COVID-19
អន្តរជាតិ
អាមេរិក គាំទ្រការព្យួរប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
06, May 2021 , 6:29 pm        
រូបភាព
លោកស្រី Katherine Tai​ អ្នកតំណាងពាណិជ្ជកម្មអាមេរិក។ រូបភាព៖ AP
លោកស្រី Katherine Tai​ អ្នកតំណាងពាណិជ្ជកម្មអាមេរិក។ រូបភាព៖ AP
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃទី៥ ខែឧសភា បានប្រកាសគាំទ្រការព្យួរជាសកលលើប៉ាតង់ (Patent) របស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីជួយប្រទេសក្រីក្រ ដែលកំពុងខ្វះវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាជន។ ប៉ុន្តែការប្រកាសរបស់រដ្ឋបាលអាមេរិក ត្រូវបានក្រុមហ៊ុនផលិតឱសថ អះអាងថា ធ្វើឱ្យប៉ះពាល់ដល់គំនិតច្នៃប្រឌិត។

 
ជាងមួយឆ្នាំហើយ ជំងឺកូវីដ-១៩ នៅតែបន្តរីកសាយទូទាំងពិភពលោក ខណៈពេលប្រទេសក្រីក្រជាច្រើន កំពុងរងគ្រោះ ដោយគ្មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចាក់ឱ្យប្រជាជនបានគ្រប់គ្រាន់។ គ្រាន់តែឥណ្ឌា ករណីឆ្លងកាន់តែហក់ឡើងដល់ជាង ៣០ម៉ឺនករណីជាច្រើនថ្ងៃ ស្របពេលកម្មវិធីចាក់វ៉ាក់សាំងមានដំណើរការយឺត ដោយសារបរិមាណវ៉ាក់សាំងមិនគ្រប់គ្រាន់។ 
 
ទាក់ទិននឹងបញ្ហាខ្វះវ៉ាក់សាំងនេះ អាមេរិក បានប្រកាសគាំទ្រផែនការដែលស្នើក្រុមហ៊ុនផលិតឱសថព្យួរប៉ាតង់វ៉ាក់សាំងរបស់ខ្លួន ដើម្បីបញ្ចប់ជំងឺឆ្លងសកលកូវីដ-១៩។ «នេះគឺជាវិបត្តិសុខភាពសកល និងកាលៈទេសៈកូវីដ-១៩ ខុសពីប្រក្រតីបែបនេះ ទាមទារឱ្យវិធានការដ៏ខ្លាំងមួយ»។ លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិក បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៥ ខែឧសភា។ 
 
បើតាមលោកស្រី Tai កម្មសិទ្ធិបញ្ញាគឺសំខាន់ណាស់សម្រាប់ជំនួញ ប៉ុន្តែពិភពលោក កំពុងស្ថិតក្នុងវិបត្តិ ដែលត្រូវដោះស្រាយ។ តំណាងពាណិជ្ជកម្មអាមេរិករូបនេះ ក៏ទទួលស្គាល់ផងដែរថា ការចរចាលើការលុបចោលបា៉តង់នេះ នឹងចំណាយពេលយូរ នៅក្នុងប្រព័ន្ធអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រោះទាមទារឱ្យមានការឯកភាពពីប្រទេសចំនួន ១៦៤ ដែលជាសមាជិក។ 
 
ការគាំទ្ររបស់អាមេរិក ទទួលបានការសាទរពីសំណាក់អង្គការសុខភាពពិភពលោក (WHO) និងបណ្តាប្រទេសមួយចំនួន ប៉ុន្តែវាក៏ត្រូវបានច្រានចោលពីក្រុមហ៊ុនផលិតឱសថផងដែរ។ 
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការ WHO ចាត់ទុកការសម្រេចចិត្តរបស់អាមេរិក គឺសំខាន់នៅក្នុងប្រវត្តិសាស្រ្ត និងជាពេលដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។ នូវែលសេឡង់ និងអូស្រ្តាលី ក៏បានសាទរផងដែរ ព្រោះវានឹងជួយពួកគេអាចផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បាន។ 
 
យ៉ាងណាមិញ ការអំពាវនាវឱ្យបោះបង់ប៉ាតង់នេះ ត្រូវបានក្រុមហ៊ុនផលិតឱសថច្រានចោល ដោយអះអាងថា ប៉ាតង់ មិនមែនធ្វើឱ្យរាំងស្ទះដល់ការបង្កើនការផលិតវ៉ាក់សាំងឡើយ។ ម្យ៉ាងការបោះបង់ចោលប៉ាតង់វ៉ាក់សាំងកូវីដ-១៩ នឹងធ្វើឱ្យប៉ះពាល់ដល់គំនិតច្នៃប្រឌិតថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ជាច្រើនខែមកហើយ អង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានប្រទេសជាច្រើន អំពាវនាវឱ្យព្យួរប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលត្រូវបានស្គាល់ថា ជាការបោះបង់ចោលកិច្ចព្រមព្រៀងលើកម្មសិទ្ធិបញ្ញាទាក់ទិននឹងពាណិជ្ជកម្ម (TRIPS)។ 
 
នៅក្នុងថ្ងៃដដែលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានអំពាវនាវក្រុមហ៊ុនផលិតវ៉ាក់សាំង អនុញ្ញាតឱ្យក្រុមហ៊ុនផ្សេងទៀត អាចផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានផងដែរ។ ការអនុញ្ញាតនេះ គឺរួមមានការផ្ទេរបច្ចេកវិទ្យា របៀបផលិតវ៉ាក់សាំង និងប័ណ្ណទទួលស្គាល់ជាដើម។ 
 
សូមបញ្ជាក់ថា សំណើឱ្យព្យួរប៉ាតង់នៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នេះ ត្រូវបានធ្វើឡើងដោយឥណ្ឌា និងអាហ្វ្រ៊ិកខាងត្បូង និងមានការគាំទ្រពីប្រទេសចំនួន ៦០ផ្សេងទៀត៕
 

Tag:
 អាមេរិក
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com