កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ បាល់បោះ​ជម្រើស​ជាតិកម្ពុជាបំបាក់​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួតបើក​ឆាក
08, Dec 2013 , 7:24 pm        
រូបភាព
ក្រុម​កីឡាករ​បាល់បោះ​ជម្រើស​ជាតិកម្ពុជា បាន​ចាប់​យុទ្ធ​នាការ​ប្រកួត​កីឡាស៊ីហ្គេម​នៅទីលាន Zeya-Thiri Stadium ​ក្នុងទីក្រុងណៃពីដរ ជាមួយ​នឹង​ជ័យ​ជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះមីយ៉ាន់ម៉ាក្នុងលទ្ធ​ផល​សរុប ៧៥ ទល់​នឹង​៦០ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពី​ថៃឈ្នះសិង្ហបុរី ៦៩-៥៩ ម៉ាឡេស៊ីបំបាក់ឥណ្ឌូនេស៊ី ៦១-៥៣។

 

ក្នុងការ​ប្រកួត​ទាំង​បួន​ជុំ ក្រុមកីឡាករ​កម្ពុជា​បាន​ចាប់​ផ្តើម​យ៉ាង​ល្អ​ជាមួយ​នឹ​ងការនាំមុខ​ម្ចាស់​ផ្ទះ​យ៉ាង​ចាស់​ដៃ ៤២-១១ ប៉ុន្តែ​មីយ៉ាន់​ម៉ា​បាន​ទទួល​ជ័យជម្នះ​នៅ​បី​ជុំ​បន្ទាប់ទៀត​ក្នុងលទ្ធផល ១៨-១២, ១៨-១២ និង១៣-៩។ ទោះបី​ជាយ៉ាងណា​ក៏​ដោយ ការ​មាន​ប្រៀប​នៅ​ក្នុងជុំទីមួយ បាន​នាំឲ្យ​កម្ពុជា​បញ្ចប់​ការ​ប្រកួ​តជាមួយ​នឹង​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល​សរុប ៧៥-៦០។  

យោង​តាម​កំណត់​ត្រា​នៃការប្រកួត កីឡាករខ្មែរ-កាណាដា Sak Ratana រកបាន​តែម្នាក់​ឯង​រហូត​ដល់ទៅ​៣២ពិន្ទុ កីឡាករខ្មែរ-ស៊ុយអែត Thach Boroth ដែល​ជា​ប្រធាន​ក្រុម រកបាន​១៦ពិន្ទុ កីឡាករខ្មែរ-អាមេរិក​ Dar Anthony Dominic រកបាន​១៥ពិន្ទុ។   

គ្រូបង្វឹកនីហ្សេរីយ៉ា Koledaye ABAYOMI បាន​ប្រើ​ប្រាស់​កីឡាករ​ទាំង១២នាក់​នៅ​ក្នុងការ​ប្រកួតនេះ ខណៈ​កីឡាករ​៥នាក់​ស្ថិតនៅ​ក្នុងជម្រើស​ដំបូង។  

នៅថ្ងៃស្អែក កម្ពុជា​ត្រូវ​ប៉ះជាមួយម៉ាឡេស៊ីនាវេលាម៉ោង​១២:៣០នាទីថ្ងៃត្រង់ ហើយ​ត្រូវ​ជួប​ជាបន្តបន្ទាប់​ជាមួយ ហ្វីលីពីន ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី៕      

© រក្សាសិទ្ធិដោយ thmeythmey.com