កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ U23 កម្ពុជា ប៉ះ​ជាមួយ U23 ឥណ្ឌូនេស៊ី​នា​វេលា​ម៉ោង៤:៣០នាទី
09, Dec 2013 , 12:13 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម២៣ឆ្នាំ នឹង​បន្តដំណើរ​ការប្រកួតរ​បស់​ខ្លួន​ក្នុង​ពូ​ល B នា​វេលា​ម៉ោង៤ និង៣០នាទី រសៀល​ថ្ងៃ​ចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៣ នេះ ជាមួយ​ក្រុម U23 ឥណ្ឌូនេស៊ី​នៅលើ​ទីលាន YTC Stadium ក្នុង​ទីក្រុង​យាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា។


ក្រុម​របស់លោក Lee Tae Hoon បាន​រង​នូវ​ការខកចិត្ត​នៅ​ថ្ងៃ​ប្រកួត​បើកឆាក ដោយ​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​កូរ៉េខាងត្បូង​ដូចគ្នា ក្នុង​លទ្ធផល ៣-០ ខណៈ​ខ្សែប្រយុទ្ធ សុក ផេង ឈិន ឈឿន និង ប្រាក់ មុន្នី​ឧ​ត្ត​ម សុទ្ធតែ​បាន​ខកខាន​ឱកាស​របស់ខ្លួន។

សម្រាប់​ឥណ្ឌូនេស៊ី នេះ​ជាការ​ប្រកួត​បើកឆាក​នៅក្នុង​ពូ​ល B របស់​ពួកគេ។ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តឹងតែង​មួយ​របស់​កម្ពុជា ពីព្រោះ​នា​ជំនួប​កន្លងមក ឥណ្ឌូនេស៊ី តែងតែ​ទទួល​ជ័យជម្នះ​យ៉ាង​ចាស់ដៃ ដែល​ភាគច្រើន​កម្ពុជា​មិនមាន​ឱកាស​វាយ​ប​កឡើ​យ។

បន្ទាប់ពី​ការប្រកួត​នេះ ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ត្រូវ​ស្វាគមន៍​ក្រុមទី​ម័​រ​ខាងកើត​នៅលើ​ទីលាន​ដដែល។ បច្ចុប្បន្ន មី​យ៉ាន់​ម៉ា​កំពុង​ឈរលើ​តារាង​ក្រោយ​ឈ្នះ​កម្ពុជា ៣-០ ខណៈ​ថៃ​ដែល​បំបាក់​ទី​ម័​រ​ខាងកើត ៣-១ ស្ថិតនៅ​តំបន់​ថ្នាក់​លេខ២ ។

ដោយឡែក​ការប្រកួត​នៅក្នុង​ពូ​ល A ដែល​ត្រូវ​បានរៀបចំ​នៅ​ទីក្រុង​ណៃ​ពី​ដរ កាលពី​ថ្ងៃ​ម្សិលមិញ វៀតណាម​បាន​បំបាក់​ក្រុម​ប្រ៊ុយណេ ៧-០ មុនពេល សិង្ហ​បុរី និង​ឡាវ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ៕

រូបថត​ទាំងអស់​ត្រូវបាន​ផ្តល់​ដោយ៖ NagaWorld/លោក កឹម សុ​វណ្ណា


© រក្សាសិទ្ធិដោយ thmeythmey.com