COVID-19
ជាតិ
កំពង់ស្ពឺ៖ កម្មការិនីរោងចក្រម្នាក់ដែលមានផ្ទៃពោះ៧ខែ ស្លាប់ដោយសារ​កូវីដ-១៩
08, May 2021 , 1:49 pm        
រូបភាព
ភ្នំពេញ៖ កម្មការិនី​រោងចក្រម្នាក់មាន​ផ្ទៃពោះ៧ខែ ដែល​មានរស់នៅ​ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់ដោយសារ​ជំងឺកូវីដ-១៩កាល​ពី​យប់​ថ្ងៃទី ៧ ឧសភា​។ នេះបើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៨ ឧសភា។

 
ស្រ្តីវ័យ​៣០ឆ្នាំ​ម្នាក់ មាន​ទីលំនៅ​ក្នុង​ភូមិគោក​ដង្កោឃុំ​ពេជ្រមុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺជា​កម្មការិនី​រោងចក្រនៅ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាលបាន​ស្លាប់​ដោយ​សារជំងឺកូវីដ-១៩​។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា៖ «កម្មការិនីរោងចក្រម្នាក់បាន​ស្លាប់​ដោយសារជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី៧ ឧសភាបន្ទាប់ពី​​ចូលមន្ទីរពេទ្យបាន​ ៣០នាទី។ គាត់​មាន​អាការ​ដង្ហក់ខ្លាំងនិង​មាន​សភាព​ធ្ងន់ធ្ងរ»។ 
 
បើតាម​អភិបាលខេត្ត​កំពង់ស្ពឺនៅពេល​មាន​អាការសង្ស័យដំបូង ស្រ្តីជា​កម្មការិនីខាងលើមិន​បានទៅ​មន្ទីរពេទ្យឬ​យក​សំណាកនោះទេ ប៉ុន្តែក្រោយ​មាន​អាការ​ធ្ងន់ធ្ងរ​ទើប​ក្រុមគ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
 
ស្រ្តីជា​កម្មការិនីរោងចក្ររូបនេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមានកូវីដ-១៩ និង​វិនិច្ឆ័យថាស្លាប់ដោយសារជំងឺកូវីដ-១៩ ​។
 
លោក វ៉ី សំណាង បន្តថា​អ្នក​ពាក់​ព័ន្ធនឹង​ស្រ្តីខាងលើជាក្រុម​គ្រួសារ​របស់សព ដោយត្រូវ​ធ្វើ​ចត្តាឡីស័កនិង​យក​សំណាក។
 
អភិបាលខេត្ត​កំពង់ស្ពឺ អំពាវនាវដល់កម្មការិនីរោងចក្រ និង​ពលរដ្ឋទាំងអស់ត្រូវ​ផ្ដល់​ព័ត៌មាន​ពិតជូន​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាលនៃ​ជំងឺកូវីដ-១៩។​ សូម​បញ្ជាក់ថាគិតត្រឹម​ថ្ងៃទី ៨ឧសភានេះ ខេត្ត​កំពង់ស្ពឺ មាន​អ្នក​ស្លាប់​ដោយសារជំងឺកូវីដ-១៩ចំនួន ៤នាក់។ 
 
ដ្បិតតែអភិបាលខេត្តកំពង់ស្ពឺបានអះអាងថា ខេត្តខ្លួនមានអ្នកស្លាប់ដោយសារជំងឺកូវី-១៩ ម្នាក់មែន នៅយប់ថ្ងៃទី៧ ឧសភា ប៉ុន្តែរបាយការណ៍ប្រចាំថ្ងៃទី៨ ឧសភានេះ របស់ក្រសួងសុខាភិបាល  បញ្ជាក់ថាគ្មានអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។
 
សូមបញ្ជាក់តាមក្រសួងសុខាភិបាល គិត​មកដល់ពេលនេះ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​ចំនួន ១៨៧១៧​នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៣៤០​នាក់ និង​ស្លាប់មាន​១១៤​នាក់​។ នេះ​ជា​ថ្ងៃទី២ហើយ ​ដែលកម្ពុជាមិនមានករណីស្លាប់ថ្មី ក្នុង​រយៈពេល​ជិត​​ខែមកនេះ ​ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​៨ ខែមេសា​មក​៕

Tag:
 កម្មការិនី​រោងចក្រ
  កំពង់ស្ពឺ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com