អន្តរជាតិ
ការសម្អាតកាកសំណល់វិទ្យុសកម្មក្រោយពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅជប៉ុន
19, Apr 2021 , 8:29 am        
រូបភាព
កាលពីឆ្នាំ២០១១ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏កាចសាហាវ បានវាយប្រហារជប៉ុន។ គ្រោះមហន្តរាយធម្មជាតិនេះ សម្លាប់មនុស្សជាច្រើននាក់ និងបានធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិជាច្រើនរយលានដុល្លារ ពិសេសការខូចខាតរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៅ Fukushima ។ ការខូចខាតនៅជប៉ុន មានទំហំមិនតូចជាគ្រោះថ្នាក់នុយក្លេអ៊ែរនៅ Chernobyl នៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨៦ ឡើយ។ 
 
នៅពេលដែលមានព្រឹត្តិការណ៍ដូចច្នេះកើតឡើង តើការសម្អាតកាកសំណល់វិទ្យុសកម្មត្រូវបានគេធ្វើឡើងដោយដូចម្តេច ជាពិសេសទៅលើទីប្រជុំជនរស់នៅរបស់មនុស្ស?
ទីតាំងហាមខាតមិនឱ្យចូល
 
គេហទំព័រពត៌មានអាមេរិក pbs.org បានពន្យល់ថា ចំពោះព្រឹតិ្តការណ៍នៅឯខេត្តហ្វូគូស៊ីម៉ា ទីតាំងទំហំប្រមាណជា២០គីឡូម៉ែត្រជុំវិញកន្លែងកើតហេតុនោះ ត្រូវបានបិទមិនឱ្យមានការចេញចូលនោះទេ។ រថយន្តក្រុងជាច្រើនគ្រឿង បានដឹកប្រជាជនប្រមាណ៨ម៉ឺននាក់ចេញពីកន្លែងកើតហេតុ។ នៅឯ Chernobyl វិញ សំណង់ដែលមានលក្ខណៈជាប្រអប់បិទជិតមួយត្រូវបានគេសាងសង់ឡើងក្នុងការទប់ស្កាត់ចំហាយវិទ្យុសកម្មដែលភាយចេញពីរោងចក្រអគ្គិសនីខូតខាតមួយនេះ។ 
 
ការដោះស្រាយដំបូង
 
ជាមួយគ្នានេះ ក្រុមអ្នកពាក់ព័ន្ធត្រូវសម្រួលសីតុណ្ហភាពនៅក្នុងរោងចក្រអគ្គិសនី ក៏ដូចជាកាត់បន្ថយការភាយចេញនៃចំហាយវិទ្យុសកម្ម។ ចំពោះសកម្មភាពនេះ នៅឯរោងចក្រអគ្គីសនីហ្វូគូស៊ីម៉ា ទឹកជាច្រើនលានតោន បានប្រើដើម្បីកាត់បន្ថយកម្តៅដែលមាននៅក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ។ នៅក្នុងព្រឹត្តិការណ៍នៃរលកយក្សស៊ូណាមិ បរិមាណទឹកសមុទ្រជាច្រើនបានហូរចូលទៅប៉ះនឹងស្នូលនុយក្លេអ៊ែរ។ ដោយហេតុនេះ ទឹកសមុទ្រដែលដក់នៅក្រោមស្នូលនុយក្លេអ៊ែរ ត្រូវបានបំពុលដោយសារធាតុវិទ្យុសកម្មគ្រោះថ្នាក់។ ស្រទាប់ដី និងដំណាំរុក្ខជាតិនានាក៏ត្រូវបានគេទាមទារឱ្យប្រមូលចេញផងដែរ។ នៅជុំវិញតំបន់គ្រោះថ្នាក់នៃរោងចក្រផលិតអគ្គិសនីហ្វូគូស៊ីម៉ា ស្រទាប់ដីកម្រាស់ប្រមាណ៤សង់ទីម៉ែត្រ ត្រូវបានគេជីកចេញដើម្បីសម្អាតផង់វិទ្យុសកម្មដែលមានជាប់នៅខាងលើ។   
 
តើនរណាគេជាអ្នកសម្អាត?
 
ចំពោះការសម្អាតមួយនេះ គេមិនមានអ្នកជំនាញច្បាស់លាស់ក្នុងការធ្វើកិច្ចការនេះនោះទេ។ រដ្ឋាភិបាលប្រទេសជប៉ុនបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅកាន់ក្រុមហ៊ុននានាក្នុងការជួលកម្មករធម្មតាដើម្បីអនុវត្តកិច្ចការមួយនេះ។ ក្នុងការសម្អាតកាកសំណល់វិទ្យុសកម្មដែលមាននៅក្នុងរោងចក្រ មនុស្សមិនត្រូវបានគេអនុញ្ញាតឱ្យធ្វើដំណើរចូលទៅក្នុងនោះទេ ដោយសារតែបរិមាណខ្ពស់នៃសារធាតុវិទ្យុសកម្ម។ ដោយឡែក គេអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកស្វ័យប្រវត្តិដែលអាចបញ្ជាពីខាងក្រៅដោយមនុស្សបាន។ 
 
ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏ប្រកាសថា នឹងបញ្ចេញជាងមួយលានតោនពីរោងចក្រចូលសមុទ្រ ព្រោះគ្មានស្តុកទឹកទៀតឡើយ។ អ្នកនេសាទជប៉ុន និងប្រទេសក្បែរខាងមានកូរ៉េខាងត្បូង និងចិនជាដើម ចេញមុខជំទាស់គម្រោងបញ្ចេញទឹកពុលនេះ បើទោះជាជប៉ុនអះអាងថា ទឹកដែលបញ្ចេញនោះបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មរួចក្ដី។ 
 
តើវាត្រូវការរយៈពេលប៉ុន្មាន?
 
នៅក្នុងរបាយការណ៍មួយកាលពីចុងឆ្នាំ២០១១ គណៈកម្មការអាតូមិចនៃប្រទេសជប៉ុនបានប្រកាសថា ការសម្អាតស្នូលនុយក្លេអ៊ែរអាចទាមទារពេលរហូតទៅដល់១០ឆ្នាំ។ ការសម្អាតទាំងស្រុងអាចប្រព្រឹត្តទៅរហូតទៅដល់៣០ ឬ៤០ឆ្នាំ។ នៅក្នុងអំឡុងរយៈពេលនេះ គ្រាន់តែការបញ្ឈប់រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាពីដំណើរការអាចទាមទាររយៈពេលរហូតទៅដល់៥ ឬ១០ឆ្នាំទៅហើយ៕
 

Tag:
 អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com