អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក ទទូចឱ្យរដ្ឋបាល បៃឌិន បន្ថែមទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា
28, Apr 2021 , 12:59 pm        
រូបភាព
សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋ លោក Marco Rubio។ រូបថត AFP
សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋ លោក Marco Rubio។ រូបថត AFP
សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម នៅថ្ងៃទី២៧ ខែមេសា បានជំរុញឱ្យរដ្ឋាភិបាល ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបន្ថែមទៀត។ ទណ្ឌកម្មលើក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមយោធា ក៏ជារឿងត្រូវធ្វើដែរ ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើប្រជាជន។

 
 
អាមេរិក បានដាក់ទណ្ឌកម្មច្រើនរួចហើយលើមេដឹកនាំយោធាមីយ៉ាន់ម៉ាធំៗ តាមរយៈការបង្កកទ្រព្យសម្បត្តិ និងហាមចូលទឹកដីអាមេរិក នៅពេលកន្លងមក។ ក្រុមហ៊ុន ដែលគ្រប់គ្រងដោយយោធា ក៏ត្រូវបានរឹតបន្តឹងមិនឱ្យរកស៊ីជាមួយជនជាតិអាមេរិកផងដែរ។ ទោះរងទណ្ឌកម្មជាច្រើនបែបនេះក្តី ក្រុមយោធានៅតែបន្តបង្រ្កាបលើក្រុមបាតុករដដែល។ 
 
ដោយសារក្រុមយោធាមីយ៉ាន់ម៉ា ហាក់មិនរអានឹងទណ្ឌកម្ម សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ បានជំរុញឱ្យរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ដាក់ទណ្ឌកម្មបន្ថែម។ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក Jeff Merkley, សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោកMarco Rubio រួមទាំងសមាជិកព្រឹទ្ធសភា ៤រូបផ្សេងទៀត បានទទូចឱ្យរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ ឱ្យស្វែងរកវិធីសាស្រ្តថ្មី ដើម្បីគាំទ្រប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងរបបសឹក។
 
«យើងសរសេរលិខិតថ្ងៃនេះ ជំរុញឱ្យអ្នករកវិធីសាស្រ្តថ្មី ដើម្បីគាំទ្រប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតវ៉ាដើម្បីប្រជាធិបតេយ្យ»។ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកបានបានសរសេរបែបនេះ នៅក្នុងលិខិតមួយនៅថ្ងៃទី២៧ ខែមេសា ដែលដាក់ជូនលោក លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក និងលោកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុ។ 
 
ក្នុងលិខិតនៅ សមាជិកព្រឹទ្ធិសភាអាមេរិក បានទាមទារឱ្យបញ្ឈប់លំហូរសាច់ប្រាក់ពីក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Chevron Corp ទៅសហគ្រាសមីយ៉ាន់ម៉ា MOGE ដែលរកស៊ីធ្យូងថ្ម និងហ្គាស។ ក្រុមហ៊ុន MOGE ជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួងថាមពល និងអគ្គិសនី និងជាប្រភពហិរញ្ញវត្ថុសម្រាប់មេដឹកនាំយោធា។ 
 
ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលមីយ៉ាន់ម៉ា អាចរកចំណូលពីឧស្ម័ន និងប្រេងរហូតដល់ ១,១ពាន់លានដុល្លារ ដែលនោះគឺជាប្រភពចំណូលមកពីបរទេសដ៏សំខាន់មួយ។
 
ទន្ទឹមនេះ សមាជិកព្រឹទ្ធសភាអាមេរិក ក៏បានស្វាគមន៍ចំណាត់ការរបស់អាមេរិក និងសម្ព័ន្ធមិត្ត ដែលបានចាត់វិធានការជាក់លាក់ ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើប្រជាជនមីយ៉ាន់ម៉ាពីសំណាក់របបសឹកផងដែរ៕
 

Tag:
 មីយ៉ាន់ម៉ា
  អាមេរិក
  របបសឹក
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com