COVID-19
ជាតិ
ភរិយា កវី ជុំ ប៊ុនធឿន ទទួលមរណភាព​ក្នុង​ជន្មាយុ​៦០​ឆ្នាំ ដោយសារ​កូ​វីដ​-១៩
11, May 2021 , 7:51 pm        
រូបភាព
អ្នកស្រី ប្រាក់ ផល្លី ដែល​ត្រូវជា​ភរិយា​របស់​កវី ជុំ ប៊ុនធឿន (រូបពីលោក ឃុ​ត សុវណ្ណ​សុធា​រ័ត្ន )
អ្នកស្រី ប្រាក់ ផល្លី ដែល​ត្រូវជា​ភរិយា​របស់​កវី ជុំ ប៊ុនធឿន (រូបពីលោក ឃុ​ត សុវណ្ណ​សុធា​រ័ត្ន )
​ភ្នំពេញ​៖ អ្នកស្រី ប្រាក់ ផល្លី ដែល​ត្រូវជា​ភរិយា​របស់​កវី ជុំ ប៊ុនធឿន បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ជន្មាយុ​៦០​ឆ្នាំ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅវេលា​ម៉ោង​៥​កន្លះ​ល្ងាច នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ នេះ​បើតាម​លោក ឃុ​ត សុវណ្ណ​សុធា​រ័ត្ន ដែល​ត្រូវជា​ក្មួយ​។​


 
​លោក ឃុ​ត សុវណ្ណ​សុធា​រ័ត្ន ជា​តារា​សម្ដែង​មួយរូប និង​ត្រូវជា​ក្មួយប្រុស​របស់​អ្នកស្រី ប្រាក់ ផល្លី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ្រូ​ពេ​ទ្រ​បាន​បញ្ជាក់ប្រាប់​គ្រួសារ​នៃ​សព​ថា អ្នកស្រី ប្រាក់ ផល្លី ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ វាយលុក​សួត​។​
 
​ពាក់ព័ន្ធ​នឹង​មរណភាព​នេះ លោក សុវណ្ណ​សុធា​រ័ត្ន ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នកស្រី ប្រាក់ ផល្លី ដែល​ត្រូវជា​គ្រូបង្រៀន​នោះ បាន​រកឃើញថា មាន​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​អំឡុង​ខែមីនា​កន្លងទៅ​។ ក្រោយពី​ព្យាបាល​បាន​មួយរយៈ អ្នកស្រី​ក៏បាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
 
​ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែ​អ្នកស្រី ប្រាក់ ផល្លី ជាប់​មាន​ជំងឺ​សួត​ប្រចាំកាយ តាំងពី​មិនទាន់មាន​ផ្ទុក​កូ​វីដ​-១៩ ទើបបានជា​ក្រោយ​ការព្យាបាល​ជាសះស្បើយ ក៏​ស្ថានភាព​ជំងឺ​សួត​របស់​អ្នកស្រី​នៅតែ​វិ​វ​ត្តិ​ទៅមុខ ដោយ​បូក​រួមទាំង​ជំងឺ​បំពង់ក​ផង ទើប​ធ្វើឱ្យ​អ្នកស្រី​ទទួលមរណភាព​តែម្ដង​។​
 
«​គាត់​តេស​ឃើញ​មាន​កូ​វីដ​-១៩ ប្រហែល​ថ្ងៃទី​២២​ឬ​២៣​ខែមីនា​។ ក្រោយ​ព្យាបាល​បាន​ប្រហែល​២០​ថ្ងៃ គាត់​ក៏បាន​តេស​អវិជ្ជមាន​កូ​វីដ​វិញ​។ ទោះ​តែ​ជា​កូ​វីដ​ក៏ដោយ ក៏​ជំងឺ​សួត​របស់គាត់ វិ​វ​ត្តទៅមុខ ហើយ​យើង​ព្យាយាម​ព្យាបា​ន​សួត​គាត់​បាន​ធូរស្រាល​ហើយ បែរជា​គាត់​មាន​បញ្ហា​នៅ​បំពង់ក​ថែមទៀត​។ ពេទ្យ​គាត់​បញ្ជាក់ថា​មីង​ស្លាប់​ដោយសារ​កូ​វិដ​-១៩»​។​
 
​សូមបញ្ជាក់ថា អ្នកស្រី ប្រាក់ ផល្លី គឺជា​ភរិយា​របស់​កវី ជុំ ប៊ុនធឿន ហើយ​អ្នកស្រី​មានកូន​ស្រី​២​នាក់​។ ស្វាមី​របស់​អ្នកស្រី គឺ​លោក ជុំ ប៊ុនធឿន ដែលជា​កវីនិពន្ធ​បទ​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០០៧ ដោយសារ​ជំងឺមហារីក​បំពង់ក​។ ចំណែក​កូនស្រី​ច្បង​របស់​អ្នកស្រី បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០០៨ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពោល​នៅក្រោយ​មរណភាព​របស់​ឪពុក​មួយឆ្នាំ​។ បច្ចុប្បន្ន គ្រួសារ​របស់​កវី ជុំ ប៊ុនធឿន គឺ​នៅសល់តែ​កូនស្រី​ពៅ​តែ​ម្នាក់​តែប៉ុណ្ណោះ ដោយ​រស់ក្នុង​ជីវភាព​ខ្វះខាត​៕ 
 
 

Tag:
 ជុំ ប៊ុនធឿន​
  មរណភាព​
  កូ​វីដ​-១៩
 
© រក្សាសិទ្ធិដោយ thmeythmey.com