COVID-19
ជាតិ
Lockdown៖ អាជ្ញាធរ​រឹតបន្តឹង​ការធ្វើដំណើរ នៅលើ​ផ្លូវ​៦០​ម៉ែត្រ​
15, Apr 2021 , 10:44 am        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៅលើ​ដង​មហាវិថី​សម្ដេច​តេ​ជោ​សែន ឬ​៦០​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​១៥ មេសា​នេះ តាម​វិធាន​ការបិទ​ខ្ទប់ (Lockdown) របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ដាក់ចេញ​កាលពី​ថ្ងៃទី​១៤ មេសា​។


 
​នៅលើ​ផ្លូវ​៦០​ម៉ែត្រ​នេះ អាជ្ញាធរ បាន​ហាម​ពលរដ្ឋ​ដែល​គ្មាន​ភារកិច្ច​ចាំបាច់ មិនឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​នោះទេ​។ សម្រាប់​ពលរដ្ឋ ឬ​អ្នក​ដឹកជញ្ជូន​ទំនិញ ដែល​ត្រូវបាន​អនុញ្ញាត​ឆ្លងកាត់​នោះ គឺ​ទាល់​តែមាន​ឯកសារ ឬ​លិខិតបញ្ជាក់​បេសកកម្ម​ការងារ ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន ទើប​អាជ្ញាធរ​អនុគ្រោះ​ឱ្យធ្វើ​ដំណើរ​។ ចំណែក​អាជីវករ ឬ​អ្នករកស៊ី ,​អ្នកមាន​បញ្ហា​សុខភាព និង​អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នោះ ក៏​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ដែរ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 
​ប្រមុខរដ្ឋ​ភិ​បាល សម្តេច ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​មួយ នៅ​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ស្តីពី​ការបិទ​ខ្ទប់ (Lockdown) ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងមូល និង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​។​
 
​ក្នុង​ការបិទ​ខ្ទប់​នេះ រដ្ឋាភិបាល មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ ចេញពីផ្ទះ​ឬ​កន្លែង​រស់នៅ​បច្ចុប្បន្ន​ឡើយ​។ រដ្ឋាភិបាល មិន​ហាមឃាត់​ដាច់​ណាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ ចេញពីផ្ទះ​នោះទេ ដោយមាន​ករណី​លើកលែង​មួយចំនួន ដូចជា​ពលរដ្ឋ​ត្រូវបំពេញ​ការងារ អា​ជីក​ម្ម សេវាកម្ម​ដឹកជញ្ជូន និង​មាន​បញ្ហា​សុខភាព​ជាដើម​។​

Tag:
 Lockdown
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com