កីឡាអន្តរជាតិ
អន្តរជាតិ
La Liga សល់៥ប្រកួតទៀត At. Madrid នាំមុខ Real, Barcelona និង Sevilla តាមពីក្រោយ
30, Apr 2021 , 12:59 pm        
រូបភាព
Barcelona ខកខានឱកាសឡើងទៅឈរនៅកំពូលតារាង La Liga ក្រោយចាញ់ Granada ដ៏គួរភ្ញាក់ផ្អើលនៅ Camp Nou ដោយលទ្ធផល ២-១។ Atletico Madrid, Real Madrid, Barcelona និង Sevilla មានពិន្ទុប្រដេញគ្នាប្រកិត ដើម្បីប្រជែងពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ។

 
នាជំនួបលីគកំពូលអេស្ប៉ាញសប្តាហ៍ទី៣៣ នៅយប់ថ្ងៃទី២៩ ខែមេសា ប្រធានក្រុម Lionel Messi បានជួយ Barcelona នាំមុខមួយគ្រាប់មុនទៅហើយនៅនាទី២៣ តាមរយៈការបញ្ជូនរបស់ Antoine Griezmann។
 
ចូលដល់តង់ទី២ រឿងមិនគួរនឹកស្មានបានកើតឡើង បន្ទាប់ពីក្រុមភ្ញៀវ Granada វាយបកបានពីរគ្រាប់វិញដែលសម្រេចបានដោយ Darwin Machis នាទី៦៣ និង Jorge Molina នាទី៧៩។ ចប់ការប្រកួត ក្រុមអ្នកមានបុណ្យចាញ់ Granada ២-១។
 
បរាជ័យនេះ បានធ្វើឱ្យក្រុមលោក Ronald Koeman ខកឱកាសឡើងទៅឈរកំពូលតារាង La Liga ដោយស្ថិតនៅលេខ៣ដដែល។ Barca មាន៧១ពិន្ទុ ស្មើក្រុមលេខ២ Real Madrid និងតាមពីក្រោយក្រុមនាំមុខកំពូលតារាង Atletico Madrid ដែលមាន៧៣ពិន្ទុ។
 
ខណៈនៅសល់៥ប្រកួតទៀតនឹងត្រូវបញ្ចប់រដូវកាល ២០២-២១ មកទល់ពេលនេះក្រុម Top 4 ទាំងបួនសុទ្ធតែមានឱកាសប្រជែងពាន La Liga រៀងខ្លួន ដោយក្រុមលេខ៤  Sevilla ក៏មាន៧០ពិន្ទុផងដែរ៕
 

Tag:
 La Liga
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com