COVID-19
ជាតិ
ពលរដ្ឋជាង ១.៧លាននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះជាង៣៥ម៉ឺននាក់ ជាអ្នកនៅតំបន់ក្រហម
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែឧសភា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាមាន ១.៧លាននាក់ហើយ ក្នុងនោះពលរដ្ឋនៅតំបន់ក្រហមមានជាង៣៥ម៉ឺននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋនៅតំបន់ក្រហម ចាប់ផ្តើមតាំងពីថ្ងៃទី១ ឧសភាមកម្ល៉េះ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែឧសភា។
របាយការណ៍ទាំងពីរខាងលើបានបង្ហាញថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា មានចំនួនសរុប ១ ៧១៨ ៧០៨នាក់។ ក្នុងនោះពលរដ្ឋទូទៅមានចំនួនសរុប ១ ០៦៩ ២១០នាក់ និងកងកម្លាំងប្រដាប់អាវុធចំនួនសរុប ៦៤៩ ៤៩៨នាក់។ ក្នុងចំណោមពលរដ្ឋជាង ១.៧លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ មានចំនួន ៣៥១, ៥៣៧នាក់ ជាអ្នកនៅតំបន់ក្រហម។
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតក្នុងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការបិទខ្ទប់តំបន់ដែលប្រឈមឆ្លងខ្លាំង និងបម្រាមគោចរជាដើម ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។ ដើម្បីជោគជ័យលើការងារនេះ រដ្ឋាភិបាល បានកំណត់ផែនការជាជំហានៗ។ ដោយជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ដោយចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យអស់ដែលមានជិត២,៥លាននាក់។
សម្រាប់ជំហានទី២ នៃផែនការរបស់រដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាយមានជ័យ កែប និងខេត្តកំពត។ ជំហាននេះ នឹងអនុវត្តឡើងចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ប្រជាជនរស់នៅក្នុងខេត្តទាំង១១ មានជាង២លាននាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រមាណ៤លានដូស។
ចំពោះជំហានទី៣ នៃការផែនការចាក់វ៉ាក់សាំងនោះ គឺនឹងអនុវត្តពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទៅលើប្រជាជនជាង៤,៤លាននាក់ រស់នៅក្នុងខេត្តចំនួន១២។ ក្នុងនោះ មានខេត្តកោះកុង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងក្រចេះ។
គិតមកដល់ពេលនេះកម្ពុជា មានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៩២៣៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៦៤១នាក់ និងស្លាប់មាន១២០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com