កីឡាអន្តរជាតិ
អន្តរជាតិ
មុនជំនួបជាមួយ Roma ជើងទី២ Fernandes ថា Man Utd ឈ្នះ Europa ក៏មិនទាន់គ្រប់ដែរ
06, May 2021 , 5:40 pm        
រូបភាព
Bruno Fernandes ខ្សែបម្រើ Manchester United មានសុទិដ្ឋិនិយមថា ការឈ្នះពានរង្វាន់នឹងបង្ហាញពីការរីកចម្រើនរបស់ក្លិប។ Fernandes ដែលមិនទាន់ស្គាល់ជាតិឈានដល់វគ្គផ្តាច់ព្រ័ត្រ ចាប់តាំងពីចូលរួមក្រុមអង់គ្លេសនៅឆ្នាំ២០២០មក បានសង្កត់ធ្ងន់ថា បើទោះបិសាចក្រហមឈ្នះ Europa League រដូវកាលនេះ ក៏មិនទាន់គ្រប់គ្រាន់ដែរ។


Man Utd នឹងត្រូវទៅជួប Roma ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នៅទឹកដីអ៊ីតាលីនៅរាត្រីថ្ងៃទី៦ ខែឧសភានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ក្រុមលោក Ole Gunnar Solskjaer មានប្រៀបរួចទៅហើយ ដ្បិតកាលពីជើងទី១នៅ Old Trafford ពួកគេឈ្នះ Roma ដល់ទៅ ៦-២។
 
នៅមុនជំនួបជើងទី២ នាសន្និសីតសារព័ត៌មាន Fernandes ដែលជាកីឡាករសំខាន់ មិនអាចខ្វះបាន ( Key Player )របស់ Man Utd បានបង្ហាញអារម្មណ៍ស្រែកឃ្លានជ័យជម្នះ និងចង់ឈ្នះពានសម្រាប់ក្រុមរបស់ខ្លួនមួយនេះ។ បន្ថែមពីនេះទៀតខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ២៦ឆ្នាំ យល់ថា បើទោះ Man Utd លើកពានអឺរ៉ុបរដូវកាលនេះ ក៏មិនទាន់គ្រប់គ្រាន់ដែរ។
«សម្រាប់យើងនេះសញ្ញាល្អ ព្រោះកាលពីរដូវកាលមុនយើងមិនបានឈ្នះអ្វីទាំងអស់។ នេះជាការបង្ហាញពីភាពរីកចម្រើនរបស់ក្លិប និងកីឡាករ និងជាសញ្ញាមួយដែលយើងកំពុងធ្វើបានប្រសើរឡើងបន្តិចៗម្តង។ យ៉ាងណាវាមិនទាន់គ្រប់គ្រាន់សម្រាប់យើងទេ»។ នេះជាការលើកឡើងរបស់ Fernandes មុនបន្ថែមថា Man Utd ត្រូវការឈ្នះពានជាច្រើនទៀតនៅរដូវកាលក្រោយៗ។
 
បិសាចក្រមឈ្នះ Europa League លើកចុងក្រោយនៅឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក Jose Mourinho តាមរយៈការយកឈ្នះ Ajax ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ដោយឡែកជំនួបមួយគូទៀត Arsenal ត្រូវទទួលភ្ញៀវ Villarreal សម្រាប់ជំនួបជើងទី២នៅរាត្រីនេះដូចគ្នា។ កាលពីជើងទី១នៅទឹកដីអេស្ប៉ាញ Villarreal ដែលដឹកនាំដោយអតីតអ្នកចាត់ការ Arsenal លោក Unai Emery បានយកឈ្នះ ២-១។
 
កាំភ្លើងធំ ត្រូវការឈ្នះជើងឯកក្របខណ្ឌទី២អឺរ៉ុបជាចាំបាច់ ដើម្បីទទួលបានកៅអីលេង Champions League រដូវកាលក្រោយ ដ្បិតចំណាត់ថ្នាក់នៅក្នុងលីគសព្វថ្ងៃមិនអាចជួយពួកគេលេងក្របខណ្ឌអឺរ៉ុបបានឡើយ។ ក្រុមលោក Mikel Arteta នៅលេខរៀងទី៩ មាន៤៩ពិន្ទុ។
 
ក្នុងចំណោមក្រុមទាំង៤ នឹងត្រូវសម្រេចយក២ក្រុម ក្រោយការប្រកួតនៅរាត្រីនេះ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា នាទីក្រុង Gdansk ប្រទេសប៉ូឡូញ៕
 

Tag:
 Bruno Fernandes
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com