ជាតិ
សិល្បះ
លោក ម៉ៅ អាយុទ្ធ បន្សល់ទុកស្នាដៃភាពយន្តជាច្រើនដែលកូនខ្មែរត្រូវរៀនសូត្រតាម
22, Apr 2021 , 9:59 am        
រូបភាព
ភ្នំពេញ៖ រាប់តាំងពីសិស្សដែលធ្លាប់រៀនជាមួយ សិល្បករសិល្បការិនី ថ្នាក់ដឹកនាំស្ថានប័នធំៗ រហូតដល់ប្រមុខរដ្ឋាភិបាលកម្ពុជា រួមទាំងព្រះមហាក្សត្រ សុទ្ធតែសម្ដែងក្ដីសោកស្ដាយ ស្ទើររកទីបំផុតគ្មានចំពោះមរណភាពរបស់កវីនិពន្ធ ម៉ៅ អាយុទ្ធ។ ការបាត់បង់ផលិតករ ម៉ៅ អាយុទ្ធ គឺជាការបាត់បង់«ធនធានមនុស្សដ៏កម្ររបស់កម្ពុជា» «គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើម ពោរពេញដោយសមត្ថភាព» «គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទះ មនសិកាក្នុងការបម្រើបុព្វហេតុជាតិមាតុភូមិគ្រប់កាលៈទេ»។ ទាំងនេះគឺជាសារបង្ហាញពីការសោកស្ដាយ របស់ក្រសួងស្ថាប័នធំៗរបស់កម្ពុជា ផ្ញើជូនសាច់ញាតិនៃសព។

 
ជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករ សិល្បការិនី កវីនិពន្ធ និងស្នាដៃចម្រៀងទសវត្សរ៍ឆ្នាំ៦០ លោក សេង តារា ថាយុវជនជំនាន់ក្រោយ គួរតែរៀនសូត្រពីទេពកោសល្យ ចំណេះដឹង និងសមត្ថភាព របស់អ្នកនិពន្ធ ម៉ៅ អាយុទ្ធ ជាពិសេសវិធីសាស្ត្រនៃការផលិតភាពយន្ត។ សម្រាប់លោក សេង តារា ភាពយន្តដែលលោក ម៉ៅ អាយុទ្ធ បានផលិតមានគុណភាពខ្ពស់ ដែលធ្វើឱ្យលោកមើលហើយចង់មើលទៀត។
 

 
 
អ្នកស្រាវជ្រាវរូបនេះ មានការសោកស្ដាយចំពោះការខកខានមិនបានសម្ភាសពីស្នាដៃ និងប្រវត្តិពិស្ដាររបស់លោក ម៉ៅ អាយុទ្ធ ផ្ទាល់ ដោយលោកបញ្ជាក់ដូច្នេះ៖«ខ្ញុំបានជួបគាត់(លោក ម៉ៅ អាយុទ្ធ) ប្រហែល៣ទៅ៤ដងដែរ តែខ្ញុំបានសម្ភាសគាត់ តែពីប្រវត្តិរបស់លោក ពៅ ស៊ីផូ ដែលត្រូវជាពូរបស់គាត់។ ប៉ុន្តែខ្ញុំអត់បានសម្ភាសពីស្នាដៃ និងប្រវត្តរបស់គាត់លម្អិត ដោយខ្ញុំគិតថាចាំលើកក្រោយ ប៉ុន្តែត្រូវខកខាន រហូតត្រូវហួសពេល»។ 
 
លោកបានបន្ថែមថា៖ «ខ្ញុំស្រឡាញ់ទេពកោសល្យដឹកនាំរឿងដ៏ពូកែរបស់គាត់ ដែលធ្វើឱ្យគេមើលហើយចង់មើលទៀត។ កាលពីសម័យមុន មិនមានម៉ាស៊ីថតរូបទំនើប មិនមានកំព្យូទ័រ ប៉ុន្តែហេតុអ្វីគេអាចផលិតរឿងបានយ៉ាងល្អ? នេះគឺជាអ្វីដែលយើងត្រូវរៀនសូត្រពីចំណេះដឹង ភាពច្នៃប្រឌិត នៃការរៀបប្លង់ និងការច្នៃសាច់រឿង។ ក្មេងជំនាន់ក្រោយ គួរតែរៀនសូត្រពីអ្វីដែលលោក ម៉ៅ អាយុទ្ធ បន្សល់ទុកឱ្យ ទាំងផ្នែកភាពយន្ត ចម្រៀង កំណាព្យ ការដឹកនាំល្ខោនជាដើម តាមការស្រឡាញ់របស់ខ្លួន»។
 
ក្នុងព្រះរាជសារដែលផ្ញើទៅលោកស្រី សូ សាម៉ូនី ដែលជាភរិយា ព្រះករុណា ព្រះមហាក្សត្រ មានព្រះបន្ទូលមរណភាពនៃលោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីដ៏ល្អចំពោះភរិយា ជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រោសប្រណី ចំពោះបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ ព្រមទាំងញាតិមិត្តនៃសព។ ការទទួលមរណភាពនេះ គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ល្អប្រពៃមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ 


 
សូមបញ្ជាក់ថា កវីនិពន្ធ ម៉ៅ អាយុទ្ធ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងជន្មាយុ៧៧ឆ្នាំ។ 
 
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខ ជូនចំពោះគ្រួសាររបស់កវីនិពន្ធ ម៉ៅ អាយុទ្ធ ដោយក្នុងសារលិខិតបានបញ្ជាក់ថា មរណភាពរបស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ ដ៏ឧត្តងឧត្តមចំពោះភរិយា ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រ និងជីតាប្រកបដោយសេចក្ដីសណ្ដោសប្រោសប្រណីចំពោះចៅ ព្រមទាំងចំពោះមិត្តភ័ក្ដិ។ សាររបស់សម្តេច បានបន្ថែមទៀតថា លោក ម៉ៅ អាយុទ្ធ តែងតែមានសមាណចិត្តជាមួយសិល្បៈករ សិល្បៈការិនី គ្រប់ទម្រង់ ដោយមិនរើសអើង។ 
 
ចំណែកសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតដាច់ដោយឡែកមួយទៀត ក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថា មរណភាពរបស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្ររបស់កម្ពុជា ដែលមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ។ 
 
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានចេញសារលិខិតរំលែកទុក្ខជូនគ្រួសារនៃសពផងដែរ ដោយលោកថា ការបាត់បង់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព។ វីឯសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក៏បានផ្ញើសាររំលែកទុក្ខជូនគ្រួសារនៃសព ដោយបានបញ្ជាក់ថា កវី ម៉ៅ អាយុទ្ធ គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដោយស្ទើរតែពេញមួយជីវិតរបស់លោក បានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចនឿយហត់ ខិតខំជួយដឹកនាំនិងអភិវឌ្ឍន៍វិស័យព័ត៌មានកម្ពុជា ឱ្យមានការរីកចម្រើន។ ដូចគ្នាដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានសម្ដែងនូវក្ដីសោកស្ដាយថា មរណភាពរបស់កវីនិពន្ធ ម៉ៅ អាយុទ្ធ គឺជាការបាត់បង់កុលបុត្រខ្មែរ ដ៏ឆ្នើមមួយរុបពោរពេញដោយឆន្ទះ មនសិកាក្នុងការបម្រើបុព្វហេតុជាតិមាតុភូមិគ្រប់កាលៈទេសៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យភាពយន្តកម្ពុជា នាពេលកន្លងមក។


 
ចំណែកលោក ហ៊ុយ យ៉ាឡេង ដែលធ្លាប់ជាសិស្សរបស់លោក ម៉ៅ អាយុទ្ធ នោះ ក៏បានសម្ដែងការសោកស្ដាយរបស់ខ្លួនជាខ្លាំង ដោយលោកបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា វិប្បដិសារីរបស់លោក គឺមិនបានជួបគ្រូ ដើម្បីកត់ត្រាពីអ្វីដែលគ្រូចង់ធ្វើ តែពុំទាន់អាចធ្វើបាន។ ទោះជាយ៉ាងណា លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថាកាលពីជំនាន់លោកនៅរៀន ផលិតករ ម៉ៅ អាយុទ្ធ ចង់ផលិតរឿងពីរ គឺរឿង «សម្ផស្សភួង» និងរឿង «ដង្ខៅក្របី» យើងលោកនឹងធ្វើបន្តជូនគ្រូរបស់ខ្លួន។
 
ចំណែកតារាភាពយន្តដ៏ល្បីរបស់កម្ពុជាប្រចាំទសវត្សរ៍ទី៩០ គឺលោក ទេព រិនដារ៉ូ ដែលធ្លាប់ធ្វើការជាមួយលោក ម៉ៅ អាយុទ្ធ ក្នុងរឿង «ឆ្អឹងអណ្ដែត» «ជើងមេឃដាច់ស្រយ៉ាល»«ចុងស្រល់»«អណ្ដាតដុះឆ្អឹង»«សម្ដីចុងក្រោយ»«ហ្លួងព្រះស្ដេចកន»  ហើយកំពុងរៀបចំថតរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទ» ក៏បានសម្ដែងការសោកស្ដាយចំពោះមរណភាពនេះដែរ។
 
បន្ថែមពីនោះ នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ កវីនិពន្ធដែលមានស្នាដៃ សិល្បករ សិល្បការិនី អ្នកនិពន្ធ ជាច្រើនរូបទៀត បានស្រង់ខ្លឹមសារខ្លះៗ ដែលជាស្នាដៃរបស់កវីនិពន្ធ ម៉ៅ អាយុទ្ធ យកមកផុសក្នុងហ្វេសប៊ុករបស់ខ្លួន ដោយមានឃ្លាសម្ដែងនូវក្ដីសោកស្ដាយរឿងៗខ្លួនមកជាមួយផង។ ក៏មានប្រជាជនខ្មែរទូទៅដទៃទៀត ដែលធ្លាប់បានឮកិត្តិនាមរបស់ អ្នកនិពន្ធ ម៉ៅ អាយុទ្ធ ក៏បានដាក់រូបថត ដែលបានថតជាមួយ លោក ម៉ៅ អាយុទ្ធ ទៅក្នុង Profile Facebook របស់ខ្លួនផងដែរ។
 
ខាងក្រោមនេះគឺជា ជីវប្រវត្តិរបស់កវីនិពន្ធ ម៉ៅ អាយុទ្ធ ដែលត្រូវបានស្រាវជ្រាវ និងរៀបរៀងដោយលោក វេង សុភ័ក្រ។  
 
លោក ម៉ៅ អាយុទ្ធ កើតនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៤៤ នៅភូមិអូរឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោក ម៉ៅ អាយុទ្ធ ជាកូនទោលក្នុងគ្រូសារ។ ឪពុកឈ្មោះ ម៉ែន ធឿង មុខរបរជាមន្ត្រីឃុំ។ ម្ដាយឈ្មោះ តៃ ស៊ីង មុខរបរជាអ្នកលក់ដូរ។ លោកចូលរៀននៅសាលាបឋមសិក្សានៅស្រុកកំណើត បានត្រឹមថ្នាក់អាទិកដ្ឋាន។ អាយុប្រហែល១០ឬ១១ឆ្នាំ លោកត្រូវបានជីដូននិងឪពុកមានាំយកទៅរស់នៅរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សា នៅសាលាបឋមសិក្សាចាក់អង្រែ ដោយជីដូននិងឪពុកមាន(ពៅ ស៊ីផូ) ជាអ្នកបីបាច់ថែរក្សា។
 
រៀនថ្នាក់មជ្ឈមណ្ឌលអប់រំវិជ្ជាជីវសម្បទា នៅក្នុងក្រសួងឃោសនាការជាតិ ពេលនោះការដុះដាលនៃចិត្តគំនិតស្រឡាញ់សិល្បៈ ក៏បានកើតមានឡើង។ លោក ម៉ៅ អាយុទ្ធ បានចាប់ផ្ដើមកាន់ដងប៉ាកាសិល្បៈ ក្នុងនាមជាអ្នកចម្លងអត្ថបទ និងអក្សរឱ្យលោក ពៅ ស៊ីផូ ហើយនោះគឺជាចំណុចចាប់ផ្ដើមដំបូង នៃការដើរលើគន្លងសិល្បៈ រហូតមកទល់នឹងសព្វថ្ងៃ។ សូមបញ្ជាក់ថាលោក ពៅ ស៊ីផូ ជាតន្ត្រីករមានកេរ្ដិ៍ឈ្មោះ ដ៏ល្បីល្បាញ និងជាអ្នកនិពន្ធទំនុកច្រៀងឱ្យអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។


 
លោក ម៉ៅ អាយុទ្ធ គឺជាសិស្សពូកែនៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈសម្បទា ដោយលោកបានជ្រើសរើសវិជ្ជាជីវៈជា Scenarist។ លោកបានសិក្សារយៈពេល៣ឆ្នាំ នៅក្នុងមជ្ឈមណ្ឌលនោះ ដោយនាំឱ្យលោកក្រេបជញ្ជក់ដំណេះដឹង ដែលទាក់ទងនឹងការតែងនិពន្ធ ការដឹកនាំរៀបចំឆាក ឬក៏កាន់កាប់កម្មវិធីសិល្បៈ នៃកម្មវិធីផ្សាយ ទូរទស្សន៍ និងជាអ្នកផលិតភាពយន្ត ព្រមទាំងនិពន្ធបទចម្រៀង សម្រាប់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត អ្នកស្រី ហួយ មាស និងអ្នកច្រៀងរួមជំនាន់ដទៃទៀត ប្រហែលចន្លោះឆ្នាំ ១៩៦០-១៩៧០)។
 
ឆ្នាំ១៩៦៣-៦៥ លោកទទួលការបណ្ដុះបណ្ដាលសម្បទាវិជ្ជាជីវៈ និពន្ធអត្ថបទភាពយន្ត នៅក្នុងមណ្ឌលបណ្ដុះបណ្ដាលជំនាញឯកទេស ក្រោមការឧបត្ថម្ភរបស់ក្រសួងព័ត៌មាន និងឃោសនាការ។ ក្រោយបញ្ចប់ការសិក្សា លោកបានចាប់ផ្ដើមចូលចម្រើការ ជាប្រធានអ្នកដឹកនាំឆាក នៅទូរទស្សន៍ជាតិ។ ឆ្នាំ១៩៧០ លោកក្លាយជានាយកកម្មវិធីទូរទស្សន៍ជាតិ។ ស្របពេលជាមួយគ្នានោះដែរ លោកក៏ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បំពាក់មេដាយមុនីសារភណ្ឌ ដែលជារង្វាន់សម្រាប់ការងារដ៏សកម្មក្នុងភារកិច្ចបម្រើប្រទេសជាតិ។ លោកបានបន្តភារកិច្ចរហូតដល់សម័យសាធារណរដ្ឋខ្មែរ។
 
ឆ្នាំ១៩៧២ លោកត្រូវបានរដ្ឋាភិបាលសេនាប្រមុខ លន់ នល់ ចាត់បញ្ចូលឱ្យទៅធ្វើកម្មសិក្សានៅប្រទេសបារាំង រយៈពេល០៩ខែ លើមុខជំនាញទូរទស្សន៍។ នៅពេលដែលលោកត្រឡប់មកវិញ លោកត្រូវបានឡើងតំណែង ឋានៈជានាយកខាងកម្មវិធីផ្សាយ នៃទូរទស្សន៍សាធារណរដ្ឋខ្មែរ។ 
 
ក្នុងសម័យសាធារណរដ្ឋខ្មែរនោះដែរ លោកបានផលិតខ្សែភាពយន្តពណ៌ធម្មជាតិ ទំហំ១៦មីលីម៉ែត្រ ជាលើកដំបូងក្នុងជីវិតរបស់លោក ហើយលោកក៏បានចូលរួមសម្ដែងជាតួអង្គ បន្ទាប់ពីតួអង្គលោក គង់ សំអឿន ទៀតផង។
 
ក្នុងឆ្នាំ១៩៧៩ លោកបានក្លាយជាអនុប្រធាននាយកដ្ឋានភាពយន្ត នៅក្រសួងវប្បធម៌ និងព័ត៌មាន ហើយលោកត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយឆ្នាំ១៩៧៩ លោកត្រូវបានរដ្ឋាភិបាលផ្ដល់តំណែង ជាអគ្គនាយករងវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅឆ្នាំ១៩៩២។
 
នៅឆ្នាំ១៩៩៣ លោកបានទទួលតំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ក្រសួងព័ត៌មាន)។ ចាប់ពីខែមេសា ឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន លោកជារដ្ឋលេខាធិការក្រសួងព័ត៌មាន ជាសមាជិកគណៈកម្មការកណ្ដាល-អចិន្ត្រៃយ៍នៃសមាគមអតីតយុទ្ធជនកម្ពុជា និងជាគណៈកម្មាធិការរណសិរ្យផងដែរ។
 
ស្នាដៃល្ខោននិយាយ និងភាពយន្ត ដែលលោកធ្លាប់បាននិពន្ធ និងផលិតមាន ល្ខោននិយាយរឿង «ស្រមោលអពមង្គល ឬអពមង្គល» និពន្ធឆ្នាំ១៩៧១ ឬ១៩៧២។ រឿង «បិទភ្នែកហែកទ្រូង» ឆ្នាំ១៩៧៣ (សម័យសាធារណរដ្ឋខ្មែរ) ក្នុងផលិតកម្មបូព៌ា។ រឿង «ចិត្តចងចាំ» ថតក្នុងអំឡុងឆ្នាំ«១៩៨៨-៨៩ របស់នាយកដ្ឋានភាពយន្ត។ រឿង «ចុងស្រល់» ឆ្នាំ១៩៩០ រឿង«ឆ្អឹងអណ្ដែត» ថតក្នុងអំឡុងឆ្នាំ១៩៩០-៩១ របស់នាយកដ្ឋានភាពយន្ត។ រឿង«ក្លិនដែលរសាយ» ឆ្នាំ១៩៩១ រឿងអណ្ដាតដុះឆ្អឹង» អ្នកដឹកនាំ និងកែសម្រួលក្នុងផលិតកម្មបន្ទាយភាពយន្តឆ្នាំ ១៩៩២។ រឿង «សំឡេងជួង» ពុំដឹងកាលបរិច្ឆេទ រឿង«ជើងមេឃដាច់ស្រយាល» ឆ្នាំ១៩៩២។ រឿង«សម្ដីចុងក្រោយ» ឆ្នាំ១៩៩២ រឿង «នេសាទក្រពើ» ទទួលបានពានមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាតិទី២ ឆ្នាំ២០០៥(ឯកសារខ្លះ២០០៦)។ រឿង«កិលេស» ឆ្នាំ២០១០ រឿង «ហ្លួងព្រះស្ដេចកន» ថតរយៈពេល២ឆ្នាំ ក្នុងឆ្នាំ២០១៥-១៧។
 
ចំណែកស្នាដៃចម្រៀង និងកំណាព្យ លោកបាននិពន្ធ «សំឡេងសាដៀវ» ទទួលបានជ័យលាភីតែងនិពន្ធក្របខណ្ឌអាស៊ាន ឆ្នាំ២០០៦។ បទ«វាលស្រែ វាលស្រូវ» «ស្ទឹងគគីរ(ស្ទឹងសម្ងាត់)» របស់ផលិតកម្មអង្គរវត្ត។ បទ«កំណែនស្នេហ៍» ក្នុងរឿង«ភ្នំភ្លើងស្នេហា» ច្រៀងដោយអ្នកស្រី ហួយ មាស។ កំណាព្យនិយាយពី«លុយ» ដកស្រង់ពីរឿង«ស្រមោលអពមង្គល»។ និពន្ធទំនុកច្រៀង«លាហើយស្នេហា» ច្រៀងដោយអ្នកស្រី ហួយ មាស។ និពន្ធទំនុកច្រៀង«វិប្បដិសារីសម្ផស្សភួង» ច្រៀងដោយអ្នកស្រី ហួយ មាស និងបទចម្រៀងជាច្រើនទៀត៕
 

Tag:
 សិល្បៈ
  ម៉ៅ អាយុទ្ធ
  ភាពយន្ត
  តន្ត្រី
  ចម្រៀង
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com