អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍
18, Apr 2021 , 10:29 pm        
រូបភាព
ទោះផ្ទុះឡើងបានជាង ១ឆ្នាំហើយក្តី កូវីដ-១៩ នៅតែបន្តរាតត្បាត ខណៈវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហាក់មិនទាន់អាចជួយទប់ស្កាត់បានច្រើនឡើយ។ ករណីឆ្លងនៅឥណ្ឌា បានហក់ឡើងជាង ២៦ម៉ឺនករណីក្នុងមួយថ្ងៃ។ ស្របពេលពិភពលោកកំពុងរងគ្រោះដោយសារកូវីដ-១៩ រុស្ស៊ី និងអាមេរិក បានបណ្តេញមន្រ្តីទូតទៅវិញទៅមក ស្របពេលរុស្ស៊ីក៏បានធ្វើដូចគ្នាបែបនេះជាមួយអ៊ុយក្រែនផងដែរ។ ចំណែកបញ្ហានយោបាយនៅមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏ក្តៅប្រចាំសប្តាហ៍។

 
ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍ប្រចាំសប្តាហ៍។ 
 
ថ្ងៃទី១២ ខែមេសា
 
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានតម្រូវឲ្យមន្ត្រីដែលបម្រើការតាមព្រំដែនទាំងអស់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានមុនដំណាច់ខែមេសា បើមិនដូច្នោះទេ ពួកគេប្រឈមផ្ទេរចេញពីតួនាទី។
 
សកម្មជនមីយ៉ាន់ម៉ាដែលប្រឆាំងរដ្ឋាភិបាលយោធា បានអំពាវនាវឱ្យប្រជាជននៅទូទាំងប្រទេសស្លៀកសំលៀកបំពាក់សាសនា និងសូត្រធម៌រួមគ្នាអំឡុងចូលឆ្នាំថ្មី ដើម្បីបង្ហាញការជំទាស់នឹងរបបសឹក ដែលគ្រប់គ្រងប្រទេស។
 
ថ្ងៃទី១៣ ខែមេសា
 
នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ូហ្កា យូស៊ីហ៊ីដេ បានអះអាងថា រដ្ឋាភិបាល បានអនុម័តគម្រោងបញ្ចេញទឹកដែលមានសារធាតុវិទ្យុសកម្មជាង១លានតោន ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។
 
អាជ្ញាធរសុខាភិបាលអាមេរិក បានស្នើឱ្យផ្អាកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ Johnson & Johnson ដោយបារម្ភពីកំណកឈាម។
 
ថ្ងៃទី១៤ ខែមេសា
 
កូរ៉េខាងត្បូង កំពុងពិចារណាដាក់ពាក់បណ្ដឹងទៅកាន់តុលាការសមុទ្រពាក់ព័ន្ធគម្រោងរបស់ជប៉ុនក្នុងការបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរនៅ Fukushima។
 
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រកាស ដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១១ ខែកញ្ញា។ 

ថ្ងៃទី១៥ ខែមេសា
 
ឥណ្ឌា មានករណីឆ្លងកូវីដ-១៩ ហក់ឡើងដល់ ២០ម៉ឺនករណីក្នុងមួយថ្ងៃ។ ចំនួនដ៏ច្រើនបែបនេះ កំពុងធ្វើឱ្យឥណ្ឌាខ្វះឧបករណ៍វេជ្ជសាស្រ្តជាច្រើនដូចជា អុកស៊ីសែន គ្រែអ្នកជំងឺ សម្រាប់អ្នកផ្ទុកកូវីដ-១៩។
 
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់បេសកជនអាមេរិក ដែលបានធ្វើទស្សនកិច្ចមកក្រុងតៃប៉ិថា កោះតៃវ៉ាន់ នឹងសហការជាមួយអាមេរិក ដើម្បីប្រឆាំងនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំ និងការបង្ករឿងនៅក្នុងតំបន់របស់ចិន។
 
ថ្ងៃទី១៦ ខែមេសា
 
រដ្ឋាភិបាលថៃ បានដាក់ខេត្តចំនួន១៨ ក្នុងនោះមានដូចជាបាងកក, ឈៀងម៉ៃ និងភូកេតជាដើម ជាតំបន់មានករណីឆ្លងកូវីដ-១៩ ខ្លាំងនៅក្នុងប្រទេស។
 
រុស្ស៊ី នៅថ្ងៃទី១៦ ខែមេសា បានដាក់ទណ្ឌកម្ម និងបណ្តេញមន្រ្តីអាមេរិក ជាការសងសឹកនឹងចំណាត់ការរបស់អាមេរិក ដែលបានដាក់ទណ្ឌកម្មលើមន្រ្តីរុស្ស៊ី។ មិនតែប៉ុណ្ណោះ រុស្ស៊ី ក៏បានដាក់បណ្តេញមន្រ្តីប៉ូឡូញចេញពីប្រទេសផងដែរ។
 
ថ្ងៃទី១៧ ខែមេសា
 
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានលើកឡើងថា លោកឧត្តមសេនីយ មីន អ៊ុងឡាំង នឹងចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅក្នុងទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ខាងមុខ។
 
រុស្ស៊ី និងអ៊ុយក្រែន បណ្តេញមន្រ្តីទូតទៅវិញទៅមក ដោយសាររុស្ស៊ី បានចាប់ខ្លួនកុងស៊ុលអ៊ុយក្រែន ពីការប្រមូលព័ត៌មានរសើប។ 
 
ថ្ងៃទី១៨ ខែមេសា 
 
ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី១៨ ខែមេសា បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន ២៦ម៉ឺនករណី។ ករណីឆ្លងនេះ គឺជាតួលេខខ្ពស់បំផុត ចាប់តាំងពីផ្ទុះកូវីដ-១៩នៅចុងឆ្នាំ២០១៩មក។
 
អាជ្ញាធរសុខាភិបាលថៃ បានអះអាងថា ថៃមានករណីឆ្លងកូវីដ-១៩ ចំនួន ១៧៦៧ករណី និងអ្នកស្លាប់ពីរនាក់។ ចំនួនអ្នកស្លាប់សរុប ដោយសារកូវីដ-១៩ នៅថៃ បានកើនដល់ ១០១នាក់ហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com