រថយន្តចល័តក្រសួងពាណិជ្ជកម្មលក់អង្ករ និងមីដល់ពលរដ្ឋនៅភ្នំពេញ និងតាខ្មៅ ក្នុងតម្លៃទាបជាងទីផ្សារ
COVID-19
ជាតិ
សេដ្ឋកិច្ច
រថយន្តចល័តក្រសួងពាណិជ្ជកម្មលក់អង្ករ និងមីដល់ពលរដ្ឋនៅភ្នំពេញ និងតាខ្មៅ ក្នុងតម្លៃទាបជាងទីផ្សារ
18, Apr 2021 , 7:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ពីថ្ងៃទី១៥-១៧មេសា រថយន្តចល័តក្រសួងពាណិជ្ជកម្មលក់អង្ករបាន ១៦៣បាវ និងមីចំនួន ១,២៣១កេស ដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃទាបជាងទីផ្សារ។

 
បន្ទាប់ពីរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ (Lockdown) មក ក្នុងរយៈពេលបី ថ្ងៃចាប់ពី ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ក្រសួងពាណិជ្ជកម្មលក់អង្ករ បានចំនួន ១៦៣បាវ និងមីចំនួន ១,២៣១កេស។ ការបញ្ចេញលក់នេះ គឺសម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ និងតាខ្មៅ ព្រមទាំងតម្លៃថោកជាងទីផ្សារ។ 
 
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា ការបញ្ចេញលក់អង្ករ និងមី ក្នុងតម្លៃទាបជាងទីផ្សារនេះ គឺនៅតែបន្តអនុវត្តរហូតដល់ស្ថានភាពភាពកូវីដ-១៩ ធូរស្បើយវិញ។
 
លោក សុវិជាតិ ថា ក្រសួងមិនមានការព្រួយបារម្ភពីការផ្គត់ផ្គង់អង្ករ និងមី សម្រាប់ប្រជាពលរដ្ឋនោះឡើយ ដោយពន្យល់ដូច្នេះថា៖ «យើងមានស្តុកគ្រប់គ្រាន់សម្រាប់រយៈពេលយូរ។ អង្ករមិនខ្វះទេ យើងសហការជាមួយសហព័ទ្ធស្រូវអង្ករ»។
 
ជាមួយគ្នានេះ ក្រៅពីការផ្គត់ផ្គង់អង្ករ និងមីសម្រាប់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មក៏បានអនុវត្តសកម្មភាពចុះអង្កេតតាមដានស្ថេរភាព ការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃទំនិញផងដែរ។ បើតាមលោក សុវិជាតិ ការចុះអង្កេតតាមដាននេះ ជាកិច្ចសហការរវាងក្រសួង និងអាជ្ញាធរផ្សារ ដោយតាមដានជាប្រចាំ និងត្រៀមអន្តរាគមន៍ នៅពេលសភាពការណ៍ចំបាច់។
សូមជម្រាបផងដែរថា ក្រសួងពាណិជ្ជកម្មបានចាប់ផ្ដើមការបញ្ចេញអង្ករលក់ចល័តនេះ តាំងពីថ្ងៃទី១៥ ខែមេសា មកម្លេះ ដែលលក់ក្នុងតម្លៃទាបជាងទីផ្សារ និងមានការកំណត់ ក្នុងមួយគ្រួសារអាចទិញបានអង្ករមួយបាវ និងមីមួយកេសប៉ុណ្ណោះ៕


 រូបភាពផ្ដល់ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម




Tag:
 សេដ្ឋកិច្ច
  ប៉ែន សុវិជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com