមានសត្វលា ជាយានជំនិៈ៕   


 សកម្មភាពហាត់របាំនៃក្រុមធីតាឯកសង្ក្រាន្ត ឆ្នាំ២០២១

Tag:
 ចូលឆ្នាំខ្មែរ
  កបិលមហាព្រហ្ម
© រក្សាសិទ្ធិដោយ thmeythmey.com