COVID-19
ជាតិ
រដ្ឋបាលខេត្តបាត់ដំបង បិទផ្សារមោងឫស្សី រយៈពេល៨ថ្ងៃ ទោះគ្មានករណីកូវីដ-១៩
22, Apr 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទផ្សារមោងឫស្សី រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់២៨ ខែមេសា  បើទោះជាតំបន់នេះ មិនមានករណីវិជ្ជមានកូវីដ-១៩ក៏ដោយ។   លោក ងួន រតនៈអភិបាលខេត្តបាត់ដំបង បញ្ជាក់នៅក្នុងសេចក្តីប្រកាសថា ការបិទផ្សារបណ្តោះអាសន្ននេះ គឺដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ចូលក្នុងខេត្តបាត់ដំបង។



នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្សារមោងឫស្សី ក្នុងស្រុកមោងឫស្សី ជាបណ្ដោះអាសន្នគឺចាប់ពីថ្ងៃ២១ ដល់២៨ មេសា។ អាជ្ញាធរអនុញ្ញាតឲ្យមានតែអ្នកលក់បន្លែ ត្រី សាច់និងគ្រឿងឧបភោគបរិភោគចាំបាច់ប៉ុណ្ណោះ បន្តអាជីវកម្មខ្លួននៅបរិវេណខាងក្រៅផ្សារជាមួយនឹងការអនុវត្តវិធានសុខាភិបាល រក្សាគម្លាត ពាក់ម៉ាស់និងលាងសម្អាតដៃជាប្រចាំផងដែរ។
 
តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តការបិទផ្សារមោងឫស្សីនាពេលនេះ ជាការបង្ការទុកជាមុន នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងភូមិសាស្រ្តស្រុកមោងឫស្សីខេត្តបាត់ដំបង។


រូបភាពពីហ្វេសប៊ុក Camraman Seyha

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទដូច្នេះថា៖«បច្ចុប្បន្នគ្មានអ្នកជំងឺកូវីដក្នុងតំបន់ហ្នឹងទេ។ តែយើងសម្រេចបិទហ្នឹង ដើម្បីបង្ការកុំឲ្យមានអ្នកឆ្លង។
 
មនុស្សតែងតែត្រូវទៅផ្សារ ហើយយើងមិនដឹងទេថាពួកមកពីណាខ្លះ ហើយមានផ្ទុកជំងឺអត់។អ៊ីចឹងយើងសម្រេចបិទឲ្យហើយ»។
 
គួរកត់សម្គាល់ថា ក្រៅពីផ្សារមោងឫស្សី អាជ្ញាធរខេត្តបាត់ដំបង ក៏បានបិទផ្នែកខ្លះនៃផ្សារចំនួន១០ ក្នុងខេត្ត រហូតដល់ថ្ងៃទី២៨ មេសា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនជំងឺកូវីដ-១៩។ ផ្សារនៅបាត់ដំបងទាំង១០ នោះរួមមាន ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារភួពុយ ផ្សារអប្សរា ផ្សារលើ ផ្សារវត្តលៀប ផ្សារពោធវង្សផ្សារ ផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ។ មានអ្នកលក់បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរនៅខាងបរិវេណខាងក្រៅផ្សារទាំង១០ទីទាំងនេះ៕
 

រូបភាពពីហ្វេសប៊ុក Camraman Seyha



រូបភាពពីហ្វេសប៊ុក Camraman Seyha


Tag:
 ផ្សារមោងឫស្សី
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com