កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Pfizer-BioNTech នឹងផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់អត្តពលិកអូឡាំពិកតូក្យូ
07, May 2021 , 9:29 pm        
រូបភាព
ក្រុមហ៊ុនវ៉ាក់សាំងអាមេរិក Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech នៅថ្ងៃទី៦ ខែឧសភា បានប្រកាសពីកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់អត្តពលិក និងបុគ្គលិកដែលចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០។


តាមសេចក្តីប្រកាសដែលទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយ ក្រុមហ៊ុនខាងលើនឹងធ្វើការជាមួយស្ថាប័នកីឡាជាតិ ដើម្បីធ្វើឱ្យប្រាកដថាវ៉ាក់សាំងកូវីដ-១៩ អាចផ្តល់ជូនសម្រាប់អ្នកចូលរួមមុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។
 
«ការផ្តល់វ៉ាក់សាំងដូសដំបូងដល់ប្រតិភូដែលចូលរួមត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងខែឧសភា ហើយដូសទី២ ត្រូវប្រាកដថាធ្វើឱ្យបានមុនពេលទៅដល់ទីក្រុងតូក្យូ»។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនវ៉ាក់សាំង Pfizer-BioNTech។
 
ប្រធាន IOC លោក Thomas Bach ដែលបានយល់ព្រមឱ្យព្រឹត្តិការណ៍អូឡាំពិកពន្យាពេលកាលពីឆ្នាំមុន បានអំពាវនាវដល់អត្តពលិក និងគណៈប្រតិភូដែលត្រូវចូលរួមព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកដែលនឹងមកដល់ឆាប់ៗនេះ ទទួលយកវ៉ាក់សាំងនៅកន្លែងដែលអាចធ្វើទៅបាន។
 
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូ ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា ត្រូវបានគេរំពឹងថានឹងមានអត្តពលិកចូលរួមជាង ១១០០០ នាក់។ យ៉ាងណាក្នុងចំណោមអត្តពលិកទាំងអស់ មានអត្តពលិកចំនួនច្រើនហើយដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់នៅឯប្រទេសកំណើតរបស់ពួកគេ។
 
ការផ្តល់ជូនវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនវ៉ាក់សាំង Pfizer-BioNTech ធ្វើឡើងស្របតាមការសន្យារបស់ IOC ដែលធានាថាដំណើរការអូឡាំពិកនឹងមានសុវត្ថិភាព និងសុខភាពសម្រាប់អ្នកចូលរួម បើទោះជំងឺឆ្លងដ៏សាហាវនៅតែបន្តរាតត្បាតកាន់តែខ្លាំងក្តី។ 
 
ក្រៅពីវ៉ាក់សាំងរបស់អាមេរិកនេះ IOC ក៏នឹងផ្តល់ជូនគណៈប្រតិភូថ្នាក់ជាតិនូវវ៉ាក់សាំងកូវីដ-១៩ ដែលបានទិញពីចិនផងដែរ៕
 

Tag:
 Pfizer-BioNTech
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com