ជាតិ
បន្ទាយមានជ័យ៖ អ្នកដំឡើងថ្លៃទំនិញ និងឱសថ អំឡុងកូវីដ-១៩ នឹងត្រូវរងពិន័យ ឬដកអាជ្ញាបណ្ណ
30, Apr 2021 , 10:17 am        
រូបភាព
លោក អ៊ុំ រាត្រី នាឱកាសចុះពិនិត្យអាជីវករលក់ដូរអំឡុងកូវីដ-១៩
លោក អ៊ុំ រាត្រី នាឱកាសចុះពិនិត្យអាជីវករលក់ដូរអំឡុងកូវីដ-១៩
ដោយ:
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការលើម្ចាស់អាជីវកម្ម ឬអាជីវករ ដែល ឆ្លៀតឱកាស ដំឡើងថ្លៃគ្រឿងឧបភោគ បរិភោគ ឱសថ និងទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ នៅក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ-១៩។ តាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា ម្ចាស់អាជីវកម្មទាំងនោះ នឹងត្រូវរងការពិន័យជាប្រាក់ ឬបញ្ឈប់អាជីវកម្មបណ្តោះអាសន្ន ឬឈានដល់ការដកអាជ្ញាបណ្ណ អាជីវកម្មតែម្តង។

 
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានរៀបរាប់ក្នុងសេចក្ដីជូនដំណឹងដូច្នេះ៖«ក្នុងករណីត្រួតពិនិត្យឃើញថាមានការលក់ថ្លៃលើស ឬថ្ងៃហួសហេតុ ត្រូវចាត់វិធានការផាកពិន័យ ឬបញ្ឈប់ ឬដកអាជ្ញាបណ្ណបណ្ដោះអាសន្ន ឬស្ថាពរ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
 
តាមអភិបាលខេត្តបន្ទាយមានជ័យ វិធានការនេះដើម្បីដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ អំឡុងការរាតត្បាតនៃវីរុសកូវីដ-១៩។ បន្ថែមលើការទប់ស្កាត់ការឡើងថ្លៃទំនិញ លោកអភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំទីតាំងផ្សារសម្រាប់ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ក្នុងប៉ោយប៉ែត ងាយស្រួលរកទិញគ្រឿងឧបភោគ បរិភោគ ដែលមានតម្លៃទាបជាងទីផ្សារផងដែរ។
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧មេសា ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧១នាក់ ដែលភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ អាជ្ញាធរ បានសម្រេចបិទអនុវត្តបម្រាមគោចរ ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ឧសភា ឆ្នាំ២០២១ ។ បន្ថែមពីនេះ អាជ្ញាធរបានបិទខ្ទប់ការធ្វើដំណើរចេញ-ចូលនៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងផ្លូវនានាដែលមានព្រំដែនជាមួយព្រំដែនប្រទេសថៃ រួមទាំងផ្អាកបណ្តោះអាសន្ន រាល់អាជីវកម្មកាស៊ីណូដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងខេត្តបន្ទាយមានជ័យផងដែរ៕
 

Tag:
 បន្ទាយមានជ័យ
 អ៊ុំ រាត្រី
 ទំនិញ
 ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com