COVID-19
ជាតិ
ស្ទឹងត្រែងមានករណីកូវីដ-១៩ ដំបូងបំផុត ដែលជាស្ត្រីម្នាក់ទៅពីខេត្តព្រះសីហនុ
01, May 2021 , 6:31 pm        
រូបភាព
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង។ រូបថត រដ្ឋបាលខេត្ត
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង។ រូបថត រដ្ឋបាលខេត្ត
ដោយ: រួបរួម
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន នាថ្ងៃទី១ ខែឧសភានេះ។ អ្នកជំងឺជាស្ត្រីអាយុ២៤ឆ្នាំម្នាក់ ដែលបានធ្វើដំណើរពីខេត្តព្រះសីហនុ។ ជាករណីដំបូងបំផុតនៅខេត្តភូមិភាគឦសានមួយនេះ បន្ទាប់ពីក្រចេះ និងមណ្ឌលគិរី ខណៈរតនគិរី នៅតែជាខេត្តមួយគត់នៅកម្ពុជាដែលមិនទាន់មានករណីកូវីដ-១៩។



តាមរដ្ឋបាលខេត្តស្ទឹងត្រែង អ្នកជំងឺបានធ្វើដំណើរពីខេត្តព្រះសីហនុ ទៅដល់ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៧ ខែមេសា។ គាត់ត្រូវបានដាក់ឲ្យសម្រាកនៅមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុងក្រុងស្ទឹងត្រែង ហើយលទ្ធផលសំណាក គឺវិជ្ជមានកូវីដ-១៩។

អាជ្ញាធរបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដោយក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត បានដាក់លេខទំនាក់ទំនង គឺ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៨៨ ០០០ ដើម្បីឲ្យអ្នកទាំងនោះ ទាក់ទងយកសំណាក និងធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា ស្ទឹងត្រែងជាខេត្តទី២៤នៅកម្ពុជាដែលរកឃើញករណីវិជ្ជមានកូវីដ-១៩ បើគិតចាប់តាំងពីការរាលដាលជំងឺរាតត្បាតសាកលនេះនៅកម្ពុជា។ ខេត្តដែលទើបរកឃើញករណីដំបូងនារយៈពេលចុងក្រោយនេះ មានពោធិ៍សាត់ ក្រចេះ និងមណ្ឌលគិរី ខណៈរតនគិរី ធ្លាប់បានប្រកាសករណីវិជ្ជមានដំបូងផងដែរ ប៉ុន្តែបានបដិសេធវិញ ដោយសារអ្នកជំងឺតេស្តសារជថ្មីអវិជ្ជមាន។

បច្ចុប្បន្នកម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន១៣៧៩០នាក់ ក្នុងនោះ៥២០០នាក់បានជាសះស្បើយ និង៩៦នាក់បានស្លាប់ ខណៈ៨៤៨៧នាក់កំពុងសម្រាកព្យាបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com