COVID-19
ជាតិ
វិធានការបិទខ្ទប់ ៖ ផ្សារ ឬទីតាំងមានហានិភ័យខ្ពស់ ត្រូវផ្អាក ហើយតំបន់ផ្ទុះកូវីដ-១៩ខ្លាំង ត្រូវកំណត់ជាតំបន់ក្រហម
19, Apr 2021 , 5:06 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល ចេញវិធានការលម្អិតមួយ ដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ ជាអតិបរមា។ វិធានការលម្អិតនេះ គឺផ្ដោតលើការរឹតបន្តឹងតំបន់ផ្សារ ឬទីតាំងមានហានិភ័យខ្ពស់ ជាពិសេសតំបន់ផ្ទុះកូវីដ-១៩ខ្លាំង ដែលត្រូវកំណត់ជា«តំបន់ក្រហម» ហើយទប់ស្កាត់ជាបន្ទាន់។


 
តាមរយៈវិធានការលម្អិតនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ រឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿងឱបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានវេចខ្ចប់ ជាពិសេត្រូវហាមឃាត់មិនឱ្យបើកដំណើរការផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងរាលដាលជំងឺកូវីដ-១៩។
 
«គណៈកម្មការប្រតិបត្តិការនៃ គ.ប.ខ ត្រូវបង្កើតក្រុមការងារមួយ ដើម្បីទទួលបន្ទុកការងារត្រួតពិនិត្យនេះ ដោយសហការជាមួយក្រសួងពាណិជ្ជកម្ម»។ នេះជាសេចក្តីណែនាំរបស់ប្រមុខរដ្ឋាភិបាល ចុះថ្ងៃទី១៩ មេសា។
 
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តី ក៏បញ្ជាឱ្យអាជ្ញាធរ ហាមឃាត់ ឬផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមប្រការ៣ថ្មី របស់រដ្ឋាភិបាល ។ ដូច្នេះរាល់ទីកន្លែងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឱបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានត្រូវបានរកឃើញ ឬសង្ស័យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺត្រូវផ្អាក។ 
 
ប៉ុន្តែរដ្ឋាភិបាល ក៏មានការលើកលែងចំពោះទីតាំងមួយចំនួន ដែលទាក់ទងនឹងសកម្មភាពការងារផ្សេងដូចជា សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី , សេវាផ្គត់ផ្គង់ទឹកស្អាត , សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល, ឱសថស្ថាន, ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការធម្មតា បន្ទាប់ពីអាជ្ញាធរបានចាត់វិធានការផ្នែកសុខាភិបាល ក្នុងការកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កហើយ។
 
ក្រៅពីនេះប្រមុខរដ្ឋាភិបាល ក៏បញ្ជាឱ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា«តំបន់ក្រហម» ហើយត្រូវរឹតបន្តឹងការអនុវត្តវិធានការលម្អិតឱ្យបានម៉ឺងម៉ាត់។
 
ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាហាមបុគ្គលគ្រប់រូបចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋានខ្លួន នៅតំបន់ក្រហមនេះ។ លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងចាក់វាក់សាំងបង្ការជំងឺកាចសាហាវនេះ នៅដូសទី២ នៅជិតតំបន់ក្រហម តាមការកំណត់ ដោយមានការអនុញ្ញាតពីអាជ្ញាធរ។
 
ដោយឡែកផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅតំបន់ក្រហម ត្រូវផ្អាកជាបណ្ដោះអាសន្ន។ លើកលែងសេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី , សេវាផ្គត់ផ្គង់ទឹកស្អាត , សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាលរដ្ឋ និងឯកជន, ឱសថស្ថាន, ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ , ទីតាំងផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់ រួមទាំងសេវាប្រមូលនិងដឹកជញ្ជូនសំរាម-សំណល់រឹង។
 
សម្រាប់មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ , មន្ត្រីនិងបុគ្គលិកពន្លត់អគ្គិភ័យ, បុគ្គលិកអគ្គិសនី និងទឹកស្អាត រួមទាំងមន្ត្រី បុគ្គលិក ចេញចូលឃ្លាំងស្ដុកទំនិញ និងផ្គត់ផ្គង់ស្បៀង ត្រូវមានលិខិតបញ្ជាក់បេសកកម្មជាប់ខ្លួន នៅពេលធ្វើដំណើរឆ្លងកាត់តំបន់ក្រហម ដែលផ្ទុះកូវីដ-១៩ធ្ងន់ធ្ងរ។ ចំណែកមន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាល រួមទាំងមន្ត្រីសេវាសង្គ្រោះបន្ទាន់ ទាំងរដ្ឋ និងឯកជន ត្រូវមានលិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល។ រីឯបុគ្គលិកនៃទីតាំងផលិត និងផ្គត់ផ្គង់មី, ផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន , លក់និងចែកចាយហ្គាសសម្រាប់ចម្អិនអាហារ ព្រមទាំងសកម្មភាពធ្វើដំណើរចុះចែកជំនួយសង្គ្រោះបន្ទាន់ ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ)។
 
«ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរ និងវិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មខាងលើនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងៗ ដោយអនុលោមតាមបទប្បញ្ញត្តិនិងនិតិវិធីជាធរមាន»។ នេះជាការបញ្ជាករបស់សម្ដេច ហ៊ុន សែន។
 
មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ជួយសម្រួល និងចាត់ចែង ការចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀង អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ និងទឹកត្រី ដល់ពលរដ្ឋរងគ្រោះ និងក្រីក្រ នៅតំបន់ក្រហមផងដែរ។
 
មកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៧នាក់ហើយ ដែលល្មើសបម្រាមបិទខ្ទប់ របស់រដ្ឋាភិបាល នៅក្នុងតំបន់រាជធានីភ្នំពេញ ។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៥នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
 

Tag:
 Lockdown
  បិទខ្ទប់
© រក្សាសិទ្ធិដោយ thmeythmey.com