អន្តរជាតិ
តៃវ៉ាន់ថា នឹងសហការជាមួយអាមេរិក ដើម្បីប្រឆាំងសកម្មភាពយោធា និងការបង្ករឿងរបស់ចិន
15, Apr 2021 , 8:59 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ លោកស្រីTsai Ing-wen។ រូបភាព៖ EPA-EFE
ប្រធានាធិបតីតៃវ៉ាន់ លោកស្រីTsai Ing-wen។ រូបភាព៖ EPA-EFE
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី១៥ ខែមេសា បានប្រាប់បេសកជនអាមេរិក ដែលបានធ្វើទស្សនកិច្ចមកក្រុងតៃប៉ិថា កោះតៃវ៉ាន់ នឹងសហការជាមួយអាមេរិក ដើម្បីប្រឆាំងនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំ និងការបង្ករឿងនៅក្នុងតំបន់របស់ចិន។ ការលើកឡើងរបស់លោកស្រី Tsai ធ្វើឡើងស្របពេល ចិនចាប់ផ្តើមសមយុទ្ធយោធារយៈពេល ៦ថ្ងៃ និងបន្ទាប់ពីចិនជំទាស់នឹងទស្សនកិច្ចរបស់មន្រ្តីអាមេរិក។

 
អតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Chris Dodd លោកRichard Armitage និងលោកJames Steinberg អតីតអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅតៃវ៉ាន់។ នេះជាគឺជាលើកដំបូងរបស់មន្រ្តីអាមេរិក ដែលទស្សនកិច្ចទៅក្រុងតៃប៉ិ បន្ទាប់ពីរដ្ឋបាលអាមេរិកថ្មីចូលកាន់តំណែងនៅក្នុងខែមករាកន្លងមក។ 
 
ក្នុងជំនួបជាមួយមន្រ្តីអាមេរិកនាការិយាល័យប្រធានាធិបតី លោកស្រីTsai បានលើកឡើងពីបញ្ហាជាច្រើនទាក់ទិននឹងបញ្ហាសន្តិសុខនៅក្នុងតំបន់ ពាណិជ្ជកម្ម ជាពិសេសសកម្មភាពអុងអាត់របស់ចិន។ «យើងមានឆន្ទៈយ៉ាងខ្លាំង ក្នុងកិច្ចសហការជាមួយអាមេរិក ដើម្បីការពារស្ថិរភាព និងសន្តិភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ប្រធានាធិបតីតៃវ៉ាន់បានលើកឡើងបែបនេះ ដោយបន្ថែមទៀតថា តៃវ៉ាន់នឹងសហការជាមួយអាមេរិក ក្នុងការប្រឆាំងនឹងសមយុទ្ធទ្រង់ទ្រាយធំ និងសកម្មភាពប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។ 
 
ការលើកឡើងរបស់លោកស្រីTsai ដូចខាងលើ គឺចង់សំដៅដល់ចិន ដែលបានធ្វើសមយុទ្ធយោធាយ៉ាងខ្លាំង ហើយយន្តហោះរបស់ប្រទេសមហាអំណាចមួយនេះ បានហោះចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ថែមទៀត។ ស្របគ្នានេះ ប្រមុខតៃវ៉ាន់ ក៏បានសន្យាធ្វើការជាមួយអាមេរិក ដើម្បីប្រឆាំងនឹងសង្រ្គាម និងព័ត៌មានមិនពិតផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ជាការឆ្លើយតប លោក Dodd អតីតព្រឹទ្ធសភាអាមេរិក បានគូសបញ្ជាក់ថា តៃវ៉ាន់គឺជាមិត្តដ៏ទុកចិត្ត និងពឹងផ្អែកបានរបស់រដ្ឋបាលអាមេរិក ដែលនឹងជួយគាំទ្របន្ថែមទៀតលើផ្នែកអវកាសអន្តរជាតិ និងការវិនិយោគលើប្រព័ន្ធការពារជាតិ។ មិនតែប៉ុណ្ណោះ លោកDodd ក៏បានសង្កត់ធ្ងន់ផងដែរថា ភាពជាដៃគូរវាងក្រុងតៃប៉ិ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គឺខ្លាំងជាងពេលណាៗទាំងអស់។
 
ដំណើរទស្សនរបស់មន្រ្តីអាមេរិកនេះ បានរងការជំទាស់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។ នៅថ្ងៃទី១៤ ខែមេសា ក្រសួងការបរទេសចិន បានដាក់ការតវ៉ាមួយជាមួយអាមេរិក ទាក់ទិននឹងដំណើរទស្សនកិច្ចខាងលើ។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ចិនទទូចឱ្យអាមេរិកគោរពគោលការណ៍ «ប្រទេសចិនតែមួយ» និងត្រូវបញ្ឈប់រាល់ទំនាក់ទំនងជាផ្លូវការរវាងអាមេរិក និងតៃវ៉ាន់។ 
 
គួរបញ្ជាក់ថា ស្របគ្នានឹងដំណើរទស្សនកិច្ចរបស់មន្រ្តីអាមេរិកនៅតៃវ៉ាន់នេះ ចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ៦ថ្ងៃ នៅក្នុងច្រកសមុទ្រតៃវ៉ាន់៕ 
 

Tag:
 តៃវ៉ាន់
  អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com