ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញកសិកម្ម និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ស្នើក្រសួងពាណិជ្ជកម្មបង្កើតស្តង់សម្រាប់អាជីវករ ក្នុងតំបន់បិទខ្ទប់
25, Apr 2021 , 3:39 pm        
រូបភាព
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកយ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងមន្រ្តីជាន់ខ្ពស់ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានអំពាវឲ្យក្រសួងពាណិជ្ជកម្ម បង្កើតស្តង់លក់ដូរនានាសម្រាប់អាជីវករទូទៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលបិទខ្ទប់ ពិសេសសំដៅនៅក្នុងតំបន់ក្រហម។  ការអំពាវនេះធ្វើឡើងបន្ទាប់ពីមានការបិទផ្សាររដ្ឋ និងមិនរៀបរយទាំងអស់ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ៧ឧសភា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

 
លោក ខៀវ កាញរីទ្ធ សរសេរលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥មេសា ឆ្នាំ២០២១ថា ក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញ ពេលបិទខ្ទប់នេះ ជាគំនិតផ្តួចផ្តើមល្អមួយ ប៉ុន្តែក្រសួងពាណិជ្ជកម្ម អាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតឲ្យអ្នកលក់ដូរធម្មតានៅជិតនោះ សម្រាប់អ្នកមានលុយគ្រប់គ្រាន់។
 



រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ លើកជាយោបល់ថា៖«ការធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតឱ្យប្រជាពលរដ្ឋ [អ្នកចាក់វ៉ាក់សាំងបាន ២លើកហើយ] មានប្រភពចំណូលវិញផង ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកឱ្យឯកជន [លក់] ទាំងអស់ក៏បាន ដោយក្រសួងត្រួតពិនិត្យតម្លៃ។ ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ»។
 
លោក យ៉ង សាំងកុមារ ជាបណ្ឌិតកសិកម្ម ក៏យល់ឃើញមិនខុសពីលោកខៀវ កាញរីទ្ធ ប៉ុន្មានដែរ។ លោក យ៉ង សាំងកុមារ មិនប្រឆាំងនឹងការលក់ស្បៀងរបស់ក្រសួងពាណិជ្ជកម្ម ជូនពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងតំបន់ក្រហមទេ ប៉ុន្តែលោកស្នើឱ្យក្រសួងពាណិជ្ជកម្ម ផ្តោតលើការគាំទ្រដល់អាជីវកររាប់ពាន់នាក់ដែលត្រូវការកន្លែងលក់ដូរ ដើម្បីទទួលបានចំណូលសម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅ។ 
 
អ្នកជំនាញកសិកម្មរូបនេះ បង្ហាញការយល់ឃើញដូច្នេះថា៖«[ក្រសួង[ពាណិជ្ជកម្ម] គួរផ្តោតលើការជួយគាំទ្រដល់អាជីវករ ដើម្បីដំណើរការអាជីវកម្មគាត់បានល្អ ដោយមានទីតាំងសមស្របទទួលបានផ្គត់ផ្គង់កសិផលពីប្រភពផ្សេងៗបានដោយរលូន និងដំណើរការលក់ដូរដោយគោរពតាកគោរណ៍សុខាភិបាល បានល្អ»។  លោក បន្ថែមថា៖«ការចែកគ្នាទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងរដ្ឋនិងពលរដ្ឋ នាំឲ្យយើងទប់ទល់ជាមួយជំងឺកូវីដ-១៩ បានដោយជោគជ័យ»។ 
 
បច្ចុប្បន្នក្រសួងពាណិជ្ជកម្មតាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ បានបញ្ចេញរថយន្តចល័ត និងបង្កើតស្តង់ជាង២០ ដើម្បីលក់គ្រឿងបរិភោគ ដូចជា អង្ករ មី ត្រីខកំប៉ុង និង ទឹកត្រី ជាដើម នៅតំបន់ក្រហម ក្នុងតម្លៃក្រោមទីផ្សារ ខណៈក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ក៏បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តចល័តចំនួន ៦៤គ្រឿង ដើម្បីលក់គ្រឿងបរិភោគ ជុំវិញរាជធានីភ្នំពេញផងដែរ៕ 
 


 

Tag:
 កសិកម្ម
  ពាណិជ្ជកម្ម
  Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com