ជាតិ
ទិវាសេរីភាពសារព័ត៌មានក្រោមប្រធានបទ «ព័ត៌មានដែលជាប្រយោជន៍សារធារណៈ»
03, May 2021 , 8:06 am        
រូបភាព
Photo Caption: លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ។ រូបថត UNESCOChristelle Alix
Photo Caption: លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ។ រូបថត UNESCOChristelle Alix
ដោយ: រួបរួម
ទិវាសេរីភាពសារព័ត៌មាននាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ ធ្វើឡើងក្រោមប្រធានបទ «ព័ត៌មានដែលជាប្រយោជន៍សាធារណៈ» (Information as a Public Good)។ ស្របពេលជាមួយគ្នា សេចក្តីប្រកាសវីនធុក (Windhoek Declaration) ក៏ឈានដល់ការប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួនផងដែរ។



សេចក្តីប្រកាសវីនធុក ដែលធ្វើឡើងក្រោយជំនួបរវាងអ្នកសារព័ត៌មានអាហ្វ្រិកនៅក្រុងវីនធុក ប្រទេសណាមីប៊ី កាលពីឆ្នាំ១៩៩១ បានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតថ្ងៃទី ៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក (World Press Freedom Day)។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អង្គការយូណេស្កូ បានលើកឡើងថា ទិវាសេរីភាពសារព័ត៌មានពិភពលោកគឺជាឱកាសដ៏សំខាន់មួយដើម្បីសាទរមូលដ្ឋានគ្រឹះនៃសេរីភាពសារព័ត៌មាន វាយតម្លៃសេរីភាពសារព័ត៌មានជុំវិញពិភពលោក ការពារប្រព័ន្ធផ្សព្វផ្សាយពីការវាយប្រហារលើឯករាជ្យភាពរបស់ពួកគេ និងដើម្បីផ្តល់តម្លៃដល់អ្នកសារព័ត៌មានវិជ្ជាជីវៈចំពោះការប្រឹងប្រែង និងការប្រឈមរបស់ពួកគេក្នុងអាជីព។

ក្នុងបរិបទកូវីដ-១៩ យូណេស្កូ បានកត់សម្គាល់ពីតួនាទីកាន់តែសំខាន់របស់អ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានដែលអាចជឿទុកចិត្តបានទាក់ទងនឹងស្ថានភាពរាលដាល និងផ្តល់ការផ្ទៀងផ្ទាត់ត្រឹមត្រូវដើម្បីទប់ទល់បណ្តាព័ត៌មានមិនពិតនៅតាមបណ្តាញអ៊ីនធឺណិត។

ក្រោមប្រធានបទ «ព័ត៌មានដែលជាប្រយោជន៍សារធារណៈ» លោកស្រី Audrey Azoulay អគ្គនាយិកាយូណេស្កូ បានគូសបញ្ជាក់ពីសារសំខាន់ដែលមិនអាចប្រកែកបាន នៃព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។

លោកស្រីលើកឡើងថា៖ «វាក៏អំពាវនាវ ឲ្យមានការយកចិត្តទុកដាក់ ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានសេរី និងមានវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយការចូលរួមទប់ស្កាត់ព័ត៌មានមិនពិត និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ផ្សេងទៀត»។

រីឯលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា សារព័ត៌មានឯករាជ្យ និងសេរី គឺជាសម្ព័ន្ធមិត្តដ៏អស្ចារ្យបំផុតរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានខុស»៕




Tag:
 Press Freedom
© រក្សាសិទ្ធិដោយ thmeythmey.com