ជាតិ
សង្គមជាតិ
ក្រោយផ្ទុះករណីដំបូង ខេត្តស្ទឹងត្រែងចេញបម្រាមគោចរ ហើយផ្អាកអាជីវកម្មគ្រឿងស្រវឹង និងសេវាកម្សាន្ត ២សប្តាហ៍
02, May 2021 , 11:54 am        
រូបភាព
ដោយ:
ភ្នំពេញ៖លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានសម្រេចអនុវត្តបម្រោមគោចរ ផ្អាកអាជីវកម្មគ្រឿងស្រវឹង,អាហារដ្ឋាននានា, សេវាកម្សាន្ត និងក្លឹបកីឡានានា នៅភូមិសាស្ត្រខេត្តស្ទឹងត្រែង រយៈពេល២សប្តាហ៍ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។



លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ក្នុងសេចក្តីសម្រេចនៅថ្ងៃទី១ ខែឧសភា ថា ពលរដ្ឋហាមធ្វើដំណើរចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ តែអាជ្ញាធរក៏អនុគ្រោះដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ ដែលមានភារកិច្ចចាំបាច់ និងការអនុញ្ញាតពីអាជ្ញាធរ ។

បើតាមលោក ម៉ុម សារឿន រាល់សកម្មភាពលក់ដូរអាហារ ភេសជ្ជៈ គ្រឿងស្រវឹង នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ភោជនីយដ្ឋាននៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ តូបលក់ដូរទំនិញ ក្លឹបកម្សាន្ត ក្លឹបកីឡា ទីតាំងលេងកីឡានៅតាមមូលដ្ឋានក្រុង និងស្រុក ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង គឺត្រូវផ្អាកដំណើរការ២សប្តាហ៍សិន។

អភិបាលខេត្តស្ទឹងត្រែងចេញបម្រាមបែបនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងរាលដាលថែមទៀត ក្រោយខេត្តភាគឦសានមួយនេះ ទើបតែផ្ទុះករណីវិជ្ជមានកូវីដ-១៩ មួយករណីលើកដំបូង ។

លោក អភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ករណីពលរដ្ឋណាមិនគោរពទៅតាមវិធានការនេះ ពួកគេនឹងត្រូវប្រឈមនឹងបទប្បញ្ញតិ្ត ដែលមានចែងក្នុងប្រកាសអន្តរក្រសួង របស់រដ្ឋាភិបាល និងសេចក្តីសម្រេចរដ្ឋបាលខេត្ត។
 
បច្ចុប្បន្នកម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន១៣,៧៩០នាក់ ក្នុងនោះ៥,២០០នាក់បានជាសះស្បើយ និង៩៦នាក់បានស្លាប់ ខណៈ៨,៤៨៧នាក់កំពុងសម្រាកព្យាបាល៕
 



Tag:
 បម្រាមគោចរ
  គ្រឿងស្រវឹង
  សេវា
© រក្សាសិទ្ធិដោយ thmeythmey.com