អន្តរជាតិ
ចិន រំពឹងជំនួបមេដឹកនាំអាស៊ាន នឹងជួយបន្ធូរស្ថានការណ៍នៅមីយ៉ាន់ម៉ា
23, Apr 2021 , 10:21 am        
រូបភាព
ប្រមុខការទូតចិន វ៉ាង យី នៅថ្ងៃទី២២ ខែមេសា បង្ហាញក្ដីរំពឹងរបស់ចិនលើជំនួបមេដឹកនាំអាស៊ានជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា ដែលកំពុងពុះកញ្ជ្រោលខ្លាំង។ នាជំនួបតាមទូរស័ព្ទជាមួយប្រមុខការទូតថៃ និងព្រុយណេ លោក វ៉ាង អះអាងថា ចិនសង្ឃឹមជំនួបនៅហ្សាការតា នឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅមីយ៉ាន់ម៉ា និងបង្កើតឱ្យបរិយាកាសល្អដើម្បីឈានទៅរកច្រកចេញ តែដំណោះស្រាយនៅតែពឹងលើមីយ៉ាន់ម៉ាខ្លួនឯងដដែល។

 
មេដឹកនាំរដ្ឋសមាជិកអាស៊ាន នឹងជួបប្រជុំគ្នានៅថ្ងៃទី២៤ ខែមេសា ដើម្បីជជែកវិបត្តិនៅមីយ៉ាន់ម៉ា។ មេដឹកនាំខ្លះ នឹងមិនមានវត្តមានឡើយដូចជានាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ជាដើម។ ប្រមុខរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង នឹងបង្ហាញមុខនាកិច្ចប្រជុំនៅទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី។
 
ចិនដែលត្រូវរិះគន់ថា ការពារក្រុមយោធាមីយ៉ាន់ម៉ា ចេញមុខបង្ហាញក្ដីរំពឹងថា ជំនួបនេះនឹងផ្ដល់សញ្ញាវិជ្ជមានដល់ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ពីរថ្ងៃមុនជំនួបពិសេសនេះ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជជែកតាមទូរស័ព្ទជាមួយសមភាគីថៃ ដុន ប្រាមុដវីណៃ និងព្រុយណេ អេរីវ៉ាន់ ប៊ីន ពេហ៊ីន យូសូហ្វ ដោយបានផ្លាស់ប្ដូរយោបល់លើស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយលោក វ៉ាង ក៏ឆ្លៀតបញ្ចេញជំហររបស់ចិនផង។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក វ៉ាង បញ្ជាក់ថា ជំនួបនេះ ធ្វើឡើងចំពេល និងពិតជាសំខាន់ ហើយចិនចង់ឃើញជំនួបនេះដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង ក៏ដូចជាផ្ញើសារវិជ្ជមានពីតួនាទីរបស់អាស៊ានផងដែរ។ ទីប្រឹក្សារដ្ឋចិនរូបនេះអះអាងថា កិច្ចប្រជុំនៅឥណ្ឌូណេស៊ី គួរមានលទ្ធផលដែលជំរុញការផ្សះផ្សានយោបាយនៅមីយ៉ាន់ម៉ា ព្រោះដើម្បីដោះស្រាយបញ្ហាបាន មានតែមីយ៉ាន់ម៉ាខ្លួនឯងដែលត្រូវរកច្រកចេញក្នុងចំណោមភាគីពាក់ព័ន្ធ។
 
អ្វីគួរកត់សម្គាល់នោះ ប្រមុខការទូតចិនរូបនេះ ក៏ឆ្លៀតស្នើឱ្យមេដឹកនាំអាស៊ានប្រើប្រាស់កិច្ចប្រជុំនេះដើម្បីប្រឆាំងការលូកលាន់ពីខាងក្រៅផងដែរ។ លោក វ៉ាង ប្រាប់សមភាគីទាំងពីរថា ការជ្រៀតជ្រែកពាសវាលពាលកាលពីកម្លាំងខាងក្រៅ មិនអាចជួយដោះស្រាយបញ្ហាអ្វីបានឡើយ តែរឹតតែធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន និងនាំឱ្យប៉ះពាល់ស្ថិរភាពតំបន់ទៀតផង។
 
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com