ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ចង់បន្ថយសម្ពាធឈាម កុំរំលងអត្ថបទនេះឱ្យសោះ
10, May 2021 , 11:29 pm        
រូបភាព
ចង់បន្ថយសម្ពាធឈាម ឬទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយទប់ស្កាត់ ព្រមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ ៖

 
១. គ្រប់គ្រងទម្ងន់ឱ្យបានត្រឹមត្រូវ
 
អ្នកជំនាញផ្នែកសុខភាពជាច្រើនបានណែនាំឱ្យអ្នកព្យាយាមរក្សានូវទម្ងន់ត្រឹមត្រូវមួយ ប្រសិនបើចង់ទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការធាត់លើសទម្ងន់អាចបង្កើនហានិភ័យនៃជំងឺលើសសម្ពាធឈាម ព្រមទាំងប្រឈមមុខខ្ពស់នឹងបញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ។
 
២. ទឹកក្រូចឆ្មារ
 
ដើម្បីដោះស្រាយបញ្ហាសម្ពាធឈាមឡើងខ្ពស់ អ្នកអាចសាកល្បងទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗមួយពែងមុនគេនៅពេលព្រឹក។ ក្រូចឆ្មារអាចធ្វើឱ្យសសៃឈាមទន់និងងាយបត់បែនដើម្បីបន្ថយភាពឡើងរឹងដែលជាញឹកញយតែងបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ វីតាមីន C ក្នុងទឹកក្រូចឆ្មារថែមទាំងអាចបំបាត់ឥទ្ធិពលលើរ៉ាឌីកាល់សេរីក្នុងរាងកាយទៀតផង។
 
៣. ខ្ទឹមស
 
អ្នកក៏គួរពិចារណាបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃផងដែរដើម្បីបន្ថយសម្ពាធឈាមឡើងខ្ពស់។ ខ្ទឹមសមានលក្ខណៈសម្បត្តិគ្រប់គ្រងសម្ពាធឈាមនិងអាចសូម្បីតែដោះស្រាយបញ្ហាកម្រិតនៃកូឡេស្តេរ៉ូលឡើងខ្ពស់។ អ្នកអាចទទួលទានខ្ទឹមស ១ ឬ ២កំពឹសជាប្រចាំប្រសិនបើចូលចិត្ត ឬរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ។
 
៤. បង្កើនការទទួលទានអាហារសម្បូរជាតិប៉ូតាស្យូម
 
ប៉ូតាស្យូមអាចជួយបន្ថយឥទ្ធិពលនៃជាតិសូដ្យូមក្នុងប្រព័ន្ធរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមបន្ថែមអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមក្នុងរបបអាហារប្រចាំថ្ងៃ។ មនុស្សពេញវ័យគួរទាញយកប៉ូតាស្យូមឱ្យបានពី ៣៥០០ ទៅ ៤៧០០មីលីក្រាមពីក្នុងអាហារ។
 
៥. បញ្ឈប់ការជក់បារី
 
មិនត្រឹមតែជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសួតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់លើសុខភាពបេះដូងដោយបង្កើនសម្ពាធឈាមផងដែរ។ ការជក់បារីអាចបង្កើនអាត្រានៃចង្វាក់បេះដូងបណ្ដាលឱ្យសសៃឈាមខូចខាតនិងរួមតូច ហើយឈាមងាយនឹងកក។
 
៦. កម្រិតការទទួលទានគ្រឿងស្រវឹង
 
អ្នកមិនគួរទទួលទានគ្រឿងស្រវឹងលើសពី ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនិងច្រើនជាង ១ កែវក្នុងមួយថ្ងៃចំពោះនារីឡើយ។ ការទទួលទានគ្រឿងស្រវឹងលើសកម្រិតអាចជះឥទ្ធិពលគួរឱ្យបារម្ភលើសសៃឈាមបេះដូងដោយវាបង្កើនសម្ពាធឈាម។
 
៧. ចៀសវាងទទួលទានកាហ្វេច្រើនពេក
 
កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចបង្កបញ្ហាសម្ពាធឈាមឡើងខ្ពស់ប្រសិនបើទទួលទានច្រើនពេក។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានលើសពី ៣ ពែងក្នុងមួយថ្ងៃឡើយ។
 
៨. កុំរំលងការធ្វើលំហាត់ប្រាណឱ្យសោះ
 
ការធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នេះមិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាមដែរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com