រដ្ឋបាលរាជធានីភ្នំពេញ កំណត់សង្កាត់មួយចំនួនជាតំបន់ក្រហម ដែលបញ្ឈប់ពលរដ្ឋធ្វើដំណើរ
COVID-19
ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កំណត់សង្កាត់មួយចំនួនជាតំបន់ក្រហម ដែលបញ្ឈប់ពលរដ្ឋធ្វើដំណើរ
19, Apr 2021 , 7:53 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ភូមិសាស្ត្រមួយចំនួនជាតំបន់ក្រហម ដោយមិនអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរចេញពីផ្ទះឡើយ។ ទីតាំងទាំងនោះមានដូចជា សង្កាត់ស្ទឹងមានជ័យទី១,ទី២,ទី៣ ក្នុងខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ក្នុងខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤,១៧ និង១៧នៃសង្កាត់បឹងសាឡាង។


លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីសម្រេចនៅថ្ងៃទី១៩ ខែមេសាថា វិធានការនេះធ្វើឡើងក្រោយពីមានករណីជំងឺកូវីដ-១៩ឆ្លងរាលដាលធ្ងន់ធ្ងរនៅទីនោះ។ 
 
លោកអភិបាលរាជធានីភ្នំពេញបានអះអាងថា ពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមនោះគឺមិនអាចធ្វើដំណើរចេញពីផ្ទះ និងមិនអនុញ្ញាតធ្វើលំហាត់ប្រាណនៅខាងក្រៅលំនៅដ្ឋានឡើយ។ 
 
សម្រាប់ផ្សារ ទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ សកម្មភាពការងារ មុខរបរ និងអាជីវកម្មនានាក្នុងតំបន់ក្រហមនេះ នឹងមិនអនុញ្ញាតឲ្យបើកឡើយ។ លើកលែងតែសកម្មភាពការងារផ្នែកសេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹក សេវាសង្រ្គោះបន្ទាន់ សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន,សេវាផ្គត់ផ្គង់ស្បៀងអាហាររបស់រដ្ឋ និងជំនួយសង្រ្គោះ,សេវាផ្គត់ផ្គត់ និងផលិតមី និងសេវាប្រមូលសំរាម។ 
 
ករណីពលរដ្ឋណាមិនគោរពទៅតាមវិធានការនេះ ពួកគេនឹងត្រូវអនុវត្តតាមវិធានកាច្បាប់យ៉ាងម៉ឹងម៉ាត់  និងឈានដល់តុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ រួមទាំងឃាត់ទុកយានជំនិះរបស់ខ្លួនជាបណ្តោះអាសន្ន។ 
 
កន្លងមករាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដែលកំពុងផ្ទុះជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
 
 
បច្ចុប្បន្នកម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤៦នាក់ ហើយអ្នកឆ្លងនៅទូទាំងប្រទេស មាន៧០១៣នាក់៕  
 
 
 
 

Tag:
 សង្គម
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com