ជាតិ
សុខភាព
ពលរដ្ឋខ្មែរ ជាង១,៣លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
30, Apr 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋនិងកងកម្លាំងយោធានៅកម្ពុជា ចំនួន១,៣២៩,៤៣៣នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ តួលេខនេះ បានបង្ហាញថា មានពលរដ្ឋខ្មែរប្រមាណ៨,៥ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងចំណោមពលរដ្ឋជាង១៥លាននាក់ ដោយផ្អែកតាមលទ្ធផលជំរឿនប្រជាជនឆ្នាំ២០១៩។

 
ក្នុងចំណោមមនុស្សជាង១,៣លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ មានក្រុមពលរដ្ឋអាទិភាពជាង១លាននាក់ និងជាង៣០ម៉ឺននាក់ទៀត ជាកងកម្លាំងទ័ព។ នេះបើយោងតាមរបាយការណ៍ផ្សេងៗពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដែលគិតត្រឹមថ្ងៃទី២៩មេសា ឆ្នាំ២០២១។ តួលេខនេះ ក៏បញ្ចូលទាំងជនបរទេសដែលជាអ្នកការទូត បុគ្គលិកអង្គការអន្តរជាតិ និងកីឡាករបរទេសដែលប្រកបអាជីពនៅកម្ពុជា ផងដែរ។ 
 
 
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ឧសភា  ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទ្រង់ទ្រាយធំដល់ពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ សម្រាប់រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធានៃកងយុទ្ធពលខេមរភូមិន្ទ នឹងបោះទីតាំងចាក់វ៉ាក់សាំងផ្សេងៗគ្នា នៅក្នុងខណ្ឌចំនួន៤។ ក្នុងនោះមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមានតំបន់ក្រហម និងមានកម្មករ-កម្មការិនីរោងចក្រជាង៤០ម៉ឺននាក់ កំពុងស្នាក់នៅ ក្នុងតំបន់ទាំងនោះ។ 


 
ជាមួយគ្នានេះ ក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល(Covishield)របស់ក្រុមហ៊ុនAstraZeneca ដូសទី២ដល់ ពលរដ្ឋ ចាប់ពីថ្ងៃទី៦ឧសភា រហូតដល់ថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ ផងដែរ។ វ៉ាក់សាំង Covishield ដូសទី២នេះ គឺនឹងចាក់ជូនប្រជាពលរដ្ឋ ដែលបានចាក់ដូសទី១រួចរាល់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
 
 
កាលពីថ្ងៃទី ១៩មេសា  គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)  បានប្រកាសប្រាប់ជូនសាធារណជន ក្នុងការបន្តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នូវដូសទី២ ជូនដល់បុគ្គល ដែលត្រូវដល់វេនចាក់ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ក្នុងនោះចំពោះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)និងស៊ីណូហ្វាម(Sinopharm) ដូសទី២ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០មេសា ដល់ថ្ងៃទី ៣ឧសភា ឆ្នាំ ២០២១។
 
ក្រោយមក ក្រសួងការពារជាតិ ក៏បានជូនដំណឹងដល់បណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នូវដូសទី២ ជូនគ្រួសារកងទ័ពនៅតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដោយតម្រូវឱ្យគ្រួសារកងទ័ពទាំងនោះ ត្រូវទៅចាក់តាមខណ្ឌនីមួយៗ ដែលសាម៉ីខ្លួនកំពុងស្ថិតនៅ ដោយមិនអនុញ្ញាតឱ្យឆ្លងខណ្ឌពីមួយទៅមួយឡើយ។ 


 
កាលពីថ្ងៃទី២៨ មេសា ចិនបានផ្ដល់ជំនួយវ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូសទៀត ដល់កម្ពុជា ។ បើតាមប្រសាសន៍សម្តេចហ៊ុន សែន វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងដឹកមកដល់ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ វ៉ាក់សាំងចំនួន១,៥លានដូស នឹងមកកម្ពុជានៅក្នុងខែឧសភា, ៣លានដូស នឹងមកដល់ នៅខែមិថុនា, ២លានដូស មកដល់នៅខែកក្កដា និងខែសីហា វ៉ាក់សាំងចំនួន ១លានដូសទៀត។ 
 
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុប៤,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។  ក្នុងនោះ មានវ៉ាក់សាំងSinopharm ចំនួន១,៧លានដូស, វ៉ាក់សាំង Sinovac មាន២លានដូស និងវ៉ាក់សាំង Astra Zeneca មានចំនួន ៣២៤,០០០ ដូស។ 
គិតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១២៦៤១ករណី ក្នុងនោះ ១២០៩០ ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន ៤៩៨៦នាក់។ អ្នកជំងឺសរុប មានចំនួន ៨១១៥ នាក់ ក្នុងនោះមានអ្នកសម្រាកព្យាបាលនៅផ្ទះនៅសល់ ១២នាក់ ខណៈមានអ្នកជំងឺចំនួន ៤៦៧១នាក់ នៅរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល៕
 
 
 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com