ជាតិ
លោក អាត ប៊ុនហៀង លក់ពងមាន់ពងទាតម្លៃដដែល ខណៈតម្លៃលើទីផ្សារឡើងថ្លៃ
24, Apr 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អំឡុងរាជរដ្ឋាភិបាលចេញសេចក្ដីប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពលរដ្ឋនាំគ្នាផ្អើលសម្រុកទៅទិញស្បៀងទុក ធ្វើឲ្យទំនិញមួយចំនួនបានឡើងថ្លៃ ពិសេសម្ហូបអាហារ។ តម្លៃពងទា នៅលើផ្សារ១០គ្រាប់បានឡើងថ្លៃរហូត ៨០០០រៀល ទៅ ១ ០០០០រៀល ។

 
ការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ជាឱកាសឲ្យឈ្មួញមួយចំនួនដំឡើងថ្លៃទំនិញ។ លោក អាត ប៊ុនហៀង អ្នកលក់ពងមាន់ ពងទា ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា លោកនៅតែរក្សាតម្លៃលក់ពងមាន់ ពងទា តាមធម្មតា មិនបានដំឡើងថ្លៃដូចទីផ្សារនោះទេ។
 
«តម្លៃពងមាន់ ៤ ៥០០រៀល(១០គ្រាប់) ហើយតម្លៃពងទា ៥ ៥០០រៀល(១០គ្រាប់)។ តាំងពីដើមលក់តែប៉ុណ្ណឹង យើងលក់តាមធម្មតា យើងមិនអាចលក់ឡើងថ្លៃក្នុងពេលស្រុកទេសកំពុងមានបញ្ហានោះទេ យើងអាចឡើងថ្លៃដឹកជញ្ជូនតិចតួចប៉ុណ្ណោះ»។ នេះបើតាមការបញ្ជាក់របស់លោក អាត ប៊ុនហៀង។


 
ពងមាន់ ពងទា ដែលលោក អាត ប៊ុនហៀង លក់សព្វថ្ងៃ មួយចំនួនបានយកមកពីផ្សារបឹងឈូក និងមួយចំនួន ជាពងមាន់ ពងទា ដែលលោកចិញ្ចឹមដោយខ្លួនឯងជាលក្ខណៈគ្រួសារ ដូច្នេះថ្លៃដើមក៏មិនសូវខ្ពស់ដែរ។ លោកប្រាប់ទៀតថា៖«សម្រាប់អ្នកដែលលក់ថ្លៃ ការនាំចូលអាចខ្ពស់ មិនមែនពួកគាត់សុទ្ធតែចង់លក់ថ្លៃនោះទេ»។
 
ស្ថិតក្នុងវិបិត្តកូវីដ-១៩នេះ ពលរដ្ឋនិយមទិញស្បៀងណា ដែលអាចរក្សាទុកបានច្រើនថ្ងៃ ដូចជា ពងមាន់ ពងទា ត្រីខកំប៉ុង មី ជាដើម ចៀសវាងការចេញក្រៅផ្ទះដែលមានហានិភ័យខ្ពស់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ អំឡុងនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ លោក អាត ប៊ុនហៀង បានអះអាងថា លោកលក់ពងមាន់ ពងទា ក្នុងមួយថ្ងៃបានប្រមាណ ១ពាន់គ្រាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com