ជាតិ
ភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ត្រូវបិទខ្ទប់បណ្ដោះអាសន្នក្រោយមនុស្ស៣នាក់វិជ្ជមានកូវីដ-១៩
30, Apr 2021 , 12:06 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តត្បូងឃ្មុំ
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តត្បូងឃ្មុំ
ដោយ:
រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់បណ្ដោះអាសន្ន ភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ចាប់ពីថ្ងៃទី២៩ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេង។ ការសម្រេចបិទខ្ទប់ភូមិដីដុះនេះ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមេសានេះ គឺបន្ទាប់ពីអាជ្ញាធរ បានរកឃើញមនុស្សចំនួន ៣នាក់មានវិជ្ជមានកូវីដ-១៩។

 
នៅក្នុងអំឡុងបិទខ្ទប់នេះ រដ្ឋបាលខេត្ត អនុញ្ញាតឲ្យពលរដ្ឋអាចធ្វើដំណើរបានទៅកាន់កន្លែងលក់ម្ហូប ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏អនុញ្ញាតឱ្យពលរដ្ឋ អាចធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនមានបញ្ហាសុខភាពបន្ទាន់ផងដែរ។
អនុញ្ញាតពលរដ្ឋក្នុងតំបន់បិទខ្ទប់អាចធ្វើដំណើរ ទៅមន្ទីរពេទ្យយកសំណាកដើម្បីពិនិត្យរកវីរុសកូវីដ-១៩។ ការធ្វើដំណើររបស់បុគ្គលិកពេទ្យរដ្ឋ និងឯកជន ក៏ត្រូវបានអនុញ្ញត និងការធ្វើដំណើរចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច។
 
ដោយឡែកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ កំពុងមមាញឹក ក្នុងការយកសំណាកអ្នកធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គលទាំង៣នាក់ ដើម្បីតេស្តរកវីរុសកូវីដ-១៩។ ហើយការរកឃើញអ្នកវិជ្ជមាន៣នាក់ថ្មីនេះ ធ្វើឲ្យខេត្តត្បូងឃ្មុំ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៨នាក់។
 
កន្លងមករដ្ឋបាលខេត្តត្បូងឃ្មុំ ធ្លាប់បានបិទខ្ទប់ទីតាំងមួយចំនួន ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលបានជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្នុងនោះមាន៖ ភូមិរកាធំ ដែលស្ថិតក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ , ភូមិឡ,ភូមិកោងកាង១,ភូមិកោងកាង២ ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក និងភូមិខ្នងក្រពើលិច ដែលស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់។
 
ក្រៅពីវិធានការបិទខ្ទប់ភូមិ ដែលមានករណីឆ្លងកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំបានបន្តពង្រឹងអនុវត្តវិធានការរដ្ឋបាល រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៕ 
 

Tag:
 ត្បូងឃ្មុំ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com